រាជរដ្ឋាភិបាល​អនុម័ត​គម្រោង​សាងសង់​រោងចក្រ​ផលិត​ឋា​ម​ពល​អគ្គិសនី​ចំនួន​២ មានតម្លៃ​ជាង ១.៣០០​លាន​ដុល្លា​រ

1297
ចែករម្លែក
  • 112
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ក៏បាន​អនុម័ត​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​៧០០ ម៉េ​ហ្គា​វ៉ា​ត់​តាម​ប្រព័ន្ធ​(BOO)​សាងសង់ ធ្វើ​ម្ចាស់ អាជីវកម្ម មានតម្លៃ​វិនិ​យោគ​​សរុប ជាង​១.២៩០ លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល​សម្បទាន​អាជីវកម្ម ៣៥​ឆ្នាំ​និង​ទី​២.​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គីសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០​ម៉េ​ហ្គា​វ៉ា​ត់​តាម​ប្រព័ន្ធ​(BOO)​មានតម្លៃ​វិនិយោគ​សរុប​ជាង​៥៨​ដុល្លារ​សម្រាប់​រយៈពេល​សម្បទាន​ធ្វើ​អាជីវកម្ម​២០​ឆ្នាំ​។​

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រូវបាន​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា នេះ នៅ​វិមាន​សន្តិភាព ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ដើម្បី​កាត់បន្ថយ​អ​តុល្យ ភាព​នៃ​ប្រភព​ផ្គត់ផ្គង់​ថាមពល​ពី​វា​រី​អគ្គិសនី​នៅ​រដូវវស្សា​និង​នៅ​រដូវប្រាំង​និង​ដើម្បី​បំពេញបាន​ទៅនឹង​សេចក្តីត្រូវការ​ប្រើប្រាស់​ស្របតាម​កំណើន​នៃ​ការរីកចម្រើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង កំណើនសេដ្ឋកិច្ច​ជាតិ​ចាំបាច់​ត្រូវ​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ស្អាត​នេះ​ឡើង​ដោយ​អនុលោម​តាម​កម្រិត​បច្ចេក ទេស​ទំនើប​ជៀសវាង​ផលប៉ះពាល់​ជា​អវិជ្ជមាន​លើ​បរិស្ថាន​។​

​ដោយឡែក​គម្រោង​វិនិយោគ​អភិវឌ្ឍ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ គឺជា​ប្រភេទ​ថាមពល​កកើតឡើង​វិញ​ពី​ធម្មជាតិ​មួយ​ដែល​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង បណ្តា​ប្រ ទេស​លើ​ពិភពលោក​គាំទ្រ​យ៉ាងខ្លាំង​និង​ជំរុញ​លើកទឹកចិត្ត​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ធ្វើការ​វិនិយោគ​នូវ​ថាមពល​កកើតឡើង​វិញ​នេះ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។​

​ការអភិវឌ្ឍ​ថាមពល​អគ្គិសនី​ពី​គ្រប់​ប្រភព​គឺ​ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​និង​បង្កើត សុខដុម​នី​យ​ភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ការអភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​បន្តទៀត​ដើម្បី​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន​ពីរ​គឺ​ទី​១-​ដល់​ឆ្នាំ​២០២០​ភូមិ​ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នឹងមាន​អគ្គិសនី​ប្រើប្រាស់​ពី ប្រភព​អគ្គិសនី​ផ្សេងៗ និង​ទី​២-​ដល់​ឆ្នាំ​២០៣០​យ៉ាងហោច​៩០​ភាគរយ​នៃ​គ្រួសារ​ទាំងអស់​នៅ​ទូទាំង ប្រទេស នឹងមាន​អគ្គិសនី ដែលមាន​គុណ​ភាព​ដូច​អគ្គិសនី​ពី​ខ្សែបណ្តាញ​ជាតិ​ប្រើប្រាស់​។

​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​សាងសង់​រួចហើយ​បានផ្តល់​លទ្ធភាព​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា អាចធ្វើ​ការផ្គត់​ផ្គង់​អគ្គិសនី​ឱ្យ​ភូមិ​ចំនួន​១១.៥៥៨​ភូមិ​ត្រូវជា​៨១,៥៨%​នៃ​ចំនួន​ភូមិ​សរុប​របស់​ប្រទេស​កម្ពុជា​រួចហើយ ។

​បច្ចុប្បន្ន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​គ្រប់​ប្រភេទ​ខាងលើ​កំពុងតែ​ដំណើរការ​ទៅ​យ៉ាងសកម្ម ឈាន​ទៅ​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់​ភូមិ​ទាំងអស់​ទូទាំងប្រទេស​៕​មន​

#