ដោយ: ម៉េងឆៃ/ភ្នំពេញ: ក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋខ្មែរឲ្យបាន កាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័សរាជរដ្ឋាភិបាលបានសម្រេចដាក់ឲ្យដំណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្តចំនួនបី ទៀត គឺខេត្តបាត់ដំបង ,ខេត្តបន្ទាយមានជ័យនិងខេត្តកោះកុង។ក្នុងនោះរាជរដ្ឋាភិបាល ក៏បានសម្រេចកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីដែលនឹងចាប់ផ្តើមដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នេះ។
ការកែប្រែរយៈពេលអតិបរមានៃការផ្តល់លិខិតឆ្លងដែនគំរូថ្មី ត្រូវបានធ្វើឡើងតាមរយៈប្រកាសអន្តរ ក្រសួងដែលចុះ ហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៨។
បន្ថែមលើសពីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ជម្រាបដល់សាធារណជន អំពីការកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ដែលនឹងចាប់ផ្តើមដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨តទៅ។ក្នុងនោះរាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឲ្យដំណើរការសាខាផ្តល់លិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្តចំនួន បី ទៀត គឺនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង សាខាលិខិតឆ្លងដែន ប្រចាំខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ប្រចាំខេត្តកោះកុង។
ប្រកាសអន្តរក្រសួងនិងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានលើកបង្ហាញពីការកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី រួមមាន៖ ទី១-សេវាឆាប់រហ័ស រយៈពេលមួយថ្ងៃនៃថ្ងៃធ្វើការងារ សម្រាប់ការផ្តល់សេវានៅរាជធានីភ្នំពេញ លើកលែងតែនៅតាមបណ្តាសាខាលិខិតឆ្លងដែនប្រចាំខេត្តគឺមានរយៈ ពេល បី ថ្ងៃ នៃថ្ងៃធ្វើការងារ។ ទី-សេវាឆាប់រហ័សកម្រិតមធ្យមប្តូរពីរយៈពេល១០ថ្ងៃមកត្រឹមប្រាំពីរថ្ងៃនៃ ថ្ងៃធ្វើការងារ និងទី៣-សេវាធម្មតា ប្តូរពីរយៈពេល ២០ ថ្ងៃ មកត្រឹម ១៥ ថ្ងៃ នៃថ្ងៃធ្វើការងារ។
សម្រាប់តម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនមិនត្រូវបានកែប្រែទេពោលគឺមានតម្លៃដដែលស្របតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដែលមាន ២ ប្រភេទ រួមមាន៖ ការផ្តល់លិខិតឆ្លងដែនគំរូថ្មី សម្រាប់មនុស្សចាស់ ៦៤ ទំព័រ រាប់ចាប់ពីអាយុ ៦ឆ្នាំឡើង គឺសេវាធម្មតា ថ្លៃ ១០០ ដុល្លារ រយៈពេលអតិបរមា សម្រាប់ផ្តល់សេវា ចំនួន ១៥ ថ្ងៃ នៃថ្ងៃធ្វើការងារ ដោយមានសុពលភាព ១០ឆ្នាំ។ សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០ ដុល្លារ រយៈពេលអតិបរមា សម្រាប់ផ្តល់សេវា ចំនួន ៧ ថ្ងៃ នៃថ្ងៃធ្វើការងារ ដោយមានសុពលភាព ១០ឆ្នាំ និងសេវាឆាប់រហ័ស តម្លៃ ២០០ ដុល្លារ រយៈពេលអតិបរមា សម្រាប់ផ្តល់សេវា ចំនួន ១ ថ្ងៃ នៃថ្ងៃធ្វើការងារ ដោយមានសុពលភាព ១០ឆ្នាំ។ ចំណែកការផ្តល់លិខិតឆ្លងដែនគំរូថ្មី សម្រាប់កូនក្មេង ៤៨ ទំព័រ រាប់ចាប់ពីអាយុ ០ ឆ្នាំ ដល់អាយុ ៥ឆ្នាំ គឺសេវាធម្មតា តម្លៃ ៨០ ដុល្លារ រយៈពេលអតិបរមា សម្រាប់ផ្តល់សេវា ចំនួន ១៥ ថ្ងៃ នៃថ្ងៃធ្វើការងារ ដោយមានសុពលភាព ៥ឆ្នាំ។ សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០ ដុល្លារ រយៈពេលអតិបរមា សម្រាប់ផ្តល់សេវា ចំនួន ៧ ថ្ងៃ នៃថ្ងៃធ្វើការងារ ដោយមានសុពលភាព ១០ឆ្នាំ និងសេវាឆាប់រហ័ស តម្លៃ ១៦០ ដុល្លារ រយៈពេលអតិបរមា សម្រាប់ផ្តល់សេវា ចំនួន ១ ថ្ងៃ នៃថ្ងៃធ្វើការងារ ដោយមានសុពលភាព ៥ឆ្នាំ។
សូមរម្លឹកថា សព្វថ្ងៃនេះ កន្លែងផ្តល់សេវា ធ្វើលិខិតឆ្លងដែន មានតែមួយកន្លែងប៉ុណ្ណោះ គឺនៅនាយកដ្ឋានលិខិតឆ្លង ដែន ដែលស្តិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក៏ប៉ុន្តែចាប់ពីថ្ងៃទី៦ ខែឧសភាតទៅ រាជរដ្ឋាភិបាល បានសម្រេចដាក់ឲ្យដំណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្ត ៣ ទៀត គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកោះកុង៕មន