រាជរដ្ឋាភិបាល ប្រើ​វិធានការ​បង្កក​ទ្រព្យសម្បត្តិ និង​ចារ​ឈ្មោះ​ឈ្មួញ​ឈើ​លើ​ផ្ទាំង​ថ្ម បន្ថែម​លើ​ការផ្តន្ទាទោស និង​ផាកពិន័យ

467
ចែករម្លែក
.​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​កន្លងទៅ​(​រូប​ឯកសារ​)

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: រាជរដ្ឋាភិបាល តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេច​ប្រើ​វិធានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្តន្ទាទោស និង​ពិន័យ​ជា​ប្រាក់​។ បន្ថែម​លើ​នោះ ឈ្មោះ​ជនល្មើស​ពាក់ព័ន្ធ​នឹង​ព្រៃឈើ ក៏ត្រូវ​ចារ​លើ​ផ្ទាំង​ថ្ម ដាក់​តាំងនៅ​កន្លែង​ប្រព្រឹត្តិ​បទល្មើស​ផងដែរ​។ ការសម្រេច​ដូច្នេះ បានធ្វើ​ឡើង​តាម​ចំណារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។​


​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ជូន​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បង្ហាញថា រាជរដ្ឋាភិបាល បានឃើញ និង​ឯកភាព​លើ​របាយការណ៍ ស្តីពី លទ្ធផល​នៃ​ការត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូចខាងក្រោម​៖
១-​មោឃភាព ឬ​លុបចោល​នូវ​លិខិតបើកផ្លូវ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ចេញពី​ដី​សម្បទាន “LP” និង​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ “PC” ទាំងអស់ ដែល​ចេញ​នាពេល​កន្លងទៅ ដើម្បី​រៀបចំ​ចេញ​លិខិតអនុញ្ញាត​សាជាថ្មី ងាយស្រួល​គ្រប់គ្រង​។​
២-​ឲ្យ​ក្រសួង ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ មោឃភាព និង​ដកហូត​សិទ្ធិ​ពី​ក្រុមហ៊ុន ដែល​មិន​គោរព​ច្បាប់ មិន​គោរព​កិច្ចសន្យា មិន​គោរព​កិច្ចព្រមព្រៀង​។​
៣-​អនុញ្ញាត​ប្រមូល​វត្ថុតាង មធ្យោបាយ​នៃ​បទល្មើស ដែល​បាន​កម្ទេចចោល យកមក​រក្សាទុក​ផ្តុំ​កន្លែង​មួយ​កំណត់ ដើម្បី​ទុកជា​ភស្តុតាង​សម្រាប់​បម្រើ​តុលាការ​។​
៤-​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្តន្ទាទោស និង​ពិន័យ​ជា​ប្រាក់​។​
៥-​ឃោសនា អប់រំ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ក្នុង​កិច្ចការពារ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បង្ការ​ទប់ស្កាត់​ការ​ប្រ​ព្រឹត្តិបទល្មើស​ព្រៃឈើ ចារឹក​ឈ្មោះ​ឧក្រិដ្ឋជន​នៅលើ​ផ្ទាំងសិលា ដាក់​តាំងនៅ​កន្លែង​គំនរ​រថយន្ត ដែលជា​មធ្យោបាយ​បំផ្លាញ​ព្រៃឈើ​។​
​ ​ក្នុង​លិខិត​ដដែល ក៏បាន​សម្រេច​ប្រគល់ជូន​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំ​ការប្រជុំ ដើម្បី​កំណត់​ទីតាំង និង​ចំនួន​រោង​សន្និធិ​ផល អនុផល​ព្រៃឈើ ដែលមាន​ប្រភពពី​ដី​សម្បទាន​ក្រោមរូបភាព​ជា “​ច្រកចេញចូល​តែមួយ​” ដើម្បី​ឲ្យ​ប្រជាជនមាន​ឈើ​ប្រើប្រាស់​ដោយ​មិន​ធ្វើការ​ដឹកជញ្ជូន​ឆ្ងាយ​ពេក​។​
​ ​សូម​រម្លឹកថា ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​ខែកក្កដា និង​ខែសីហា ថ្មីៗ​នេះ នៅ​ខេត្តមណ្ឌលគិរី និង​នៅ​ខេត្តក្រចេះ មាន​ឧកញ៉ា ២​នាក់ គឺ​ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា គង់ ក្រឹ​ង រួមទាំង​ឈ្មួញ​ឈើ​ជាច្រើន​ទៀត ត្រូវបាន​ចាប់ឃុំខ្លួន ពាក់ព័ន្ធ​បទល្មើស​ឈើ​៕SRN