រាជវាំង​ថៃ​បញ្ចេញ​រូបថត​របស់​ព្រះ​ជាយា​ទើប​តែងតាំង​ថ្មីថ្មោង​

595
ចែករម្លែក

រូបថត​ដ៏​កម្រ​នៃ​ព្រះ​ជាយា​ទើប​តែងតាំង​ថ្មីថ្មោង​របស់​ស្តេច​ថៃ​ត្រូវបាន​ចេញផ្សាយ​ដោយ​រាជវាំង​ថៃ ដោយ​ធ្វើឱ្យ​គាំង​វេ​ប​សាយ ព្រោះតែ​មនុស្ស​នាំគ្នា​ចុច​មើល​ច្រើនពេក​។​

​រូបភាព​ទាំងនោះ​បង្ហាញ ព្រះ​ជាយា ស៊ី​នី​ណាត វង់​វីរៈ​ភក្តី ព្រះជន្ម ៣៤ វស្សា បើកបរ​យន្ដហោះ​ចម្បាំង គ្រង​ឯកសណ្ឋាន​ប្រយុទ្ធ និង​តម្រង់​អាវុធ​ទៅរក​កន្លែង​បាញ់​។​

​ព្រះ​ជាយា​គឺជា​ឋានៈ​ដែល​បាន​ប្រទាន​ឱ្យ​ដោយ​ព្រះមហាក្សត្រ​ដល់​ប្តី​ឬ​ប្រពន្ធ​ឬ​ដៃគូ​របស់​ទ្រង់​។​

​ព្រះមហាក្សត្រ មហា វិ​ជ្ជ​រ៉ា​ឡុងកន ព្រះជន្ម ៦៧ វស្សា​បាន​ប្រទាន​ឋានៈ​ព្រះ​ជាយា​ដល់ ស៊ី​នី​ណាត វង់​វីរៈ​ភក្តី កាលពី​ខែកក្កដា គឺ​ពីរ​ខែ​បន្ទាប់ពី​ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​ព្រះមហា​ក្សត្រិយានី​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍​ថា ព្រះ​ជាយា​ស៊ី​នី​ណាត​គឺជា​ស្ត្រី​ទីមួយ​ដែល​កាន់តំណែង​បែបនេះ​ក្នុង​រយៈពេល​ជិត​មួយ​សតវត្សរ៍​។​

​វេ​ប​សាយ ដែល​បង្ហោះ​រូបថត​ទាំងនេះ បាន​គាំង បន្ទាប់ពី​ទទួលបាន​ចំនួន​អ្នក​ចុច​មើល​ខ្ពស់​ពេក​។ នេះ​យោងទៅតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។​

​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះ​ជាយា​ក៏​ត្រូវបាន​បោះពុម្ពផ្សាយ​អម​ជាមួយ​រូបភាព​ទាំងនោះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស