រាប់ពាន់​នាក់​ជាប់​ខ្លួន​និង​៥​នាក់​ស្លាប់​ក្នុង​ជំនន់​ទឹកភ្លៀង​នៅ​ចិន​ខាងត្បូង​

255
ចែករម្លែក

មនុស្ស​រាប់ពាន់​នាក់​ជាប់​ក្នុង​ទឹកជំនន់​និង​យ៉ាងតិច​៥​នាក់​ត្រូវបាន​សម្លាប់​ ចំ​ពេល​មាន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​ចិន​ភាគ​កណ្តាល​និង​ខាងត្បូង នេះ​បើ​តាម​របាយ​​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​១១​ឧសភា​។​

​កាសែត​China Daily បាន​និយាយថា ទឹកជំនន់​បាន​បំផ្លាញ​ផលដំណាំ​១០.៨០០​ហិចកតា និង​បំផ្លាញ​ផ្ទះ​រាប់ពាន់​នៅក្នុង​ខេត្ត​ជាំ​ង​ស៊ី គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​ដោយ​មនុស្ស​សរុប​១,៤​លាន​នាក់​រង​ផលប៉ះពាល់ ហើយ​ការខូចខាត​សេដ្ឋកិច្ច​ផ្ទាល់​ប្រមាណ​២,៦៥​ពាន់​លាន​យ័ន​។​

China Daily បានឲ្យដឹងថា នៅ​តំបន់​ហ្កាងស៊ី នៅ​ប៉ែក​និរតី ផ្ទះ​ប្រមាណ​២​ម៉ឺន​បាន​ដាច់​ចរន្តអគ្គិសនី ហើយ​ផ្លូវ​ធ្វើដំណើរ ស្ពាន​និង​ហេដ្ឋារចនាសម្ពន្ធ​ផ្សេងៗ​រង​ការខូចខាត​​ធ្ងន់ធ្ងរ​។​

​ការ​ធ្លាក់ភ្លៀង​នៅ​ជាំ​ង​ស៊ី​មាន​កម្រិត​ខ្លាំង​រហូត​ដល់​កម្ពស់​៦៨៨​មិល្លីម៉ែត្រ​។​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ក៏​ត្រូវបាន​គេ​រាយការណ៍​មក​ថា​មាន​នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត​ហ៊ូ​ណាន​ផងដែរ​ ហើយ​ព្យុះ​​ភ្លៀង​អាច​កើតមាន​នៅ​ខេត្ត ក្វាង​ទុង ហ្វ៊ុយ​ជាំង យុន​ណាន ស៊ី​ឈ័ន និង​កោះ​តៃវ៉ាន់​នៅ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋបាល​ឧតុនិយម​ក៏​បាន​ព្រមាន​អាជ្ញាធរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​អំពី​ព្យុះភ្លៀង រន្ទះ​និង​ទឹក​ពេញ​ហៀរ​ច្រាំង​ទន្លេតូចៗ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕​ដោយ​៖​វាសនា​/Ha

ជំនន់​នៅ​តំបន់​ហ្កាងស៊ី ដែល​បណ្តាលអោយ​ដាច់​ចរន្ត​អគ្គិសនី ដាច់​ផ្លូវ​និង​ស្ពាន​