រាប់រយនាក់របួសក្នុងការប៉ះទង្គិចនៅលីបង់

88
ចែករម្លែក

ប៉ូលិសប្រឆាំងកុបកម្មលីបង់បានបំបែកក្រុមអ្នកតវ៉ាដែលគប់ដុំថ្ម ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកនៅរដ្ឋធានីលីបង់កាលពីថ្ងៃអាទិត្យទី១៩មករា ខណៈភ្លៀងធ្លាក់ខ្លាំងបានបិទបញ្ចប់ចុងសប្តាហ៍នៃអំពើហិង្សាដ៏កម្រ ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់រងរបួស។

ក្រុមគ្រូពេទ្យបាននិយាយថាមនុស្ស ១៤៥ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់ដែលនាំឱ្យចំនួនអ្នករបួសឡើងដល់ទៅជាង ៥៣០ នាក់ក្នុងរយៈពេលពីរថ្ងៃ។

ពពកក្រាស់នៃឧស្ម័នបង្ហូរទឹកភ្នែកបានគ្របដណ្តប់ពេញកណ្តាលក្រុងបៃរូតខណៈប៉ូលិសបានរុញក្រុមអ្នកតវ៉ាចេញពីផ្លូវតូចមួយក្បែររដ្ឋសភា បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនម៉ោង មុនពេលភ្លៀងខ្លាំងបានបំបែកមនុស្សភាគច្រើនចេញពីដងផ្លូវ។

ការតវ៉ាមិនធ្លាប់មានពីមុនមកនេះបានធ្វើឱ្យរញ្ជួយប្រទេសចាប់តាំងពីថ្ងៃទី ១៧ ខែតុលា ដោយពលរដ្ឋមកពីគ្រប់សាសនាបានទាមទារឱ្យបណ្តេញវណ្ណៈនយោបាយមួយ ដែលគេមើលឃើញថា អសមត្ថភាព ពុករលួយ និង ទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចដែលកាន់តែផុងជ្រៅទៅ។

សម្រាប់រយៈពេល ២ យប់ជាប់ៗគ្នាមកនេះមនុស្សរាប់សិបនាក់បានចាប់ផ្តើមគប់ដុំថ្មដាក់ប៉ូលិសនៅពីក្រោយរនាំងដែកដែលបិទផ្លូវទៅកាន់សភា ដោយស្រែកថា “បដិវត្តន៍ បដិវត្តន៍”។

អ្នកយកព័ត៌មាន AFP ម្នាក់បាននិយាយថាកងកម្លាំងប្រឆាំងកុបកម្មបានឆ្លើយតបដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និង បន្ទាប់មក ឧស្ម័នបង្ហូរទឹកភ្នែកក្រាស់ៗ ដែលបានរុញច្រានក្រុមបាតុករត្រឡប់ទៅទីលានធំវិញ។

កាកបាទក្រហមនិយាយថា មនុស្សជាង ១៤៥ នាក់បានរងរបួសក្នុងនោះមាន ៤៥ នាក់ត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) របស់រដ្ឋបាននិយាយថាអ្នកកាសែតពីរនាក់បានត្រូវគ្រាប់កាំភ្លើងជ័រ ក្នុងនោះមានម្នាក់ជាអ្នកថតរូបមកពីប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Al-Jadeed ។

NNA បានរាយការណ៍ថាលោកប្រធានាធិបតី មីឆែល អោន (Michel Aoun) បានកោះប្រជុំសន្តិសុខនៅថ្ងៃចន្ទនេះជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិដើម្បីពិភាក្សាអំពីវិបត្តិនេះ។

ប៉ុន្តែអ្នកតវ៉ាអាយុ ៣៤ ឆ្នាំឈ្មោះថា ម៉ាហ្សេន និយាយថា គាត់និងអ្នកដទៃទៀតបានបាត់បង់ក្តីសង្ឃឹមលើអ្នកនយោបាយ។

លោកបាននិយាយថា “បន្ទាប់ពីបដិវត្តន៍រយៈពេល ៣ ខែ ពួកគេបានបង្ហាញយើងថា ពួកគេមិនផ្លាស់ប្តូរ មិនស្តាប់ និងមិនមានអ្វីត្រូវផ្តល់ឱ្យនោះទេ”៕ ដោយ៖ កញ្ញាដាលីស