រាប់រយ​នាក់​ជួបជុំ​នៅក្រៅ​តុលាការ​ហុងកុង នៅពេល​មនុស្ស​៤៤​នាក់​ប្រឈម​ការចោទប្រកាន់​ (វីដេអូ)

377
ចែករម្លែក

​មនុស្ស​រាប់រយ​នាក់​បាន​ជួបជុំគ្នា​នៅ​ក្រៅ​តុលាការ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ​ទី​៣១​កក្កដា​កន្លែង​ដែល​ជនជាប់ចោទ​៤៤​នាក់​ពី​បទ​ប្រព្រឹត្ត​កុបកម្ម​ក្នុង​ការតវ៉ា​ប្រឆាំង​​កាលពី​ចុង​សប្តាហ៍​ត្រូវ​នាំ​ឡើង​តុលាការ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ប៉ូលិស​និង​អ្នក​ប្រឆាំង​តវ៉ា​ប៉ះទង្គិច​គ្នា​នៅក្រៅ​ស្ថានីយ​ប៉ូលិស​ចំនួន​ពីរ​។​

​មនុស្ស​៤៤​នាក់​នេះ ជា​ក្រុម​ដំបូង​ដែល​ត្រូវ​ចោទប្រកាន់​ពី​បទល្មើស​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ទីក្រុង​ហុងកុង​ចាប់តាំងពី​ការតវ៉ា​ប្រឆាំង​អំពី​ច្បាប់​បត្យាប័ន​បាន​ចាប់​​ផ្តើម​កាលពី​ខែ​ឧសភា​។​កុបកម្ម​អាច​ជាប់គុក​១០​ឆ្នាំ បើសិនជា​ត្រូវ​រក​ឃើញ​ថា​មានទោស​។​

​កាលពី​ថ្ងៃអាទិត្យ បណ្តា​ដង​វិថី​ពោរពេញ​ដោយ​ផ្សែង​ឧស្ម័ន​ហៀរ​ទឹកភ្នែក បន្ទាប់ពី​ប៉ូលិស​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ​អ្នក​តវ៉ា​ប្រឆាំង​ដែល​បាន​រាល​ចូល​សង្កាត់​ជាច្រើន រួម​មាន​សង្កាត់​​នៅជាប់​នឹង​ការិយាល័យ​ទំនាក់ទំនង​ចិន​ប្រចាំ​ហុងកុង​។​

​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា គេ​បាន​ចាប់ខ្លួន​មនុស្ស​៤៩​នាក់ កាលពី​ថ្ងៃ​២៨​កក្កដា រួម​មាន​បុរស​៣២​នាក់​និង​ស្ត្រី​១៧​នាក់ ។​នៅ​យប់​ថ្ងៃ​អង្គារ មនុស្ស​រាប់រយ​នាក់​បាន​​ឡោម​ព័ទ្ធ​ស្ថានីយ​ប៉ូលិស​ពីរ នៅ​ប៉ែក​ខាងជើង​ទីក្រុង ដោយ​ប៉ូលិស​ប៉ះទង្គិច​ជាមួយ​អ្នកប្រឆាំង​តវ៉ា​នៅ​ក្រៅ​អាគារ​ឃុំ​អ្នក​ប្រឆាំង​តវ៉ា តែ​ប៉ូលិស​បាន​ចេញ​មក​បង្ក្រាប​។​

​ប៉ូលិស​បាន​អោយដឹងថា ការស៊ើបអង្កេត​មួយ​កំពុង​ធ្វើ​ឡើង​និង​មិន​ច្រាន​ចោល​លទ្ធភាព​នៃ​ការចាប់ខ្លួន​មនុស្ស​បន្ថែម​ទេ​។​

​សូមបញ្ជាក់​ថា ហុងកុង​ជួប​ការតវ៉ា​ប្រឆាំង​មហាជន​អស់​៨​សប្តាហ៍​ជាប់​គ្នា ដោយ​ខ្លះ​ប​ញ្ប់​ដោយ​អំពើ​ហិង្សា​៕​

.ការ​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​ស្ថាន​នី​យ​ប៉ូលិស​កាលពី​យប់​ថ្ងៃ​អង្គារ​

​ប៉ូលិស​នៅ​ទីក្រុង​ហុងកុង​បាន​បាញ់​ម្សៅ​ម្រេច​និង​ប្រើ​ដំបង​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​៣០​ខែ​កក្កដា​ដើម្បី​ព្យាយាម​បំបែក​ក្រុមអ្នកតវ៉ា​ដែល​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​នៅ​ខាងក្រៅ​ស្ថានីយ​ប៉ូលិស​។​

​ក្រុម​បាតុករ​ប្រមាណ​ជា ២០០​នាក់​បាន​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​ស្ថានីយ​ប៉ូលីស​Kwai Chung​ជាមួយ​ប៉ូលិស​ប្រឆាំង​កុបកម្ម​បន្ទាប់​ពី​ប្រមូលផ្តុំ​នៅ​ទីនោះ​ដើម្បី​អំពាវនាវ​​ឱ្យមាន​ការដោះលែង​មិត្ត​រួម​តវ៉ា​របស់​ពួកគេ ដែល​ភាគច្រើន​ត្រូវបាន​ចាប់ឃុំខ្លួន​នៅឯ​ស្ថានីយ​នេះ​បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពី​ធ្វើ​បទ​កុបកម្ម​ចំពោះ​ការតវ៉ា​ហិង្សា កាលពី​ថ្ងៃអាទិត្យ​។​

​ក្រុមអ្នកតវ៉ា​ខ្លះ​បាន​តម្រង់​ភ្លើង​កាំរស្មីឡាស៊ែរ​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស​នោះ​ក្នុងអំឡុងពេល​មានការ​ប៉ះទង្គិច​គ្នា​នោះ​។​

​ក្រោយមក​ប៉ូលិស​បាន​ដកថយ​ទៅ​ខាង​ក្នុង​វិញ ទោះបី​អ្នក​តវ៉ា​ខ្លះ​នៅតែ​បន្ត​ធ្វើ​ការតវ៉ា​នៅក្បែរៗ​នោះ​ក៏​ដោយ​។​

​កាលពី​ថ្ងៃ​អង្គារ​ប៉ូលិស​ក្រុង​ហុងកុង​បាន​ចោទប្រកាន់​មនុស្ស​៤៤​នាក់​ពី​បទ​ធ្វើ​កុបកម្ម​បន្ទាប់​ពី​ការតវ៉ា​បាន​ក្លាយជា​ភាពច្របូកច្របល់​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​ខែកក្កដា​នៅក្នុង​អ្វី​ដែល​នឹង​ក្លាយ​ជា​ក្រុមអ្នកតវ៉ា​ទី​មួយ​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទល្មើស​មួយ​ក្នុងចំណោម​បទល្មើស​សណ្តាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ​បំផុត​នៅ​ទីក្រុង​នេះ​។​

​ដោយឡែក​បុរស​អាយុ​២៤​ឆ្នាំ​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពី​បទ​មាន​អាវុធ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​។​

​ក្នុងចំណោម​មនុស្ស​៤៤​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ធ្វើ​កុបកម្ម​នេះ មាន​បុរស​ម្នាក់​អាយុ​៣៣​ឆ្នាំ​ក៏​អាច​នឹង​ប្រឈម​ករណី​ចោទប្រកាន់​ពី​បទ​វាយប្រហារ​លើ​ប៉ូលិស​ផងដែរ​។​

​មនុស្ស​២​នាក់ ត្រូវបាន​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ថែមទៀត ខណៈ​ដែល​២​នាក់​ផ្សេង​ទៀត​ត្រូវបាន​ដោះលែង​ជា​បណ្តោះអាសន្ន​។

​ពួក​អ្នក​ដែល​ប្រឈម​ការចោទប្រកាន់​ទាំងនេះ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៣១​ខែកក្កដា​នេះ​។​

​មានការ​តវ៉ា​ខ្លាំង​ដោយ​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល​៧​សប្តាហ៍​ជាប់​គ្នា​នៅ​ក្រុង​ហុងកុង ដោយ​ពេល​ខ្លះ​ការតវ៉ា​មាន​អំពើ​ហិង្សា​។ ការតវ៉ា​ទាំងនេះ បាន​បង្កឡើង​ដោយសារ​តែ​​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស ដែល​អាច​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ជនសង្ស័យ​ណា​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​នៅ​ទីក្រុង​នេះ ទៅ​ប្រទេស​ចិនដីគោក​ដើម្បី​កាត់ទោស​៕ ដោយ​៖​វាសនា​ /សុខា

ក្រុម​អាជ្ញាធរ បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​៤៩​នាក់​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​

#