រាប់លាន​នាក់​ប្រឈម​នឹង​ការជាប់គុក​ដោយសា​រកា​រ​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍​នៅ​ឥណ្ឌូនេស៊ី​

476
ចែករម្លែក

​ប្រទេស​ឥណ្ឌូនេស៊ី​ត្រៀម​នឹង​អនុម័ត​ច្បាប់​ថ្មី​មួយ​ដែល​នឹង​ដាក់​នៅ​ក្រៅច្បាប់​ចំពោះ​ការ​រួមភេទ​នៅក្រៅ​ចំណងអាពាហ៍ពិពាហ៍ ការ​ពន្លូតកូន ការប្រមាថ​មើលងាយ​ដល់​សេច​​ក្តី​ថ្លៃថ្នូ​ររបស់​ប្រធានាធិបតី ជា​ចំណាត់ការ​មួយ​ដែល​ក្រុម​អង្គការ​សិទ្ធិមនុស្ស បាន​រិះគន់​ថា​ជា​ការរំលោភ​លើ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​។​

​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដែល​នឹង​ឃើញ​អ្នក​ដែល​រួម​ភេទ​លួចលាក់​ផិតក្បត់​ប្រឈម​នឹង​ការផ្តន្ទាទោស​ឱ្យ​ជាប់គុក​រហូតដល់​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ជាង​៧០០​ដុល្លារ​នេះ​កើតឡើង​ចំ​​ពេល​មាន​និន្នាការ​ថ្មីៗ​ទាក់ទង​នឹង​ជំនឿ​សាសនា​ខ្លាំង​ឡើង​និង​សកម្មភាព​អភិរក្ស​សាសនា​អ៊ីស្លាម​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​​នេះ​។​

​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឱ្យ​សភា​ឥណ្ឌូនេស៊ី​ពិនិត្យមើល​ចំណាត់ការ​នេះ​ឡើង​វិញ​ដែល​ពួកគេ​និយាយ​ថា​នឹង​រំលោភ​លើ​សិទ្ធិ​របស់​ស្ត្រី ជំនឿ​សាសនា​របស់​ជនជាតិ​ភាគ​​តិច និង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​និង សេរីភាព​ក្នុង​ការបញ្ចេញមតិ​។​

​សភា​និង​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ព្រមព្រៀង​លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​ច្បាប់​នេះ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា ហើយ​សភា​ត្រូវបាន​រំពឹងថា​នឹង​បោះឆ្នោត​គាំទ្រ​ច្បាប់​នេះ​នៅ​​ខែក្រោយ​។​

​ច្បាប់​នេះ​ក៏​នឹង​អនុវត្ត​ផង​ដែរ​ចំពោះ​ជន​បរទេស​ដែល​មក​លេង​ប្រទេស​ដែល​មាន​ប្រជាជន​ជិត​២៦០​លាន​នាក់​នេះ ដោយ​រួមទាំង​អ្នក​កាន់​គ្រិស្តសាសនា ហិណ្ឌូ​និង ជនជាតិ​ភាគ​​តិច​ដែល​កាន់​សាសនាព្រះពុទ្ធ​៕​ដោយ​៖​សុខា​/sn

បច្ចុប្បន្ន​ច្បាប់​អ៊ីស្លាម​ដ៏​តឹងរឹង​ត្រូវបាន​អនុវត្ត​នៅ​តែ​ក្នុង​ខេត្ត​អា​សេ​មួយ​ប៉ុណ្ណោះ​។​ក្នុង​រូប​ស្ត្រី​និងបុរសឥណ្ឌូនេស៊ី​ម្នាក់​ដែល​ត្រូវបាន​ចោទ​ថា​បាន​រំលោភ​ច្បាប់​អ៊ីស្លាម​ដែល​ទាក់ទង​នឹង​ស្នេហា​លួចលាក់ ត្រូវ​បាន​វាយ​នឹង​រំពាត់​នៅ​ទី​សា​ធា​រណាៈ​នៅ​ខេត្ត​អា​សេ​