រាប់សិប​នាក់​ត្រូវបាន​សម្លាប់​ក្នុង​កុបកម្ម​នៅក្នុង​គុក​នៅ​ប្រទេស​តាហ្ស៊ី​គី​ស្ថាន​

645
ចែករម្លែក

​ក្រសួង​យុត្តិធម៌​តាហ្ស៊ី​គី​ស្ថានបា​ននិយាយថា​ឆ្មាំ​ពន្ធនាគារ​៣​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អំឡុង​កុបកម្ម​នៅក្នុង​ពន្ធនាគារ​ដែល​មាន​សន្តិ​សុខ​ការពារ​ដ៏​តឹងរឹង​មួយ​​នៅ​ប្រទេស​តាហ្ស៊ី​គី​ស្ថាន​។​

​យ៉ាងហោច​ណាស់​អ្នកទោស​ចំនួន​៣២​នាក់​ត្រូវបាន​រាយការណ៍​ថា​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ពន្ធនាគារ​នេះ​នៅ​ទីក្រុង​Vakhdat​។​

​គុក​នេះ ដាក់​ពួក​អ្នកទោស​ដែល​ត្រូវបាន​កាត់​ឱ្យ​ជាប់​ទោស​ពី​បទ​ប្រព្រឹត្ត​ជ្រុលនិយម​ខាង​សាសនា​ដោយ​រួមទាំង​សមាជិក​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​នេះ​ជា​កុបកម្ម​ក្នុង​គុក​ដ៏​ហិង្សា​លើក​ទី​២​ក្នុង​រយៈពេល​៦​ខែ​កន្លងទៅ​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​យុត្តិធម៌​បាន​និយាយថា កុបកម្ម​បានចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ខែ​ឧសភា នៅពេល​អ្នកទោស​៣០​នាក់​ដែល​ប្រដាប់​​ដោយ​អាវុធ​និង​កាំបិត បាន​ចាប់​ឆ្មាំ​គុក​៣​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង ។​

​មិន​មាន​សេចក្តីលម្អិត​អំពី​ជនរងគ្រោះ​ទាំងនោះ​ទេ ប៉ុន្តែ​ស្ថានភាព​ត្រូវបាន​ដាក់​នៅ​ក្រោម​ការគ្រប់គ្រង​ហើយ ការស៊ើបអង្កេត​បាន​ចាប់ផ្តើម​។​

​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន អ្នកទោស​២១​នាក់​និង​ឆ្មាំ​គុក​២​នាក់ ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​មាន​កុបកម្ម​នៅ​ពន្ធនាគារ​មួយ​នៅ​ទីក្រុង​Khujand ភាគ​ខាងជើង​នៃ​​ប្រទេស​នេះ ហើយ​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ហេតុការណ៍​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

កុបកម្ម​នៅក្នុង​ពន្ធនាគារ​ដែល​មាន​សន្តិ​សុខ​ការពារ​ដ៏​តឹងរឹង​មួយ​នៅ​ប្រទេស​តាហ្ស៊ី​គី​ស្ថាន