រាប់សិប​នាក់​នៅ​ឃុំ​គគីរ រួមទាំង​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់ ត្រូ​សង្ស័យថា​មាន​បញ្ហា​សុខភាព​ដោយ​សារធាតុ​គ្រាប់បែក​គីមី​របស់​អាមេរិក​ ​

250

(​ស្វាយរៀង​) ៖ គិត​ត្រឹម​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នេះ ប្រជាពលរដ្ឋ​២៦​នាក់ រួមទាំង​ស្ដ្រី​មាន​ផ្ទៃពោះ​៨​ខែ​ម្នាក់​ផង ដែល​រស់នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ទី​ដែល​រកឃើញ​គ្រាប់បែក​គីមី យ៉ាងច្រើន​សម្បើ​ប​នោះ បាននិងកំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង​នៅឡើយ ដោយ​ក្រុមគ្រូពេទ្យ​មិនទាន់​អនុញ្ញាត​ឲ្យ​ចេញទៅ​ផ្ទះ​វិញ​នៅឡើយ​នោះទេ​,​នេះ​បើ​យោងតាម​​ការអះអាង​របស់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា​ដែល​បាន​ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​​ក្នុងស្រុក​មួយ​។

​អ្នកជំងឺដោយសារគ្រាប់បែកគីមី ដែលកំពុងសម្រាកព្យាបាននៅមន្ទីរពេទ្យ(រូប៖វេបសាយ)
​ ​

​លោក​កែ រដ្ឋា បាន​បន្ថែមថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំង​២៦​នាក់ មាន​ម្នាក់​ជា​ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ ដែល​បញ្ហា​រោគ​ស្ត្រី​និង​មាន​រមាស់​​លើ​រាយ​កាយ​។ ប្រជាពលរដ្ឋ​ទាំង​២៦​នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​។​
​ ​
​លោក​ឲ្យ​ដឹង​ដែរ​ថា មាន​ប្រជាពលរដ្ឋ​ឃុំ​គគីរ ដែល​ត្រូវ​សង្ស័យថា​រង​ផលប៉ះពាល់ ដោយសារ​គ្រាប់បែក​គីមី​៥​លើក​ហើយ​បាន​ចូល​សម្រាក​​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។

​ដោយ​លើក​ទី​១ មាន​ចំនួន​៨​នាក់​, លើក​ទី​២ ចំនួន​១៥​នាក់​, លើក​ទី​៣ ចំនួន​១៣​នាក់​, លើក​ទី​៤​នេះ​ចំនួន​១៥​នាក់ និង​លើក​ទី​៥​នេះ មាន​ចំនួន​២៦​នាក់ ដោយ​សរុប​ចំនួន​៧៧​នាក់ ក្នុងនោះ​៦៨​នាក់ មាន​ជំងឺ​ដែល​ប៉ះពាល់​ដោយសារ​ធាតុគីមី របស់​គ្រាប់បែក​គីមី និង​៩​នាក់​មាន​កើន​ជំងឺ​ផ្សេង​។ ខណៈ​កុមារ​៣​នាក់ ដែល​រងគ្រោះ​ដោយ​គ្រាប់បែក​គីមី កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំ​ពេ​ញុ​៕​ដោយ​៖​វិបុល​/sn