រាប់​ម៉ឺន​នាក់​ចេញ​មក​បង្ហាញ​ការគាំទ្រ​ប៉ូលិស​ហុងកុង​

770
ចែករម្លែក

​ប្រជាជន​ហុងកុង​រាប់​ម៉ឺន​នាក់​កាលពី​ថ្ងៃ​សៅរ៍​បាន​ចេញ​មក​បង្ហាញ​ការគាំទ្រ​ប៉ូលិស​និង​ក្រុម​មេដឹកនាំ​ហុងកុង បន្ទាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​អស់​ពេល​រាប់​​សប្តាហ៍​។​

​ហុងកុង​បាន​ធ្លាក់​ក្នុង​ភាពច្របូកច្របល់​អស់​ពេល​ជាង​១​ខែ​មក​ហើយ ដោយសារ​តែ​ការតវ៉ា​ប្រឆាំង​ធំៗ រួម​ទាំង​ហិង្សា​និង​អហិង្សា ទល់​នឹង​កងកម្លាំង​ប៉ូលិស​ដែល​ត្រូវ​បាន​បង្ក​​ឡើង​ដោយ​ការជំរុញ​អនុម័ត​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស ដែល​នឹង​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិនដីគោក​និង​ប្រទេស​ផ្សេងៗ​។​

​ពង្រាង​ច្បាប់​នេះ​ត្រូវ​បាន​ព្យួរ​ទុកចោល តែ​វា​មិន​បាន​បន្ថយ​កំហឹង​ក្នុងចំណោម​អ្នកប្រឆាំង​តវ៉ា ដែល​ទាមទារ​អោយ​ក្រុម​មេដឹកនាំ​ហុងកុង​និយម​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាស​​លុបចោល​វា​ជា​រៀងរហូត​។​ឥឡូវ​ពួក​បាតុករ​មិន​ត្រឹមតែ​តវ៉ា​រឿង​ច្បាប់​បត្យាប័ន តែ​ពួកគេ​កំពុង​ទាមទារ​អោយមាន​កំណែ​ទំរង់​ប្រជាធិបតេយ្យ ការបោះឆ្នោត​សកល និង​បញ្ឈប់​​ការធ្លាក់ចុះ​សេរីភាព​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពាក់កណ្តាល​ស្វ័យ​ត​នេះ​។​

​ការជួបជុំ​កាលពី​ថ្ងៃ​សៅរ៍​ជា​ការបង្ហាញ​កម្លាំង​ទល់​នឹង​ចលនា​ប្រឆាំង​រដ្ឋាភិបាល​។​ហ្វូង​មនុស្ស​ដែល​សំបូរ​មនុស្ស​ចាស់ៗ​នេះ ចូលរួម​ដោយ​ក្រុមគ្រួសារ​និង​អ្នកស្រុក​វ័យក្មេងៗ ដោយ​​ពួកគេ​គ្រវីទង់ជាតិ​ចិន​និង​កាន់​បដា​មាន​ខ្លឹមសារ​គាំទ្រ​ប៉ូលិស​។​

​ប៉ូលិស​បាន​វាយ​តំលៃ​ថា ចំនួន​មនុស្ស​ចេញ​មក​សម្តែង​ការគាំទ្រ​កាលពី​ថ្ងៃ​សៅរ៍​មាន​ចំនួន​ប្រហែល១០៣.០០០​នាក់ ខណៈ​ពួក​អ្នករៀបចំ​និយាយថា​៣១៦.០០០​នាក់​។​

​នៅពេល​មិន​ទាន់​រកឃើញ​ដំណោះស្រាយ​នយោបាយ​ណាមួយ​នៅឡើយ ប៉ូលិស​ហុងកុង​ក្លាយជា​ជនរងគ្រោះ​និង​រ៉ាប់រង​ការងារ​លំបាក​ជាង​គេ​ពេល​មាន​ការប៉ះទង្គិច​ជាមួយ​​អ្នក​ប្រឆាំង​តវ៉ា​។​បាតុករ​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​ចោទប្រកាន់​ប៉ូលិស​ថា​ប្រើ​កម្លាំង​ហួសហេតុ រួម​មាន​ឧស្ម័ន​ហៀរ​ទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ ជាហេតុ​នាំ​អោយ​មាន​កំហឹង​លើ់​​ប៉ូលិស​។​

​ទោះជា​យ៉ាងណា ប៉ូលិស​បាន​និយាយថា សកម្មភាព​គ្រប់គ្រង​ហ្វូង​មនុស្ស​របស់​ខ្លួនសមស្រប​និង​បាន​ចង្អុល​ទៅកាន់​ប៉ូលិស​រងរបួស ថា​ជា​ភស្តុតាង​ដែល​អ្នកប្រឆាំង​តវ៉ា​ក្បាលរឹង​​មួយចំនួន​តូច​បាន​ប្រើ​លើ​ប៉ូលិស​។​

​ការប៉ះទង្គិច​ហិង្សា​បំផុត​បាន​កើតឡើង​កាលពី​ថ្ងៃ​អាទិត្យ​មុន នៅ​ពេល​ប៉ូលិស​តស៊ូ​ជាមួយ​អ្នក​តវ៉ា​ប្រឆាំង​ដែល​បាន​ចោល​វត្ថុ​ដាក់​ប៉ូលិស​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​។​មនុស្ស​២៨​នាក់​​បាន​រងរបួស រួម​មាន​ប៉ូលិស​១០​នាក់​៕​ដោយ​៖​វាសនា​