រាប់​ម៉ឺន​នាក់​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​នៅ​ហុងកុង​

603
ចែករម្លែក

​ហុងកុង​កាលពី​ថ្ងៃអាទិត្យ​ទី​៩​មិថុនា​បាន​ស្គាល់​ការប្រឆាំង​តវ៉ា​តាម​ដង​ផ្លូវធំ​បំផុត​ក្នុង​រយៈពេ​១៥​ឆ្នាំ​មកនេះ​នៅពេល​មនុស្ស​រាប់​ម៉ឺន​នាក់​ជួបជុំគ្នា​ដើម្បី​ប្រឆាំង​នឹង​ផែនការ​​អនុញ្ញា​អោយមាន​ការធ្វើប​ត្យា​ប័ន​ទៅ​កាន់​ចិន ជា​សំណើ​មួយ​ដែល​បង្ក​ប្រតិកម្ម​ធំ​មួយ​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​យ៉ាងហោច​ណាស់​មនុស្ស​១៥០.០០០​នាក់​បាន​ដើរ​ដង្ហែ​នៅក្នុង​អាកាសធាតុ​ក្តៅហែង​កាត់​តាម​វិថី​នានា​នៃ​កោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​បាតុកម្ម​ដ៏​អ៊ូអែ​និង​ចម្រុះ​ពណ៌​មួយ​​ដោយ​អំពាវនាវ​អោយ​រដ្ឋាភិបាល​លុបចោល​ច្បាប់​បត្យាប័ន​នេះ​។​

​សូមបញ្ជាក់​ថា ក្រុម​មេដឹកនាំ​នៃ​ទឹកដី​នេះ​កំពុង​ជំរុញ​អនុម័ត​ច្បាប់​ដែល​នឹង​អនុញ្ញាត​អោយមាន​ការធ្វើ​បត្យាប័ន​ទៅកាន់​សាលាក្តី​ណាមួយ ដែល​ហុងកុង​មិន​មាន​សន្ធិសញ្ញា​ជាមួយ​នៅ​ឡើយ រួម​ទាំង​ចិនដីគោក​។​

​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា មនុស្ស​១៥៣.០០០​នាក់​បាន​ចាប់ផ្តើម​ដើរ​ដង្ហែ តែ​គេ​មិនដឹងថា​តើ​ពេល​មាន​មនុស្ស​ចូលរួម​ច្រើន​បំផុត​នោះ អ្នកចូលរួម​មាន​​ចំនួន​ប៉ុន្មាន​ទេ​។​

​មនុស្ស​ទាំង​ហ្វូងៗ​ចម្ងាយ​រាប់​គីឡូ​នោះ បាន​ស្រែក​ថា​«​លុបចោល​ច្បាប់​បិសាច​!»​និង​«​ប្រឆាំង​បត្យាប័ន​ទៅ​ចិន​»​។​

​ម្ចាស់​ហាង​កាហ្វេ​ម្នាក់​បាន​និយាយថា លោក​បាន​បិទ​ហាង​ដើម្បី​ចូលរួម​បាតុកម្ម ព្រោះ​«​បញ្ហា​ទីក្រុង​របស់​យើង​សំខាន់​ជាង​ការ​រកស៊ី​របស់​យើង​។​បើ​យើង​មិន​និយាយ​ប្រឆាំង​ចេញ​​មក​ទេ នោះ​គ្មាន​ផ្លូវ​ដែល​រដ្ឋាភិបាល​ស្តាប់​ការព្រួយបារម្ភ​របស់​យើង​ឡើយ​»​។​

​បាតុកម្ម​ធំ​ស្រដៀង​គ្នា​កាលពី​ឆ្នាំ​២០០៣ បាន​បង្ខំ​អោយ​រដ្ឋាភិបាល​ហុងកុង​លុបចោល​ច្បាប់​សន្តិសុខ​ជាតិ​មួយ​។​

​ក្រុម​មេដឹកនាំ​ហុងកុង​និយាយថា ច្បាប់​នេះ​មាន​ភាព​ចាំបាច់​ដើម្បី​បំពេញ​ចន្លោះប្រហោង​និង​បញ្ឈប់​កុំអោយ​ទីក្រុង​មួយ​នេះ​ក្លាយជា​ជម្រក​លាក់​ខ្លួន​របស់​ឧក្រិដ្ឋជន​រត់គេចខ្លួន​៕ដោយ៖វាសនា

ច្បាប់​ដែល​ស្នើឡើង​នេះ បាន​បង្ក​ប្រតិកម្ម​សាធារណៈ​ធំ​បំផុត​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​ហុងកុង​ដែល​គាំទ្រ​ចិនដីគោក​

#