រា​ហ៊ូ​ចាប់​ចន្ទ​មួយ​ចំណិត​កាលពី​យប់មិញ កើតឡើង​ទូទាំង​ពិភពលោក​!

154

​ព្រះ​ចន្ទ​ក្រហម​បាន​សំកាំង​នៅលើ​ភពផែនដី​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ​ទី ៨ សីហា​នេះ ខណៈពេលដែល​អ្នកឃ្លាំមើល​ដួងតារា​បានឃើញ​ចន្ទ​គ្រាស​មួយ​ចំណិត មុនពេល​ពួកគេ​នឹង​មើលឃើញ​សូរ្យគ្រាស​មួយទៀត​នៅ​ចុងខែ​នេះ​។​

​រូបភាព​ត្រូវបាន​ចាប់យក​នៅក្នុង​ប្រទេសមួយ​ចំនួន​ដូចជា​អាឡឺម៉ង់ តួ​ក​គី​និង​ប្រទេស​ក្រិ​ក​ដែល​បង្ហាញ​ព្រះ​ចន្ទ​ពណ៌​ក្រហម​លាយ​ពណ៌​ទឹកក្រូច​។​

​រា​ហ៊ូ​ចាប់​ចន្ទ​មួយ​ចំណិត​តូច​នេះ​បាន​កើតឡើង នៅពេលដែល​ព្រះអាទិត្យ ផែនដី និង​ព្រះ​ចន្ទ​តម្រៀបជួរ​គ្នា ជាមួយ​ផែនដី​នៅ​ចំ​កណ្តាល​។​

​ការ​តម្រៀបជួរ​គ្នា​នៃ​ភព​ទាំងនេះ​បណ្តាលឱ្យ​ស្រមោល​របស់​ផែនដី​បាំង​នៅ​ពីលើ​ព្រះ​ចន្ទ​ហើយ​ពណ៌​ទឹកក្រូច​គឺ​កើត​មកពី​ពន្លឺព្រះអាទិត្យ​។​

​បាតុភូត​កាលពី​ម្សិលមិញ​នេះ​គឺជា​រា​ហ៊ូ​ចាប់​ចន្ទ​មួយ​ចំណិត ដែល​មានន័យថា ផ្នែក​មួយ​នៃ​ព្រះ​ចន្ទ​ឆ្លងកាត់​ស្រមោល​ផែនដី​។​

​នៅ​ចក្រភព​អង់គ្លេស​ព្រះ​ចន្ទ​មិនអាច​មើលឃើញ​ទេ​រហូតដល់​ម៉ោង ៨:៣០ យប់​នៅពេលដែល​ទស្សនីយភាព​ល្អ​បំផុត​របស់​ព្រះ​ចន្ទ​បាន​កន្លងផុត​ទៅហើយ​។​

​ក្រុម​តារាវិទូ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​សូរ្យគ្រាស​នៅ​ថ្ងៃទី ២១ ខែសីហា​ដែល​ត្រូវគេ​រំពឹងថា​នឹង​ត្រូវបាន​ចែករំលែក​យ៉ាង​ទូលំទូលាយ ខណៈដែល​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​នានា​បានចេញ​ការព្រមាន​មិនឱ្យ​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិការណ៍​នេះ​តាម​ទូរស័ព្ទ​ទេ ព្រោះ​វា​អាច​គាំង​បណ្តាញ​៕ ដោយ៖ កញ្ញាដាលីស

រា​ហ៊ូ​ចាប់​ចន្ទ​មួយ​ចំណិត​កើតឡើង​នៅ​ទូទាំង​ពិភពលោក​កាលពី​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ