រី​យ៉ូ ហ្វឺ​ឌី​ណាន បង្ហាញ​ភាពខុសប្លែក​គ្នា​រវាង​ក្រុម Man Utd និង​ក្រុម Liverpool

811
ចែករម្លែក

ក្រុម Liverpool បាន​បំបាក់​ក្រុម Read Star Belgrade ៤-០ កាលពី​យប់​ថ្ងៃ​ពុធ​នៅ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) រកបាន​គ្រាប់​បាល់​ដ៏​ល្អ​ស្របពេល​ខ្សែ ប្រយុទ្ធ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង សា​ឌី​អូ ម៉េ​ន (Sadio Mane) ក៏​រកបាន​គ្រាប់​បាល់​ក្នុង​ប្រកួត​នេះដែរ​។​
​ ​
​ជ័យជម្នះ​របស់​ក្រុម Liverpool កើតមាន​ត្រឹម​រយៈពេល​២៤​ម៉ោង​បន្ទាប់ពី​ក្រុម​យូ​ណាយ​ធី​ត ចាញ់​ក្រុម Juventus នៅលើ​ទឹកដី Old Trafford ។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម​ជាថ្មី​ម្តងទៀត​បាន រិះគន់​កីឡាករ​របស់លោក បន្ទាប់ពី​ការប្រកួត​នេះ ដោយ​បង្ហើប​ប្រាប់ថា ពួកគេ​នឹងមិន​អាច តាម​ទាន់​គូប្រជែង​របស់ខ្លួន​ទេ ប្រសិនបើ​មិន​កែលម្អ​ក្រុម​។​
​ ​
​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) ជា​អ្នកវិភាគ​បាល់ទាត់​បាន​និយាយថា កីឡាករ Liverpool​មាន​ទំនុកចិត្ត ចំណែក​កីឡាករ​របស់​យូ​ណាយ​ធី​ត​ខ្វះ​ទំនុកចិត្ត ដោយ​អះអាងថា ការអបអរសាទរ​រ​ប​ស់លោក យើ​ហ្គេ​ន ក្លប់ គ្រូបង្វឹក Liverpool ដល់​កីឡាករ​របស់លោក គឺជា​គន្លឹះ​សំខាន់​។​
​ ​
​នៅពេល​សួរនាំ​អំពី​ភាពខុសគ្នា​រវាង​ក្រុម Liverpool និង​ក្រុម​យូ​ណាយ​ធី​ត​នៅពេលនេះ ហ្វឺ​ឌី​ណាន បាន​និយាយថា “Liverpool គឺជា​ក្រុម​ដែលមាន​ទំនុកចិត្ត​ពេញលេញ ហើយ​អ្នកចាត់ការ​ផ្តល់​ទំនុកចិត្ត​នេះ​ដល់​កីឡាករ និង​ផ្តល់​អារម្មណ៍ល្អ​ដល់​ពួកគេ និង​អបអរ​ពួកគេ​ចំពោះ​ការធ្វើ​បានល្អ​”​។​
​ ​
​ហ្វឺ​ឌី​ណាន បន្តថា បើ​និយាយ​ពី​គ្រូបង្វឹក យើ​ហ្គេ​ន ក្លប់ និង​លោក ម៉ូ​រី​ញ៉ូ គឺមាន​ភាពខុសគ្នា ហើយ​ការបង្ហាញ​អារម្មណ៍​គឺ​ខុសគ្នា​ស្រឡះ​។​
​ ​
​ហ្វឺ​ឌី​ណាន និយាយថា “​វា​ជា​ការល្អ​នៅ​ពេលឮ​អ្នកចាត់ការ​សាទរ​កីឡាករ​របស់ខ្លួន នៅពេល​ពួកគេ​ធ្វើបាន​ល្អ​ហើយ​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​អ្វីដែល​កីឡាករ សម្រេចបាន​សម្រាប់​ខ្លួន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand)​