រី​យ៉ូ ហ្វឺ​ឌី​ណាន អះអាងថា ហ្គា​រ៉េត បេ​ល ខកចិត្ត​នៅពេល​គ្រូបង្វឹក​មើលរំលង​អំឡុង​ការប្រកួត ឆេ​ម​ពាន​លី​ក​

1028
ចែករម្លែក

​រី​យ៉ូ ហ្វឺ​ឌី​ណាន (Rio Ferdinand) ជឿថា ការដែល​ក្លឹប Real Madrid មិន​ដាក់​ឲ្យ ហ្គា​រ៉េត បេ​ល (Gareth Bale) ចូល​លេង អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Bayern Munich គឺជា​សារ​ដ៏​សំខាន់​មួយ​។

​បេ​ល គឺជា​កីឡាករ​បម្រុង​ដែល​គេ​មិន​ដាក់​ឲ្យ​លេង ខណៈ​ក្រុម Real Madrid បាន​យកឈ្នះ ក្រុម Bayern ២-១ ទាំង​ប្រផិតប្រផើយ​ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​ពហុកីឡាដ្ឋាន Allianz Arena កាលពី​យប់​ថ្ងៃ​ពុធ​។

​កីឡាករ​សញ្ជាតិ​វ៉េ​ល ដែល​អនាគត​នៅ​ពហុកីឡាដ្ឋាន Bernabeu ហាក់ដូចជា​ស្ថិតក្នុង​ភាព មិន​ច្បាស់លាស់​នោះ បាន​បង្ខំចិត្ត​អង្គុយ​មើល​ការប្រកួត​ពី​កៅអី​រង់ចាំ​ជាថ្មី​ម្តងទៀត​ស្របពេល ដែល ការី​ម បេន​ហ្សេ​ម៉ា ម៉ា​កូ អា​សេន​ស៊ី​យ៉ូ និង ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក​ត្រូវបាន​ដាក់​ឲ្យ​លេង ជំនួស​។

​ថ្លែង​បន្ទាប់ពី​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែរ​បញ្ចប់​ការប្រកួត ហ្វឺ​ឌី​ណាន បានបង្ហាញ​ការព្រួយបារម្ភ ចំពោះ បេ​ល ដែល​ធ្លាប់​ចូលរួម​ជាមួយ​ក្លឹប Spurs កាលពី​ឆ្នាំ​២០១៣​។

​ហ្វឺ​ឌី​ណាន បាន​និយាយថា “​រឿង​មួយ​ដែល​យើង​កំពុង​ជជែក​គ្នា​នៅ​ស្ទូ​ឌី​យោ​មុនពេល​បញ្ចប់ ការប្រកួត គឺថា មាន​កីឡាករ​បម្រុង ប៉ុន្តែ​ការមិន​ដាក់​ឲ្យ ហ្គា​រ៉េត បេ​ល​ចូល​លេង​គឺជា​សារ បញ្ជាក់​ដ៏​សំខាន់​មួយ​”​។

​ជា​អ្នកវិភាគ​ដូចគ្នា​និង​ជា​អតីត​កីឡាករ ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ឯកភាព​ជាមួយ ការលើកឡើង​នេះ ដោយ​អះអាងថា ការបដិសេធ​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) មិន​ដាក់​ឲ្យ បេ​ល លេង​នោះ​បង្ហាញថា នឹងមាន​ការផ្លាស់ប្តូរ​នៅ​រដូវក្តៅ​នេះ​”​។

​ចំណែក ស្ទេ​វិ​ន ជឺ​រ៉ា​ដ (Steven Gerrard) ក៏បាន​វាយតម្លៃ​អំពី​ការពិភាក្សា​នេះ​ផងដែរ ដោយ​អះអាងថា វា​គឺជា​រឿង​ខកចិត្ត​មួយ​សម្រាប់ បេ​ល ប្រសិនបើ បេន​ហ្សេ​ម៉ា ត្រូវបាន​គេ​ចាត់ទុកថា សំខាន់​ជាង​ខ្លួន​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ​ប្រយុទ្ធ ហ្គា​រ៉េត បេន​ហ្សេ​ម៉ា (Gareth Bale)