រឹបអូស​ឈើ​ហ៊ុ​ប​ជាង​២០​ដើម​ដែល​ឈ្មួញ​ដឹក​មក​លាក់​ក្នុង​ប្រឡាយទឹក​ក្បែរ​ភូមិ​

338
ចែករម្លែក

ដោយ​: អង្គរតូច​
​សៀមរាប​:
សមត្ថ​កិ​ច្វ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះបង្ក្រាប​ដោយ​រឹបអូស​ឈើ​ហ៊ុ​ប​មូល​២២​ដើម ដែល​ឈ្មួញ​ដឹក​មក​ទម្លាក់​ទុក​ក្នុង​ប្រឡាយទឹក​ក្បែរ​ភូមិ​។ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​ចំណុច​ប្រឡាយទឹក​ក្នុងភូមិ​អញ្ចាញ​សង្កាត់​នគរធំ​ក្រុង​សៀមរាប​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប លោក​ម៉ុង ប៊ុន​លិ​ម បាន​ថ្លែងថា ឈើ​ទាំងនេះ​ប្រហែលជា​ឈ្មួញ​ដឹក​មក​ស្តុក​ទុក​យូ​ហើយ​។​ប៉ុន្តែ​ក្រោយ​ប្រតិបត្តិការ​ក្តៅ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អាច​ពួកគេ​ភ័យខ្លាច​ក៍​ដឹក​មក​ទម្លាក់​ក្នុង​ប្រឡាយ​ដែល​ពុំទាន់​មានទឹក​បែបនេះ​។ លោក​បន្តថា​ឈើ​ទាំងនេះ​ជា​ប្រភេទ​ផ្ចឹក មាន​ចំនួន​២២​ដើម​ក្នុង​មួយ​ដើម​មាន​ប្រវែង​៥​ទៅ​៦​ម៉ែត្រ​ដែល​សរុបទៅ ស្មើ​២៤,៥៦៣​ម៉ែត្រគូប​។​ឈើ​ទាំងនេះ​យក​រក្សាទុក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ទុក​រយៈពេល​៣០​ថ្ងៃ​អោយ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​។ ក្នុងករណី​ម្ចាស់​មិន​ចូលខ្លួន​ន​នឹង​បញ្ជូនទៅ​តុលាការ​។​

លោកនាយ​ខណ្ឌ បញ្ជាក់ថា ថ្វី​ត្បិត​យើង​នៅ​មិនទាន់​រក​ម្ចាស់​ពិតប្រាកដ​ឃើញ តែ​យើង​នឹ​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់​អោយឃើញ ដើម្បី​អនុវត្ត​ច្បាប់​។​

​ទោះបីជា​បែបនេះ​ក្តី ប៉ុន្តែ​អ្នកភូមិ​នៅក្បែរនោះ បង្ហើប​ថា ឈើ​ទាំងនេះ​ជា​របស់​មន្ត្រីនគរបាល​ពាក់​ស​ក្ត័​៤​កន្លះ​ម្នាក់ ដែលមាន​តួនាទី​ជា​នាយរង​ការិយាល័យ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​។ មន្ត្រី​រូបនេះ ជា​មេខ្លោង​រកស៊ី​ដឹកឈើ​ជាច្រើន​ឆ្នាំ​មកហើយ តែមួយ​រយះ​ចុង​ក្រោយនេះ ជន​ខាងលើ​ឈប់​បង្ហាញមុខ តាម​ដងផ្លូវ ដោយ​ប្រើ​កូនចៅ ជំនួស​វិញ​។ តាមពិត​ឈើ​ហ៊ុ​ប​ទាំង​ដើមៗ​បែបនេះ មិនមែន​សមត្ថកិច្ច​មិនដឹង​មិនឃើញ ក្នុងពេល​ដឹកជញ្ជូន​នោះទេ គ្រាន់តែ​ថា ពួកគេ​បើកភ្លើង​ខៀវ​ឬ​អត់​ប៉ុណ្ណោះ​។ អីចឹង​ទេ ប្រសិនបើ​សមត្ថកិច្ច​ចង់​ស្រាវជ្រាវ​ពិតប្រាកដ​នោះ ហាក់​មិនមាន​អ្វី​ពិបាក​នោះឡើយ ព្រោះ​នៅក្នុង​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​របស់គេ ក៍​នៅមាន​ឈើ​ស្តុក​ទុក​ខ្លះៗ នៅឡើយ​៕ ល​