រុស្ស៊ីបញ្ជូននាវាចម្បាំងទៅស៊ីរី និង បន្ទោសរដ្ឋាភិបាលក្រុងអង់ការ៉ាចំពោះការស្លាប់ទាហានតួកគី

229
ចែករម្លែក

រុស្ស៊ីកាលពីថ្ងៃសុក្រទី២៨កុម្ភៈបាននិយាយថា ខ្លួនបានបញ្ជូននាវាចម្បាំងចំនួន ២ គ្រឿងបំពាក់ដោយមីស៊ីលបញ្ជាទិសទៅកាន់ដែនទឹកនៅឯនាយឆ្នេរប្រទេសស៊ីរីនិងបានស្តីបន្ទោសរដ្ឋាភិបាលក្រុងអង់ការ៉ាចំពោះការស្លាប់ទាហានតួកគី ៣៣ នាក់នៅក្នុងខេត្តអ៊ីដលីបរបស់ស៊ីរីនៅមួយថ្ងៃមុននេះ។

ការស្លាប់ទាហានតួកគីកាលពីថ្ងៃព្រហស្បតិ៍ និង ការរងរបួសទាហាន ៣២ នាក់ផ្សេងទៀត ដែលប្រកាសដោយអភិបាលខេត្តហាតាយរបស់តួកគីជាប់ព្រំដែនស៊ីរី បានបង្កើនចំនួនទាហានតួកគីដែលស្លាប់ក្នុងតំបន់ឡើងដល់ ៥៤ នាក់ក្នុងខែកុម្ភៈនេះ។

តួកគីបានបញ្ជូនកងទ័ពរាប់ពាន់នាក់និងគ្រឿងសព្វាវុធយោធាធុនធ្ងន់ទៅក្នុងប្រទេសស៊ីរី ហើយលោកអឺដូហ្គានបានព្រមានថាតួកគីនឹងធ្វើការវាយលុកទ្រង់ទ្រាយធំដើម្បីរុញច្រានកងទ័ពស៊ីរីលើកលែងតែពួកគេដកថយពីប៉ុស្តិ៍សង្កេតការណ៍របស់តួកគីនៅក្នុងតំបន់។

ទោះបីព្យាយាមសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេលើប្រទេសស៊ីរីក៏ដោយ ក៏ប៉ុន្តែរុស្ស៊ីគាំទ្រប្រធានាធិបតីស៊ីរីលោកបាសា អាល់អាសាដ រីឯតួកគីគាំទ្រកងកម្លាំងឧទ្ទាមប្រឆាំងនឹងលោកអាសាដ។

ឆ្លើយតបនឹងការសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់តួកគីម្នាក់បាននិយាយនៅថ្ងៃសុក្រនេះថា របបក្រុងអង់ការ៉ានឹងលែងបញ្ឈប់ជនភៀសខ្លួនស៊ីរីពីការឈានចូលទៅទ្វីបអឺរ៉ុបទៀតហើយ។ តួកគីបានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីចំពោះការស្លាប់ទាហានតួកគី។

ទោះយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ីត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន RIA កាលពីថ្ងៃសុក្រថា កងទ័ពតួកគីបានរងការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលកំពុងព្យាយាមទប់ទល់នឹងការវាយលុកដោយកងកម្លាំងឧទ្ទាម។

ក្រសួងនិយាយថា របបក្រុងអង់ការ៉ាខកខានមិនបានជូនដំណឹងដល់មូស្គូអំពីវត្តមានរបស់កងទ័ពតួកគីនៅក្នុងតំបន់ ដែលរងការវាយប្រហារដោយគ្រាប់ផ្លោង ទោះបីជាមានការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយយោធារុស្ស៊ីក៏ដោយ។

ក្រសួងបាននិយាយថាកងទ័ពតួកគីត្រូវបានដាក់ពង្រាយដោយផ្ទាល់ជាមួយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែយោងតាមព័ត៌មានដែលផ្តល់ដោយតួកគីមិនមានកងទ័ពតួកគីនៅក្នុងតំបន់នោះទេហើយរុស្ស៊ីបាននិយាយថាកងកម្លាំងតួកគី “មិនគួរនៅទីនោះទេ”។

ក្រសួងនិយាយថាយន្តហោះចម្បាំងរបស់រុស្ស៊ីមិនបានធ្វើការវាយប្រហារតាមអាកាសណាមួយនៅក្នុងតំបន់នោះទេនៅពេលដែលឧបទ្ទវហេតុបានកើតឡើងហើយមូស្គូបានធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយ នៅពេលបានដឹងអំពីវត្តមានកងទ័ពតួកគី។

នោះរួមបញ្ចូលទាំងការធានាឱ្យកងកម្លាំងស៊ីរីបញ្ឈប់ការបាញ់ផ្លោងដើម្បីអនុញ្ញាតឱ្យតួកគីជម្លៀសអ្នកស្លាប់និងអ្នករងរបួសរបស់ខ្លួន។

ដោយឡែកស្របពេលភាពតានតឹងរវាងទីក្រុងអង់ការ៉ានិងក្រុងដាម៉ាសកំពុងកើនឡើង កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃសុក្រនេះដោយនិយាយថាខ្លួនកំពុងបញ្ជូននាវាចម្បាំងចំនួន ២ គ្រឿងដែលបំពាក់ដោយមីស៊ីលបញ្ជាទិស Kalibr ទៅកាន់ដែនទឹកនៅឯនាយឆ្នេរប្រទេសស៊ីរី៕ ដោយ៖ កញ្ញាដាលីស

កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីបញ្ជូននាវាចម្បាំងចំនួន ២ គ្រឿងទៅកាន់ដែនទឹកនៅឯនាយឆ្នេរប្រទេសស៊ីរី