រុស្ស៊ីព្រមានតួកគី ខណៈរារាំងអ.ស.បពីការបញ្ឈប់ការបង្ហូរឈាមនៅស៊ីរី

170
ចែករម្លែក

កាលពីថ្ងៃពុធទី១៩កុម្ភៈរុស្ស៊ីបានព្រមានតួកគីកុំឱ្យធ្វើអន្តរាគមន៍នៅក្នុងប្រទេសស៊ីរីខណៈខ្លួនរារាំងការប្រឹងប្រែងរបស់អង្គការសហប្រជាជាតិដើម្បីបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅរបស់របបក្រុងដាម៉ាស់ទៅលើតំបន់រឹងមាំចុងក្រោយរបស់ឧទ្ទាម។

បុគ្គលិកជំនួយស៊ីរីបានអំពាវនាវជាបន្ទាន់ឱ្យមានបទឈប់បាញ់និងជំនួយអន្តរជាតិសម្រាប់ប្រជាជនជិតមួយលាននាក់ដែលភៀសខ្លួនចេញពីការវាយប្រហាររបស់របបស៊ីរីនៅក្នុងខេត្តអ៊ីដលីបភាគពាយព្យប្រទេស ដែលជារលកធំបំផុតនៃជនស៊ីវិលដែលផ្លាស់ទីលំនៅនៅក្នុងជម្លោះរយៈពេល ៩ ឆ្នាំមកនេះ។

តួកគី ដែលជាអ្នកគាំទ្រក្រុមឧទ្ទាមមួយចំនួននៅខេត្តអ៊ីដលីប បានជំរុញឱ្យមានបទឈប់បាញ់ជាថ្មីនៅក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី ដែលគាំទ្ររបបស៊ីរី។ របបក្រុងអង់ការ៉ាចង់បញ្ចៀសជំនន់ជនភៀសខ្លួនមួយទៀតចូលក្នុងទឹកដីរបស់ខ្លួន ខណៈប្រជាជនស៊ីរីចំនួន ៣,៧ លាននាក់បានកំពុងស្ថិតនៅតួកគីស្រាប់ទៅហើយ។

អង្គការសម្ព័ន្ធស៊ីរីបាននិយាយថា ប្រជាជនដែលផ្លាស់ទីលំនៅ “កំពុងរត់គេចខ្លួនដើម្បីស្វែងរកសុវត្ថិភាពតែដូចទៅស្លាប់ដោយសារស្ថានភាពអាកាសធាតុធ្ងន់ធ្ងរនិងកង្វះខាតធនធានដែលអាចរកបាន”។

លោករ៉ាហ្សាន់ សាហ្វហ្វួ មកពីសមាគមវេជ្ជសាស្ត្រអនិកជនស៊ីរី បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅទីក្រុងអ៊ីស្តង់ប៊ុលថា “យើងមានមនុស្សរាប់រយរាប់ពាន់នាក់កំពុងភៀសខ្លួន…មិនត្រឹមតែពីគ្រាប់ផ្លោងប៉ុណ្ណោះទេ ប៉ុន្តែពីកង្វះអ៊ីសូឡង់ពីអាកាសធាតុត្រជាក់ ព្រោះខ្វះកម្តៅ។ វាមានអារម្មណ៍ដូចជាថ្ងៃអវសានអ៊ីចឹង”។

អង្គការនេះបាននិយាយថា ទឹកប្រាក់សរុបចំនួន ៣៣៦ លានដុល្លារគឺត្រូវការចាំបាច់សម្រាប់អាហារទឹកនិងទីជម្រក។ ធនធានអប់រំក៏ត្រូវការផងដែរសម្រាប់កុមារដែលមានអាយុចូលរៀនចំនួន ២៨០ លាននាក់៕​ ដោយ៖ កញ្ញាដាលីស

បុគ្គលិកជំនួយស៊ីរីបានអំពាវនាវជាបន្ទាន់ឱ្យមានបទឈប់បាញ់និងជំនួយអន្តរជាតិសម្រាប់ប្រជាជនជិតមួយលាននាក់