រុស្ស៊ី​គំរាម​វាយ​ទាហាន​អាមេរិក​ដែល​គាំទ្រ​ពួក​ឧទ្ទាម​ស៊ី​រី តែ​អាមេរិក​គំរាម​វិញ​

1101
ចែករម្លែក

សហរដ្ឋអាមេរិកបានរួសរាន់បង្កើនកម្លាំងនៅមូលដ្ឋានស៊ីរីរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានគំរាមវាយប្រហារ ដោយចោទប្រកាន់មូលដ្ឋានទាំងនោះជាជម្រកលាក់ខ្លួនរបស់”ភេរវករ”។

រដ្ឋាភិបាលក្រុងមូស្គូបានគំរាមវាយប្រហារផ្ទាល់លើទាហានអាមេរិក​នៅស៊ីរី នៅពេលខ្លួនត្រៀមជួយកងកម្លាំងស៊ីរីរបស់ប្រធានាធិបតី បាសសា អាល់ អាសាដ នៅក្នុងការវាយប្រហារផ្តាច់ព្រាត់ដើម្បីកំចាត់ទីតាំងសេសសល់ចុងក្រោយរបស់ពួកឧទ្ទាមប្រកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

ទាហានស៊ីរីរបស់លោកអាសាដ ដែលមានការគាំទ្រពីកងកម្លាំងអ៊ីរ៉ង់និងរុស្ស៊ី បានចាប់ផ្តើមការវាយប្រហារលើមូលដ្ឋានឧទ្ទាមចុងក្រោយនៅខេត្តអ៊ីតលីប ក្រោមជំនួយពីកងទ័ពអាកាសរុស្ស៊ី។តែនៅពេលការប្រយុទ្ធគ្នាផ្ទុះឡើងភ្លាម រុស្ស៊ីបានសម្លឹងទៅកាន់តំបន់ព្រំដែនអ៊ីរ៉ាក់-ហ្សកដានី-ស៊ីរី កន្លែងដែលទាហានអាមេរិករាប់សិបនាក់សង់បន្ទាយតាំងនៅដើម្បីជួយបង្វឹកប្រជាជនមូលដ្ឋានអោយប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម និងកងកម្លាំងរបស់លោក បាសសា អាល់ អាសាត។

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អាមេរិកថាការពារកងកម្លាំងភេរវកម្ម ដោយរស់នៅជាមួយគ្នានៅមូលដ្ឋានAt Tanf ចម្ងាយមិនដល់២០គីឡូម៉ែត្រពីព្រំដែនហ្សកដានី។តំបន់ពិសេស៥៥គីឡូម៉ែត្រមួយជុំវិញមូលដ្ឋាននេះត្រូវបានដាក់ដំណើរការអស់ពេលរាប់ឆ្នាំ ក្រោមការការពារពីយន្តហោះប្រយុទ្ធនៃកងទ័ពអាកាសនិងជើងទឹកអាមេរិក។

ឥឡូវ ពួកមន្រ្តីរុស្ស៊ី និយាយថា វត្តមានរបស់កងកម្លាំងអាមេរិកលែងជាឧបសគ្គសំរាប់កងកម្លាំងរុស្ស៊ីធ្វើការវាយប្រហារលើពួកឧទ្ទាមនៅទីនោះ។តែមន្រ្តីក្រសួងការពារជាតិអាមេរិកមិនបានបង្ហាញសញ្ញារាថយឬខ្លបខ្លាចការគំរាមរបស់រុស្ស៊ីទេ។

ក្រសួងការពារជាតិអាមេរិក បានឆ្លើយតបដោយបន្ថែមទាហានម៉ារីន១០០ទៅកាន់មូលដ្ឋានAt Tanfកាលពីថ្ងៃសៅរិ៍។ពួកមន្រ្តីអាមេរិកក៏បានព្រមានតបវិញចំពោះអំពើបង្ករឿងពីកងកម្លាំងស៊ីរីនិងរុស្ស៊ី។មន្រ្តីក្រសួងការពារជាតិអាមេរិកម្នាក់បានប្រាប់សារព័ត៌មានCNNថា”អាមេរិកមិនស្វះស្វែងប្រយុទ្ធនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរីឬក្រុមណាមួយដែលគាំទ្ររដ្ឋាភិបាលនេះ។តែបើខ្លួនត្រូវបានគេវាយប្រហារ អាមេរិកនឹងមិនស្ទាក់ស្ទើរប្រើប្រាស់កងកម្លាំងចាំបាច់និងសមស្របដើម្បីការពារកងកម្លាំងអាមេរិក ក្រុមចម្រុះនិងដៃគូរបស់ខ្លួនឡើយ។យើងបានប្រាប់ពួកគេអោយនៅឆ្ងាយពីមូលដ្ឋានAt Tanf …យើងស្ថិតក្នុងស្ថានភាពឆ្លើយតប”។

បញ្ជាការកណ្តាលអាមេរិកនិយាយថា ទាហានម៉ារីនដែលត្រូវបញ្ជូនទៅAt Tanfនឹងធ្វើសមយុទ្ធដោយប្រើគ្រាប់ពិតៗនិងបង្ហាញសមត្ថភាពប្រតិកម្មរហ័ស វាយគោលដៅជាមួយនឹងជំនួយពីកងកម្លាំងជើងគោកនិងអាកាស”។

ក្បួនរថពាសដែលអាមេរិកបើកកាត់ទីប្រជុំស៊ីរីមួយ។រុស្ស៊ីគំរាមវាយប្រហារលើទាហានអាមេរិកដែលការពារអ្វីដែលខ្លួនហៅថា”ពួកភេរវករ”

តែមិនមែនមានតែអាមេរិកទេដែលបន្ថែមទ័ពនៅក្នុងតំបន់នេះ។រុស្ស៊ីទើបបញ្ជូនកងកម្លាំងជើងទឹកដ៏ធំបំផុតចាប់តាំងពីការដួលរលំសហភាពសូវៀតទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត។បច្ចុប្បន្នកងកម្លាំងរុស្ស៊ីកំពុងធ្វើសមយុទ្ធយោធាជាមួយយន្តហោះប្រយុទ្ធតាំងនៅមូលដ្ឋានKhmeimimនៅស៊ីរីខាងលិច។សមយុទ្ធនេះបានចាប់ផ្តើមកាលពីថ្ងៃ០១កញ្ញា និងបញ្ចប់នៅចុងសប្តាហ៍នេះ។វាមានការចូលរួមពីនាវាចម្បាំង២៥ និងយន្តហោះ៣០​គ្រឿង ចាប់ពីនាវាMarshal Ustinovរហូតដល់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្ត ‘ក្ងានស’Tu-160 ។

ក្នុងពេលជាមួយគ្នា យន្តហោះរុស្ស៊ីមួយក្រុមទៀតក៏ចេញដំណើរទៅទម្លាក់គ្រាប់បែកលើពួកឧទ្ទាមស៊ីរីនៅអ៊ីតលីប។

អ៊ីតលីប គោលដៅចុងក្រោយរបស់កកម្លាំងរុស្ស៊ីនិងស៊ីរី

ការគំរាមរបស់ក្រុងមូស្គូថានឹងវាយលើមូលដ្ឋាន At Tanf កើតឡើងខណៈអាមេរិក បារាំងនិងអង់គ្លេសបន្តធ្វើការព្រមានថាការប្រើអាវុធគីមីណាមួយលើទីតាំងឧទ្ទាមស៊ីរីនឹងនាំអោយមានការវាយប្រហារដោយកាំជ្រួចបណ្តែតពីសម្ពន្ធមិត្តលើស៊ីរី ដូចកាលពីខែមេសាឆ្នាំនេះនិងខែមេសាឆ្នាំ២០១៧៕ដោយ៖វាសនា