រុស្ស៊ី​គ្រោង​នឹង​បង្កើត​ប្រព័ន្ធ​កាំជ្រួច​នុយក្លេអ៊ែរ​ថ្មី បន្ទាប់ពី​ដកខ្លួន​ចេញពី​សន្ធិសញ្ញា INF

465
ចែករម្លែក

​រុស្ស៊ី​និយាយថា​ខ្លួន​គ្រោង​នឹង​អភិវឌ្ឍ​ប្រព័ន្ធ​កាំជ្រួច​ថ្មី​បន្ទាប់ពី​រុស្ស៊ី​និង​សហរដ្ឋអាមេរិក​បាន​ផ្អាក​ការចូលរួម​របស់​ពួកគេ​នៅក្នុង​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​។​

​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) បាន​ហាមឃាត់​ប្រទេស​ទាំងពីរ​ពី​ការប្រើប្រាស់​កាំជ្រួច​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ខ្លី​និង​មធ្យម​។​

​កាលពី​សប្តាហ៍​មុន លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​បានប្រកាសថា​សហរដ្ឋអាមេរិក​នឹង​ចាក​ចេញពី​សន្ធិសញ្ញា ដែល​ខ្លួន​បាន​ចោទប្រកាន់​ជា​យូរ​មកហើយ​ថា​រុស្ស៊ី​បាន​រំលោភបំពាន​។ បន្ទាប់មក ប្រទេស​រុស្ស៊ី​បាន​ចោទប្រកាន់​អាមេរិក​ដូចគ្នានេះដែរ​។​

​ចំណាត់ការ​នេះ​បាន​បង្កើន​ការព្រួយបារម្ភ​អំពី​ការប្រណាំង​ប្រជែង​សព្វាវុធ​ថ្មី​មួយ​។​

​សន្ធិសញ្ញា INF ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ១៩៨៧ អំឡុង​សង្គ្រាមត្រជាក់​ដើម្បី​បន្ធូរបន្ថយ​វិបត្តិ ដែល​ក្នុងនោះ​កាំជ្រួច​នុយក្លេអ៊ែរ​របស់​សូ​វៀត​និង​អាមេរិក​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ចម្ងាយ​ដែល​អាច​បាញ់​ដល់​រដ្ឋធានី​នានា​របស់​អឺរ៉ុប​។​

  • តើ​រុស្ស៊ី​កំពុងមាន​ផែនការ​អ្វី​?
    ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​កុម្ភៈ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក​សឺ​ហ្គេ សយ​ហ្គូ បាន​និយាយថា គោលបំណង​គឺ​ត្រូវបង្កើត​កាំជ្រួច​ដែលមាន​មូលដ្ឋាន​លើដី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​។

​កាំជ្រួច​មាន​មូលដ្ឋាន​លើដី​គឺ​ត្រូវបាន​ហាមឃាត់​នៅក្រោម​សន្ធិសញ្ញា INF ប៉ុន្តែ​មិនមែន​កាំជ្រួច​នៅលើ​សមុទ្រ​ឬ​លើ​អាកាស​នោះទេ ដែល​រុស្ស៊ី​មាន​រួចទៅហើយ​។ បន្ទាប់មកទៀត ប្រព័ន្ធ​កាំជ្រួច​ថ្មី​នេះ​នឹងត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ប្រព័ន្ធ​ថ្មីៗ​ជាច្រើន​ទៀត​។​

​លោក​សយ​ហ្គូ​និយាយថា អាមេរិក​បាន​រំលោភ​សន្ធិសញ្ញា​នេះ​រួចទៅហើយ​។

​លោក​និយាយថា “​អាមេរិក​បាន​កំពុងធ្វើការ​យ៉ាងសកម្ម​លើ​ការបង្កើត​កាំជ្រួច​ដែលមាន​មូលដ្ឋាន​លើដី​មាន​សមត្ថភាព​បាញ់​ក្នុង​រយៈ​ចម្ងាយ​ជាង ៥០០ គីឡូម៉ែត្រ ដែល​ហួស​ពី​ដែន​កំណត់​ដែល​បានចែង​នៅក្នុង​សន្ធិសញ្ញា​។ ក្នុងស្ថានភាព​នេះ ប្រធានាធិបតី​រុស្ស៊ី​បានដាក់​ចេញ​កិច្ចការ​សម្រាប់​ក្រសួងការពារជាតិ​ដើម្បី​ធ្វើតាម​វិធានការ​ដូច​អាមេរិក​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​គ្រោង​នឹង​បង្កើត​ប្រព័ន្ធ​កាំជ្រួច​នុយក្លេអ៊ែរ​ថ្មី