រុស្ស៊ី​ចាប់ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥ ធុន Su-57 ទ្រង់ទ្រាយ​ធំ​

596
ចែករម្លែក

​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​នៃ​យន្តហោះ​ចម្បាំង Su-57 ជំនា​ន់ទី ៥ បានចាប់ផ្តើម​នៅ​ប្រទេស​រុស្ស៊ី​។ នេះ​បើ​យោងតាម​កូនសៀវភៅ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ខួប​លើក​ទី ៨០ នៃ​ក្រុមហ៊ុន​ផលិត​យន្តហោះ Sukhoi បានប្រកាស​។​

​កូនសៀវភៅ​នោះ​សរសេរថា “​ប្រព័ន្ធ​អាកាសចរណ៍​ពហុ​ជាតិ​ជំនា​ន់ទី ៥ ដែលមាន​ឧបករណ៍​ឆ្លាត​វៃ​ខ្លាំង​បំពាក់​លើ​នោះ គឺ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​ក៏មាន​ចំណុច​ពិសេស​នៃ​ការស្ទាក់ចាប់​គោលដៅ​និង​បំផ្លាញ​គោលដៅ​នៅលើ​ដី​ផងដែរ​។ ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០១៩ ហើយ​កិច្ចសន្យា​រយៈពេល​វែង​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ក្រសួងការពារជាតិ​សម្រាប់​ការប្រគល់​យន្តហោះ​ជាង ៧០ គ្រឿង​”​។​

Su-57 គឺជា​កំពូល​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Sukhoi របស់​រុស្ស៊ី​។ យន្ដហោះ​ចម្បាំង​ជំនា​ន់ទី ៥ ដែល​ពីមុន​មាន​ឈ្មោះថា PAK FA គឺជា​យន្ដហោះ​ចម្បាំង​បំបាំងកាយ​មាន​ម៉ាស៊ីន​ភ្លោះ បំពាក់​កៅអីអង្គុយ​បើកបរ​តែមួយ ដែល​បង្កើតឡើង​សម្រាប់​ឧត្តមភាព​ជើង​អាកាស​និង​តួនាទី​ចម្រុះ​ក្នុងការ​វាយប្រហារ​។​

​យន្តហោះ​ចម្បាំង​នេះ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​អាកាសចរណ៍​ទំនើប​បំផុត​និង​ប្រព័ន្ធ​រ៉ា​ដាស​កម្ម​ពីលើ​អាកាស​ក៏ដូចជា​ជាមួយនឹង​អាវុធ​បាញ់​ច្បាស់ៗ​ចំ​គោលដៅ​ជាច្រើន​ប្រភេទ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង Su-57