រុស្ស៊ី​ចាប់ផ្តើម រារាំង​រលកសញ្ញា​ដ្រូ​ន​នៅលើ​ស៊ី​រី ខណៈ​អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅ​ឈូង​សមុទ្រ​

3433
ចែករម្លែក

​រុស្ស៊ី បានចាប់ផ្តើម​រារាំង​រលកសញ្ញា​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​របស់​យោធា​អាមេរិក ដែល​ប្រតិបត្តិកា​រលើ​ស៊ី​រី ជាហេតុ​នាំ​អោយ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោ​​ធា​របស់​អាមេរិក​ជាខ្លាំង​,​នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ដេល្លី​ម៉េល​។​

​ការធ្វើអោយ​អសកម្មរ​លក​បញ្ជូន​សារ​នេះ​បាន​ចាប់ផ្តើម​នៅ​ប៉ុន្មាន​ថ្ងៃមុន​ការវាយប្រហារ​ដោយ​ឧស្ម័ន ដែល​ត្រូវបាន​លោកខាងលិច​ចោទប្រកាន់ថា​ជា​ស្នាដៃ​របស់​របប​​គ្រប់គ្រង​របស់​លោក​អា​សាត ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​៤០​នាក់​។​ពួក​មន្ត្រី​អាមេរិក​ប៉ាន់ស្មាន​ថា វិធានការ​អេឡិចត្រូនិក​នេះ​ធ្វើឡើង​តាម​បញ្ជា​របស់​ប្រធានា​ធិ​ប​តី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​រំពឹង​ថា​នឹង​មាន​ការវាយប្រហារ​ស​ង​សឹក​ពី​អាមេរិក​។​

​របាយការណ៍​ដែល​ដំបូង​ត្រូវបាន​ផ្សាយ​ដោយ​សារព័ត៌មាន​NBC​បង្ក​ការបារម្ភ​ថា ជម្លោះ​នៅ​ស៊ី​រី​កំពុង​ប្រែក្លាយ​ជា​សង្គ្រាម​រវាង រុស្ស៊ី អ៊ីរ៉ង់​និង​របប​គ្រប់គ្រង​អាសាត​ជា​​មួយ​អាមេរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​។​

​ប្រធានាធិបតី​ត្រាំ ត្រូវ​រំពឹងថា​នឹង​បញ្ជា​អោយ​យោធា​អាមេរិក​ធ្វើ​ការវាយប្រហារ​សងសឹក​លើ​របប​អាសាត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដោយ​មាន​ការគាំទ្រ​ពី​អង់គ្លេស​និង​បា​​រាំង​។​វា​ក៏​បាន​កើតឡើង​ក្រោយ​ពី​អ៊ីស្រាអែល​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស​ធំ​បំផុត​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ​។​តែ​ការធ្វើអោយ​ស្ទះ​ការបញ្ជូន​រលកសញ្ញា​នេះ អាច​​ជា​ការជ្រៀតជ្រែក​ធ្ងន់ធ្ងរ​ក្នុង​លទ្ធភាព​របស់​អាមេរិក​ដើម្បី​វាយប្រហា​រហើយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី​អាច​បាញ់​ទម្លាក់​កាំជ្រួច​បណ្តែត​របស់​អាមេរិក​។​

​នាវា​ផ្ទុក​យន្តហោះ​USS Harry Truman​ត្រូវ​ចាកចេញ​ពី​អាមេរិក​ឆ្ពោះទៅកាន់​ឈូង​សមុទ្រ​អារ៉ាប់​នៅ​ថ្ងៃ​ពុធ​ទី​១១​មេសា​និង​អាច​ដើរ​តួនាទី​សំខាន់​មួយ​នៅក្នុង​ប្រតិបត្តិការ​​ណា​មួយ​នៅពេល​ខាងមុខ​។​

NBC News​បាន​រាយការណ៍​ថា មន្ត្រី​អាមេរិក​៤​នាក់​និយាយថា យោធា​រុស្ស៊ី​បានចាប់ផ្តើម​រារាំង​សញ្ញា​របស់ដ្រូន​តូចៗ​ខ្លះ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ក្រោយពី​មាន​ជម្លោះ​​អំពី​ការវាយប្រហារ​ដោយ​អាវុធ​គីមី​លើ​ជន​ស៊ីវិល​នៅ​តំបន់​ហ្គោ​តា​ខាងកើត​ក្នុងប្រទេស​ស៊ី​រី​។​ពួកគេ​និយាយថា​យោធា​រុស្ស៊ី​មាន​ការព្រួយបារម្ភ​ថា​អាមេរិក​នឹង​សង​​សឹក​ដូច្នេះ​ពួកគេ​រារាំង​រលកសញ្ញា​ប្រព័ន្ធ​GPS នៅក្នុង​តំបន់​។​

​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​នឹង​សំរេចចិត្ត​អំពី​ចំណាត់ការ​យោធា​នៅ​ស៊ី​រី ក្នុងពេល​ប៉ុន្មាន​ម៉ោង​ទៀត នៅពេល​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​ត្រៀម​ចម្លើយ​តប​របស់​ខ្លួន​ចំពោះ​ការវាយប្រហា​រលើ​ជនស្លូតត្រង់​ស៊ី​រី​ដោយ​ប្រើ​សព្វាវុធ​ហាមឃាត់​។​

​ទោះជា​យ៉ាងណា ស៊ី​រី​និង​រុស្ស៊ី​ដែល​ជា​សម្ពន្ធមិត្ត បាន​បដិសេធ​ថា​ពួកគេ​មិនបាន​ប្រើ​សព្វាវុធ​គីមី​ទេ​។​

​រុស្ស៊ី បាន​បញ្ជូន​ទ័ព​ទៅ​ស៊ី​រី​នៅ​ឆ្នាំ​២០១៥ ដើម្បី​ការពារ​មូលដ្ឋាន​យោធា​ដ៏​សំខាន់​ខាង​យុទ្ធសាស្ត្រ​បំផុត​របស់​ខ្លួន​នៅ​មជ្ឈិម​បូព៌ា និង​ការពារ​របប​គ្រប់គ្រង​របស់​ប្រធានា​​ធិបតី បាស​សា អាល់ អា​សាត​៕​ដោយ​៖​វាសនា​

​យន្តហោះ​ចេញ​ពី​នាវា​ផ្ទុក​យន្តហោះ​USS Theodore Roosevelt នៅ​សមុទ្រ​ចិន​ក្រោយ​ចេញពី​ឈូង​សមុទ្រ​អារ៉ាប់ តែ​នាវា​USS Harry Truman​ត្រូវ​ទៅ​ដល់​ឈូ​ង​​សមុទ្រ​នេះ​នៅ​សប្តាហ៍​

​កាំជ្រួច​របស់​អ៊ីស្រាអែល​វាយប្រហារ​មូលដ្ឋាទ័ព​អាកាស​ស៊ីរី​ដោយ​សម្លាប់​មនុស្ស​១៤​នាក់​នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ត្រាំ​ព្រមាន​ជន​ផ្តាច់ការ បាស​សា អាល់​អាសាត​​ថា​នឹង​បង់​តំលៃ​ដ៏​ធំ ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​

​ពួក​អ្នក​ជួយ​សង្គ្រោះ​និង​គ្រូពេទ្យ នៅ​ទីប្រជុំជន​ដូ​ម៉ា និយាយថា មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់​ក្រោយ​ការវាយប្រហារ​ដោយ​ឧស្ម័ន​