រុស្ស៊ី​ចាប់​បុរស​អាមេរិក​ម្នាក់​ដោយ​ចោទថា​ធ្វើ​ចារកម្ម ខណៈ​បុរស​នោះ​កំពុង​ចូលរួម​មង្គលការ​មិត្តភក្តិ​

485
ចែករម្លែក

​អតីត​ទាហាន​ម៉ា​រី​ន​អាមេរិក​លោក​ផូ​ល វេ​លែ​ន (Paul Whelan) ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​រុស្ស៊ី​ពីបទ​ចារកម្ម បាន​កំពុង​មកលេង​នៅ​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​ឈប់សម្រាក​ដើម្បី​ចូលរួម​ពិធីមង្គលការ​មួយ នៅពេល​គាត់​សុខៗ​ស្រាប់តែ​បាត់​ខ្លួន​។ នេះ​បើតាម​សម្តី​ប្អូនប្រុស​របស់គាត់​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ទី​១​មករា​។​

​លោក​វេ​លែ​ន​អាយុ ៤៨ ឆ្នាំ ដែលជា​ប្រធាន​សន្តិសុខ​សកល​សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងបន្លាស់​រថយន្ត​នៅ​រដ្ឋ​មី​ស៊ី​ហ្គែ​ន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ធ្នូ​។ បន្ទាប់ពី​ប្រកាស​អំពី​ការចាប់ខ្លួន​នោះ​នៅ​៣​ថ្ងៃ​ក្រោយមក ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធរុស្ស៊ី​បាន​និយាយថា លោក​វេ​លែ​ន​ត្រូវគេ​ចាប់បាន “​អំឡុង​ពេលធ្វើ​ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​មួយ​” ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​។​

​គ្រួសារ​របស់គាត់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ប្អូនប្រុស​ឈ្មោះ​ដេវីត វេ​លែ​ន​បង្ហោះ​នៅលើ Twitter ថា “​យើង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​និង​សុខុមាលភាព​របស់គាត់​។ ភាព​ស្អាតស្អំ​របស់គាត់​គឺ​គ្មានអ្វី​ជា​មន្ទិល​នោះឡើយ ហើយ​យើង​ជឿទុកចិត្ត​ថា សិទ្ធិ​របស់គាត់​នឹងត្រូវ​បាន​គោរព​”​។​

​បទចោទប្រកាន់​អំពី​ចារកម្ម​របស់​រុស្ស៊ី​មាន​ស្ថាន​ទម្ងន់ទោស​ជាប់ពន្ធនាគារ​រហូតដល់ ២០ ឆ្នាំ​។​

​លោក​ដេវីត វេ​លែ​ន បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា បងប្រុស​របស់គាត់​ធ្លាប់​ទៅ​ប្រទេស​រុស្ស៊ី​ជាច្រើនលើក​មកហើយ ដូច្នេះ​នៅពេល​អតីត​ទាហាន​ម៉ា​រី​ន​ជា​មិត្ត​ម្នាក់​កំពុង​រៀបចំ​ពិធីមង្គលការ​មួយ​នៅ​ទីក្រុង​មូ​ស្គូ​ជាមួយ​នារី​រុស្សី​ម្នាក់ គាត់​ត្រូវបាន​សុំឱ្យ​មកជួយ​។​

​នៅ​ព្រឹក​នៃ​ការចាប់ខ្លួន លោក​វេ​លែ​ន​បាន​កំពុង​នាំ​ភ្ញៀវ​អាពាហ៍ពិពាហ៍​មួយក្រុម​ទៅ​ទស្សនា​សារមន្ទីរ​វិមាន​ក្រឹម​ឡាំង​។ ប្អូនប្រុស​រូបនោះ​និយាយថា ពេលវេលា​ចុងក្រោយ​ដែល​គេ​បានឮ​ដំណឹង​ពី​បងប្រុស​គាត់​គឺ​នៅ​ម៉ោង​ប្រហែល ៥ ល្ងាច ហើយ​ក្រោយមក​គាត់​មិនបាន​បង្ហាញខ្លួន​នៅ​ល្ងាច​នោះ​សម្រាប់​អាពាហ៍ពិពាហ៍​នោះទេ​។ លោក​ដេវីត​និយាយថា “​វា​ជា​រឿង​ខុស​ប្រក្រតី​ខ្លាំង​”​។

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​ធ្នូ​ថា ខ្លួន​បានទទួល​ការជូនដំណឹង​ផ្លូវការ​ពី​ក្រសួងការបរទេស​រុស្ស៊ី​អំពី​ការចាប់ខ្លួន​នេះ និង​កំពុង​ដុតដៃដុតជើង​ឱ្យ​ខាង​កុងស៊ុល​ជួយ​។ លោក​ដេវីត វេ​លែ​ន​និយាយថា គ្រួសារ​គាត់​ត្រូវបាន​ប្រាប់​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្រុង​មូ​ស្គូ​ថា ពួកគេ​មិនអាច​និយាយ​ជាមួយ​លោក​ផូ​ល វេ​លែ​ន​បានទេ​៕ ដោយ៖ កញ្ញាដាលីស

អតីត​ទាហាន​ម៉ា​រី​ន​អាមេរិក​លោក​ផូ​ល វេ​លែ​ន ត្រូវបាន​រុស្ស៊ី​ចាប់ខ្លួន​ពីបទ​ចារកម្ម ខណៈ​កំពុង​ចូលរួម​មង្គលការ​មិត្តភក្តិ​នៅ​មូ​ស្គូ