រុស្ស៊ី​ថា​យន្តហោះ​យោធា​មួយគ្រឿង​របស់ខ្លួន​បាត់​ការទាក់ទង​នៅក្បែរ​ប្រទេស​ស៊ី​រី​ក្នុងអំឡុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល​និង​បារាំង​

754
ចែករម្លែក

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារទី១៨ខែកញ្ញាថា យន្តហោះយោធាមួយគ្រឿងរបស់ខ្លួនដែលមានមនុស្ស១៤នាក់នៅលើយន្តហោះនោះ បានបាត់ការទាក់ទងពីប្រព័ន្ធរ៉ាដានៅលើប្រទេសស៊ីរី ខណៈដែលកងកម្លាំងអ៊ីស្រាអែលនិងបារាំងកំពុងបង្កើនការវាយប្រហារតាមអាកាសលើគោលដៅជាច្រើននៅប្រទេសស៊ីរី។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជឿថា​យន្តហោះចម្បាំងរុស្ស៊ីIl-20 turbo-prop ដែលប្រើសម្លាប់ឈ្លបយកការណ៍នេះ ត្រូវបានបាញ់ធ្លាក់ដោយចៃដន្យដោយកាំភ្លើងធំប្រឆាំងយន្តហោះ ដែលប្រើប្រាស់ដោយរដ្ឋាភិបាលស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ ។

ក្នុងអំឡុងពេលដែលយន្តហោះនោះបានបាត់នោះ ទីក្រុងLatakia នៅប្រទេសស៊ីរីនេះ បានស្ថិតនៅក្រោមការវាយប្រហារពីមីស៊ីលរបស់សត្រូវ ហើយកងទ័ពរដ្ឋាភិបាលស៊ីរី បានឆ្លើយតបវិញដោយបាញ់មីស៊ីល។ នេះបើយោងតាមសារព័ត៌មានរដ្ឋរបស់ស៊ីរី។

ក្រសួងការពារជាតិរុស្ស៊ី​ បាននិយាយថា យន្តហោះនេះ បានកំពុងហោះត្រឡប់ទៅមូលដ្ឋានកងទ័ពអាកាសHmeymim ដែលគ្រប់គ្រងដោយរុស្ស៊ីនៅខេត្តLatakia នៅស៊ីរី នៅពេលដែល វាបានបាត់ពីប្រព័ន្ធរ៉ាដា។

សារព័ត៌មានរុស្ស៊ីTASS បាននិយាយថា យន្តហោះនេះបានហោះពីលើសមុទ្រមេឌីទែរ៉ាណេនៅចម្ងាយប្រហែល៣៥គីឡូម៉ែត្រពីឆ្នេរសមុទ្រស៊ីរី នៅមុនពេលវាបានបាត់៕ដោយ៖សុខា/sn

យន្តហោះចម្បាំងរុស្ស៊ីIl-20 turbo-prop