រុស្ស៊ី​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ជុំវិញ​ជាតិគីមី​ពុល​ថា​ជា​ទង្វើ​ខុសច្បាប់ និង​ប្រកាស​សងសឹក​វិញ​

310

​រុស្ស៊ី​បាន​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ថា​ជា​អំពើ​ខុសច្បាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​សីហា​ហើយ​បាន​និយាយថា​ខ្លួន​បានចាប់ផ្តើម​ធ្វើការ​ដើម្បី​ចាត់វិធានការ​សងសឹក បន្ទាប់ពី​ដំណឹង​នៃ​ទណ្ឌកម្ម​ថ្មី​នេះ​បានធ្វើឱ្យ​ប្រាក់​រូ​ប្លិ៍​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ដោយសារ​មានការ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្កូ​នឹង​ជាប់​ទ្រឹង​ក្នុង​ទណ្ឌកម្ម​គ្មាន​ទីបញ្ចប់​នេះ​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រេះឆា​រវាង​អាមេរិក​និង​រុស្ស៊ី ចាប់តាំងពី​លោក​ដូ​ណា​ល់ ត្រាំ បានឈ្នះ​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៦ ហើយ​ពួក​វរជន​នយោបាយ​របស់​រុស្ស៊ី​បាន​ប្រញាប់ប្រញាល់​ចេញមក​និយាយថា កិច្ចប្រជុំ​កំពូល​មួយ​កាលពី​ខែ​មុន​រវាង​លោក​ត្រាំ និង​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន គឺជា​ជ័យជម្នះ​។​

​ប៉ុន្តែ​ជ័យជម្នះ​នេះ​ភ្លាមៗ​បាន​ប្រែ​ទៅជា​ជូរចត់​ជុំវិញ​អ្វីដែល​សមាជិកសភា​អាមេរិក​មើលឃើញថា​ជាការ​ដឹកនាំ​ចាញ់​ប្រៀប​យ៉ាងខ្លាំង​របស់​ត្រាំ ហើយ​ការខកខាន​របស់លោក​ត្រាំ​ក្នុងការ​ប្រឈមមុខ​ជាមួយ​លោកពូ​ទីន​អំពី​ការជ្រៀតជ្រែក​របស់​មូ​ស្គូ​នៅក្នុង​នយោបាយ​របស់​អាមេរិក បាន​ជំរុញឱ្យមាន​ការដាក់ទណ្ឌកម្ម​ថ្មី​។​

​ដោយ​ភ្នាល់​ថា​ទំនាក់ទំនង​ជាមួយ​វ៉ាស៊ីនតោន​នឹង​ល្អប្រសើរ​ឡើង​តាមរយៈ​លោក​ត្រាំ ឥឡូវ​មូ​ស្គូ​មើលឃើញថា លោក​ត្រាំ​កំពុង​រង​សម្ពាធ​ខ្លាំង​ឡើង​ពី​សមាជិកសភា​អាមេរិក​ដើម្បី​បង្ហាញថា​គាត់​មាន​ជំហរ​តឹងរ៉ឹង​មកលើ​រុស្ស៊ី មុនពេល​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​មកដល់​។​

​ក្នុងការ​វាយប្រហារ​ពា​ក្យ​សម្តី​ចុង​ក្រោយនេះ ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​សីហា​ថា​ខ្លួន​នឹងដាក់​ទណ្ឌកម្ម​ថ្មី​នៅ​ចុងខែ​នេះ បន្ទាប់ពី​បានកំណត់​ថា មូ​ស្គូ​បាន​ប្រើប្រាស់​ជាតិគីមី​ពុល​ប្រឆាំងនឹង​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​រុស្ស៊ី​ឈ្មោះ សឺ​ហ្គី ស្គ្រី​ប៉ាល់ និង កូនស្រី​គាត់ ឈ្មោះ យូ​លី​យ៉ា នៅក្នុង​ប្រទេស​អង់គ្លេស​។ មូ​ស្គូ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ទាំងស្រុង​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ការដាក់ទណ្ឌកម្ម​ថ្មី​នេះ​គឺ​ខុសច្បាប់​និង​មិន​រាក់ទាក់​នោះទេ ហើយ​ថា​ចំណាត់ការ​របស់​អាមេរិក​គឺ​ផ្ទុយ​នឹង “​បរិយាកាស​ប្រកបដោយ​ការស្ថាបនា​” នៃ​ជំនួប​របស់លោក​ត្រាំ​និង​លោកពូ​ទីន​នៅក្នុង​ទីក្រុង​ហែល​ស៊ីន​គី​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា មូ​ស្គូ​នឹង​ចាប់ផ្តើម​ធ្វើការ​ដើម្បី​ដាក់ចេញ​វិធានការ​សងសឹក “​នៅក្នុង​ស្មារតី​ដូចគ្នា​” ទៅនឹង​កម្រិត​ទណ្ឌកម្ម​របស់​អាមេរិក​ដែរ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន