រុស្ស៊ី​និង​ចិន​រិះគន់​អាម៉េរិក​ជុំវិញ​ការសាកល្បង​មី​ស៊ី​ល​

208
ចែករម្លែក

​រុស្ស៊ី​និង​ចិន​បាន​កាល​ថ្ងៃ​អង្គារ​ទី​២០​សីហា​បាន​រិះគន់​ការសាកល្បង​មី​ស៊ី​ល​របស់​អាមេរិក ដែល​បាន​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​និង​អាច​បង្កឱ្យមាន​ការប្រណាំង​ប្រជែង​សព្វាវុធ​ជាថ្មី ពោលគឺ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ហែក​ចោល​សន្ធិសញ្ញា​សព្វាវុធ​សម័យ​សង្គ្រាមត្រជាក់​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​អាម៉េរិក​និង​រុស្ស៊ី​បាន​ហែក​ចោល​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) ក្នុង​ខែសីហា​នេះ បន្ទាប់ពី​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពីបទ​រំលោភ​សន្ធិសញ្ញា​នេះ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា សន្ធិសញ្ញា​នេះ​ក៏បាន​ចងដៃ​ខ្លួន​ក្នុងការ​ដោះស្រាយ​ជាមួយ​មហាអំណាច​ផ្សេងទៀត​ផងដែរ ដូចជា ចិន ជាដើម​។​

​ក្រសួងការពារជាតិ​អាម៉េរិក​បានប្រកាសថា កាលពី​ថ្ងៃអាទិត្យ​ខ្លួន​បាន​សាកល្បង​មី​ស៊ី​លបាញ់​ចេញ​ដី Tomahawk ដែល​ត្រូវបាន​ហាមឃាត់​ក្រោម​សន្ធិសញ្ញា INF ឆ្នាំ ១៩៨៧ ដែល​រឹតត្បិត​ការប្រើប្រាស់​មី​ស៊ី​ល​ធម្មតា និង​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក សឺ​ហ្គី រី​យ៉ាប​កូវ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ TASS ថា “​សហរដ្ឋ​អាម៉េរិក​ច្បាស់​ណាស់​គឺ​កំពុង​ដើរ​ឆ្ពោះទៅរក​ការកើនឡើង​ភាព​តានតឹង​ផ្នែក​យោធា​។ យើង​នឹងមិន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការបង្ក​ហេតុ​ឡើយ​។ យើង​នឹងមិន​អនុញ្ញាតឱ្យ​ខ្លួន​យើង​ធ្លាក់​ចូលទៅក្នុង​ការប្រណាំង​ប្រជែង​សព្វាវុធ​ដ៏​ខាតបង់​នោះឡើយ​”​។​

​លោ​ករី​យ៉ាប​កូវ​បាន​និយាយថា ការសាកល្បង​នេះ​សបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានធ្វើ​ការងារ​លើ​មី​ស៊ី​ល​បែបនេះ​ជា​យូរ​មកហើយ មុនពេល​ដកខ្លួន​ជា​ផ្លូវការ​ចេញពី​សន្ធិសញ្ញា INF​។​

​ក្នុង​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​កេង សួង​និយាយថា “​វិធានការ​របស់​អាម៉េរិក​នឹង​បង្កឱ្យមាន​ការប្រណាំង​ប្រជែង​សព្វាវុធ​សាជាថ្មី ដោយ​នាំឱ្យ​កើនឡើង​ការប្រឈមមុខ​ដាក់គ្នា​ខាង​យោធា​”​។

​លោក​បាន​ព្រមាន​ថា ការសាកល្បង​មី​ស៊ី​ល​នេះ “​នឹង​ជះ​ផលប៉ះពាល់​អវិជ្ជមាន​ធ្ងន់​ធ្ង​រ​ដល់​ស្ថានភាព​សន្តិសុខ​អន្តរជាតិ​និង​តំបន់​”​។ លោក​បាន​បន្ថែមថា សហរដ្ឋ​អាម៉េរិក “​គួរតែ​បោះបង់ចោល​គំនិត​នៃ​សង្គ្រាមត្រជាក់ និង ធ្វើ​រឿង​ច្រើន​ផ្សេងទៀត​ដែល​ផ្តល់​ប្រយោជន៍​ដល់​សន្តិភាព​និង​ភាព​ស្ងប់​សុខ​របស់​អន្តរជាតិ​និង​តំបន់​”៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិក​បាញ់​សាកល្បង​មី​ស៊ី​ល Tomahawk កាលពី​ថ្ងៃអាទិត្យ
#