រុស្ស៊ី​និង​តួ​ក​គី​ធ្វើ​កិច្ចព្រមព្រៀង ចែកគ្នា​កាន់​កាន់​ទឹកដី​ស៊ី​រី​ភាគ​ឦសាន​

258
ចែករម្លែក

​រុស្ស៊ី​និង​តួ​ក​គី​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​តុលា ដែល​នឹង​ពង្រឹង​អំណាច​របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ដាក់ពង្រាយ​កម្លាំង​របស់​ពួកគេ​ឆ្លងកាត់​ព្រំដែន​ភាគ​ឦសាន​ស្ទើរតែ​ទាំងស្រុង​របស់ខ្លួន​ដើម្បី​បំពេញ​ចន្លោះប្រហោង​ដែល​បន្សល់ទុក​ដោយ​ការដក​ទ័ព​ចេញ​ភ្លាមៗ​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​កិច្ចព្រមព្រៀង​នេះ​បានបង្ហាញ​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​និង​លឿន​បំផុត​នៃ​ផែនទី​ស៊ី​រី ដែល​លេច​រូបរាង​ដោយ​ការសម្រេចចិត្ត​របស់លោក​ត្រាំ​កាលពី​ពីរ​សប្តាហ៍​មុន​ដើម្បី​ដក​ទាហាន​អាម៉េរិក​ចេញ​។​

​កងទ័ព​អាម៉េរិក​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​ប្រយុទ្ធ​អស់​រយៈពេល ៥ ឆ្នាំ​ជាមួយ​កងកម្លាំង​ដឹកនាំ​ដោយ​ពួក​ឃឺ​ដ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ស៊ី​រី​ហើយ​ទទួលបាន​ជោគជ័យ​ក្នុងការ​ផ្តួលរំលំ​ការគ្រប់គ្រង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ទីនោះ ដោយ​បណ្តាល​ឱ្យស្លាប់​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​រាប់ពាន់នាក់​។ ឥឡូវនេះ​ទឹកដី​ភាគច្រើន​នៅ​ភាគ​ឦសាន​នឹងត្រូវ​ប្រគល់​ទៅឱ្យ​គូប្រជែង​របស់​អាម៉េរិក​។​

​អ្នកឈ្នះ​ធំជាងគេ​គឺ​តួ​ក​គី​និង​រុស្ស៊ី​។ តួ​ក​គី​នឹង​ទទួលបាន​ការត្រួតត្រា​ទាំងស្រុង​លើ​តំបន់​នានា​នៃ​ព្រំដែន​ស៊ី​រី​ដែល​ត្រូវបាន​កាន់កាប់​ក្នុងការ​លុកលុយ​របស់ខ្លួន ខណៈដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​តួ​ក​គី​រុស្ស៊ី​និង​ស៊ី​រីនឹង​ឃ្លាំមើល​តំបន់​ព្រំដែន​ដែល​នៅសល់​។ អតីត​សម្ព័ន្ធមិត្ត​របស់​អាម៉េរិក​គឺ​អ្នក​ប្រយុទ្ធ​ឃឺ​ដ​សង្ឃឹមថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ដា​ម៉ា​សនឹង​រក្សាទុក​នូវ​ក្តី​សុបិន​ខ្លះ​នៃ​ស្វ័យភាព​របស់​ពួកគេ​។​

​ទន្ទឹមនឹង​នេះដែរ អាម៉េរិក​កំពុង​ជួប​ការលំបាក​ក្នុងការ​ចេញពី​ប្រទេស​ស៊ី​រី​នៅក្នុង​ការដក​ទ័ព​ដ៏​តក់ក្រហល់ ខណៈ​វិសាលភាព និង​គោលដៅ​របស់ខ្លួន​ហាក់​ផ្លាស់ប្តូរ​ភ្លាមៗ នៅពេល​ពួកគេ​ចង់​រក្សា​ឥទ្ធិពល​ខ្លះ​នៅលើ​ដី​ស៊ី​រី​។​

​រឹតតែ​យ៉ាប់​គឺថា​យោធា​អ៊ីរ៉ាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​កងទ័ព​អាម៉េរិក​ដែល​ចេញពី​ប្រទេស​ស៊ី​រី​មិនមាន​ការអនុញ្ញាតឱ្យ​ស្នាក់នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​ទេ ដែល​ផ្ទុយទៅនឹង​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ពើ នៅ​មួយថ្ងៃ​មុននេះ​ថា ពួកគេ​នឹង​នៅ​ទីនោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។ លោក​អេ​ស្ពើ​ក៏បាន​និយាយ​អំពី​ការរក្សា​កងទ័ព​មួយចំនួន​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ផងដែរ​ដើម្បី​ការពារ​វាល​ប្រេងកាត​ដែល​កាន់កាប់​ដោយ​ពួក​ឃឺ​ដ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន (​ស្តាំ​) និង ប្រធានាធិបតី​តួ​ក​គី​លោ​ករី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន ចាប់ដៃគ្នា បន្ទាប់ពី​ការចរចា​នៅ​ទីក្រុង​សូ​ជី​កាលពី​ថ្ងៃ​អង្គារ​ទី​២២​តុលា