រុស្ស៊ី​និង​តួ​ក​គី យល់ព្រម​សម្របសម្រួល​គ្នា​អំពី​ប្រតិបត្តិការ​នៅ​ស៊ី​រី​ក្រោយ​អាមេរិក​ដកទ័ព​ចេញ​

863
ចែករម្លែក

​រុស្ស៊ី​និង​តួ​ក​គី កាលពី​ថ្ងៃ​សៅ​រិ៍​បាន​យល់ព្រម​សម្របសម្រួល​គ្នា​អំពី​ប្រតិបត្តិការ​លើដី​គោក​នៅក្នុង​ប្រទេស​ស៊ី​រី បន្ទាប់ពី​ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់​ប្រធានាធិបតី​អាមេរិក​​អំពី​ការដក​ទាហាន​អាមេរិក​ចេញពី​ស៊ី​រី ជាហេតុ​នាំអោយ​កងកម្លាំង​ឃឺ​ត​ដែល​ធ្លាប់មាន​កងកម្លាំង​អាមេរិក​ជា​បង្អែក​នៅ​តែលតោល​និង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​(​ស៊ី​រី​)​និង​អង់​​កា​រ៉ា​(​តួ​ក​គី​)​បញ្ជូន​ទ័ព​ទៅកាន់​តំបន់​គ្រប់គ្រង​ដោយ​កងកម្លាំង​ឃឺ​ត​ដោយ​ម្ខាង​ដើម្បី​គាំទ្រ​និង​ម្ខាង​កំចាត់​។​

​ចំណាត់ការ​របស់លោក​ត្រាំ បាន​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​សម្ពន្ធភាព​មួយ​ជាមួយ​ទាហាន​ស៊ី​រី ដែល​ត្រូវបាន​បញ្ជូនទៅ​គាំទ្រ​កងកម្លាំង​ជាតិ​ឃឺ​ត​នៅ​ជុំវិញ​ទីក្រុង​យុទ្ធសាស្ត្រ​ភាគ​​ខាងជើង ម៉ាន់​ប៊ី​។​ពួក​យុទ្ធជន​ឃឺ​ត ដែល​កំពុងស្ថិត​ក្រោម​កា​រ​គំរាម​ពី​កងកម្លាំង​តួ​ក​គី ធ្លាប់បាន​ការគាំទ្រ​ពី​កងកម្លាំង​អាមេរិក​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេ ឡាវ​រ៉ូ​វ បន្ទាប់ពី​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​តួ​ក​គី លោក​មេ​វ​លុត កា​វូ​សូ​គ្លូ បាន​និយាយថា​«​ពិតណាស់ យើង​បាន​ផ្តោត​ការយក​​ចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ​កាលៈទេសៈ​ថ្មី​ដែល​ទំនងជា​ពាក់ព័ន្ធ​នឹង​ការប្រកាស​ដក​ទាហាន​អាមេរិក​»​។​

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេ ឡាវ​រ៉ូ​វ (ស្តាំ)ជួបពិភាក្សា​ជាមួយ​សម​ភាគី​តួ​ក​គី លោក​មេ​វ​លុត កា​វូ​សូ​គ្លូ​

​សូមបញ្ជាក់ថា ក្រោយ​អាមេរិក​ប្រកាស​ដកទ័ព​ភ្លាម រដ្ឋាភិបាល​ក្រុង​ដា​ម៉ា​សបាន​បញ្ជូន​កងកម្លាំង​ភ្លាម​ដែរ​ទៅកាន់​ម្តុំ​ទីប្រជុំជន​ភាគ​ខាងជើង​កន្លែង​ដែល​កងកម្លាំង​ឃឺ​ត​​តាំងនៅ​ដើម្បី​គាំទ្រ​កងកម្លាំង​នេះ​បន្ត​រួមគ្នា​វាយ​កំចាត់​ពួកក្រុម​រដ្ឋ​អ៊ីស្លាម ដែលនាំអោយ​សម្ពន្ធមិត្ត​រុស្ស៊ី​សប្បាយចិត្ត​តែ​បានធ្វើអោយ​តួ​ក​គី​មិន​សប្បាយចិត្ត​ខណៈ​ខ្លួន​ក៏បាន​​បញ្ជូន​កម្លាំង​សន្ធឹកសន្ធាប់​ទៅកាន់​តំបន់​នោះ​ដើម្បី​វាយ​កំចាត់​ពួក​ឃឺ​ត​ដែល​ខ្លួន​គិតថា​ជាការ​គំរាម​ដល់​សន្តិសុខ​របស់ខ្លួន​។​

ទោះជា​យ៉ាងណា លោក​ឡាវ​រ៉ូ​វ​បាន​និយាយថា​«​ការយោគយល់​គ្នា​ត្រូវបាន​ធ្វើឡើង​អំពី​របៀប​ដែល​តំណាង​យោធា​រុស្ស៊ី​និង​តួ​ក​គី​នឹង​បន្ត​សម្របសម្រួល​គ្នា​អំពី​ប្រតិបត្តិ​​ការ​របស់គេ​នៅលើ​ដីគោក​ក្រោម​លក្ខខណ្ឌ​ថ្មី​ជាមួយនឹង​ទស្សនៈ​គាស់​រំលើង​ការ​គំរាម​ភេរវកម្ម​នៅ​ស៊ី​រី​»​។​

​ចំណែក​លោក​កា​វូ​សូ​គ្លូ បានបញ្ជាក់​អះអាងថា​ប្រទេស​ទាំងពីរ​នឹង​សម្របសម្រួល​គ្នា​អំពី​ប្រតិបត្តិការ​នៅ​ស៊ី​រី និង​ក៏បាន​ពិភាក្សា​អំពី​ផែនការ​ជួយ​ជនភៀសខ្លួន​អោយ​វិល​​ទៅកាន់​សំនៅ​ស្ថាន​របស់​ពួកគេ​វិញ​ដែរ​៕​ដោយ​៖​វាសនា​