រុស្ស៊ី​និង​ឥណ្ឌា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អំពី​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស

2852
ចែករម្លែក

ជំនួយការវិមានក្រឹមឡាំងម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី២តុលា នៅមុនដំណើរទស្សនកិច្ចរបស់លោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ទៅប្រទេសឥណ្ឌាថា លោក វ្ល៉ាឌីមៀរ​ ពូទីន នឹងពិនិត្យមើលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់៥ពាន់លានដុល្លារនៅសប្តាហ៍នេះដើម្បីផ្គត់ផ្គង់ ប្រព័ន្ធមីស៊ីលការពារអាកាសS-400 ដល់រដ្ឋាភិបាលក្រុងញូវដែលី ។

លោក យូរី យូសាកូវ (Yury Ushakov)ជំនួយការគោលនយោបាយបរទេសរបស់លោក វ្ល៉ាឌីមៀរ ពូទីនបាននិយាយថា “ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នឹងចាកចេញទៅប្រទេសឥណ្ឌានៅថ្ងៃទី៤ខែតុលា”។

លោកបាននិយាយថា “ការសំខាន់នៃដំណើរទស្សនកិច្ចនេះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រព័ន្ធការពារអាកាសS-400 នេះ” ។ តម្លៃនៃកិច្ចសន្យានេះគឺច្រើនជាង៥ពាន់លានដុល្លារ។

រដ្ឋាភិបាលក្រុងម៉ូស្គូបានចរចាអស់រយៈពេលជាច្រើនខែមកហើយដើម្បីលក់ប្រព័ន្ធមីស៊ីលS-400 ដែលមានរយៈចម្ងាយឆ្ងាយនេះ ទៅឱ្យប្រទេសឥណ្ឌា ។

ការលក់នេះបានធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលជាដៃគូការពាររបស់ឥណ្ឌាមានការខឹង ដោយសាររដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ធ្វើឱ្យឥណ្ឌាងាកចេញពីការបើប្រើប្រាស់បច្ចេកវិទ្យារុស្ស៊ីហើយមន្ដ្រីមន្ទីរបញ្ចកោណជាន់ខ្ពស់ម្នាក់បាននិយាយកាលពីខែសីហាថាការដាក់ទណ្ឌកម្មប្រឆាំងឥណ្ឌានឹងត្រូវបានពិចារណាប្រសិនបើឥណ្ឌានៅតែចង់ទិញអាវុធរុស្ស៊ីនេះ ។

តែឥណ្ឌាបាននិយាយថាខ្លួននឹងស្នើរដ្ឋាភិបាលវ៉ាស៊ីនតោនសម្រាប់ការលើកលែងពិសេសពីការដាក់ទណ្ឌកម្ម។ទោះបីជាយ៉ាងនេះក្តី មន្រ្តីអាមេរិកម្នាក់បាននិយាយកាលពីសប្តាហ៍មុនថា មិនមានការធានាថាអាមេរិកនឹងធ្វើដូច្នោះទេ៕ដោយ៖សុខាs/n

ប្រព័ន្ធមីស៊ីលការពារអាកាសS-400 របស់រុស្ស៊ី