រុស្ស៊ី​និយាយថា​អង់គ្លេស “​កំពុង​លេង​ជាមួយ​ភ្លើង​” រឿង​បំពុល​ចារកម្ម​រុស្ស៊ី​

1022
ចែករម្លែក

​ការព្រួយបារម្ភ​ជា​អន្តរជាតិ​អំពី​ការបំពុល​ចារកម្ម​រុស្ស៊ី​និង​កូនស្រី​របស់គាត់​កាន់តែ​កើន​កម្តៅ​ខ្លាំង​ឡើង ខណៈដែល​រុស្ស៊ី​បាន​ព្រមាន​អង់គ្លេស​ថា ប្រទេស​នេះ​កំពុង “​លេង​ជាមួយ​ភ្លើង​”​។​

​នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អ​.​ស​.​ប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក វាស​ស៊ី​លី នេ​បិ​ន​ហ្សា (Vassily Nebenzia) បាន​អះអាងថា រុស្ស៊ី​គឺជា​ជនរងគ្រោះ​នៃ​យុទ្ធនាការ​បរិហារកេរ្តិ៍​យ៉ាង​ឃោរឃៅ​និង​មិន​សមរម្យ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​ចក្រភព​អង់គ្លេស​បាន​បន្ទោស​រុស្ស៊ី​ចំពោះ​ការបំពុល​លោក សឺ​ហ្គេ ស្គ្រី​ប៉ាល់ កាលពី​ថ្ងៃទី ៤ ខែមីនា​និង​កូនស្រី​របស់គាត់​។ ជាការ​ឆ្លើយតប ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច​ជាង ២០ រួមមាន​ចក្រភព​អង់គ្លេស អាមេរិក និង អង្គការ​ណា​តូ​បាន​បញ្ជា​ឱ្យ​អ្នកការទូត​រុស្ស៊ី​ជាង ១៥០ នាក់​ចាកចេញ ក្នុងការ​បង្ហាញ​សាមគ្គីភាព​គ្នា​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បដិសេធ​យ៉ាងខ្លាំង​ចំពោះ​ការចូលរួម​របស់ខ្លួន​នៅក្នុង​ការវាយប្រហារ​ដោយ​ជាតិគីមី​បំផ្លាញ​សរសៃប្រសាទ​នេះ ហើយ​បាន​បណ្តេញ​បេសកជន​ក្នុង​ចំនួន​ស្មើគ្នា​ដើម្បី​សងសឹក​ផងដែរ​។ ភាពចលាចល​ខាង​ការទូត​នេះ​បាន​ឈានដល់​កម្រិត​ដុនដាប​បំផុត មិន​ធ្លាប់​ឃើញ​ពីមុនមក សូម្បី​ពេល​សង្គ្រាមត្រជាក់​កំពុងពុះ​កញ្ជ្រោល​ខ្លាំង​ក៏ដោយ​។​

​លោក នេ​បិ​ន​ហ្សា និយាយ​នៅឯ​ស្នាក់ការ​អ​.​ស​.​ប​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សន្ម​ត់​ជាមួយ “​នឹង​លទ្ធភាព​ដ៏​ខ្ពស់​” ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប​ណ្តា​ប្រទេស​ដទៃទៀត ទំនងជា​អ្នកទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​។​

​លោក​បាន​បន្ថែមថា “​អ្វី​គ្រប់យ៉ាង​បាន​បញ្ជាក់ថា នេះ​គឺជា​យុទ្ធនា​ការដែល​ត្រូវបាន​រៀបចំ​និង​សហការគ្នា​បាន​យ៉ាង​ល្អ ក្នុង​គោលបំណង​បង្ខូចកេរ្ដិ៍​ឈ្មោះ​និង​ថែមទាំង​ដកហូតយក​ស្ថានភាព​ស្របច្បាប់​របស់​រុស្ស៊ី​”​។​

​ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អ​.​ស​.​ប លោកស្រី កា​រ៉ែ​ន ភី​ស បាន​វាយបក​វិញ​ដោយ​និយាយថា រុស្ស៊ី​បាន​បង្កើតឡើង​នូវ​ទឡ្ហីករណ៍​ស្មានៗ​ចំនួន ២៤ អំពី​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបំពុល​នេះ ប៉ុន្តែ​ចក្រភព​អង់គ្លេស​មានតែ​មួយ​ប៉ុណ្ណោះ គឺ​រុស្ស៊ី​ទំនងជា​ទទួលខុសត្រូវ​។​

​លោក នេ​បិ​ន​ហ្សា បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដែល​រុស្ស៊ី​សង្ស័យ​ទេ ប៉ុន្តែ​និយាយថា គោលបំណង​របស់​ពួកគេ​គឺ​ត្រូវ​ចោទប្រកាន់​មូ​ស្គូ “​ពីបទ​ប្រើប្រាស់​អាវុធ​ដ៏​សាហាវឃោរឃៅ​អមនុស្សធម៌ ពីបទ​លាក់បាំង​ឃ្លាំង​អាវុធ​គីមី និង​ពីបទ​រំលោភ​លើ​អនុសញ្ញា​អាវុធ​គីមី​” និង​ចោទ​ជា​មន្ទិល​មកលើ​តួនាទី​របស់​រុស្ស៊ី “​មិន​ត្រឹមតែ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​នៅក្នុង​ប្រទេស​ស៊ី​រី​ប៉ុណ្ណោះ​ទេ ថែមទាំង​នៅ​គ្រប់​ទី​ផ្សេងទៀត​ផងដែរ​”​។​

​លោក​បាន​ព្រមាន​ថា “​យើង​បាន​ប្រាប់​សម​ភាគី​អង់គ្លេស​របស់​យើង​ថា អ្នកឯង​កំពុង​លេង​ជាមួយ​ភ្លើង​ហើយ​។ អ្នកឯង​នឹង​ស្តាយក្រោយ​”៕ ដោយ៖ កញ្ញាដាលីស

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក វាស​ស៊ី​លី នេ​បិ​ន​ហ្សា