រុស្ស៊ី​និយាយថា​អាមេរិក​មិន​បង្ហាញ​ភស្តុតាង​ដែលថា​ខ្លួន​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

738
ចែករម្លែក
  • 4
    Shares

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធទី៥ខែធ្នូថាសហរដ្ឋអាមេរិកមិនទាន់បានផ្តល់ភស្តុតាងណាមួយដែលថារដ្ឋាភិបាលក្រុងម៉ូស្គូបានរំលោភលើសន្ធិសញ្ញាគ្រប់គ្រងអាវុធនោះទេ ប៉ុន្តែបាននិយាយថា ខ្លួនត្រៀមខ្លួនបន្តពិភាក្សាបញ្ហានេះជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានផ្តល់ឱសានវាទ៦០ថ្ងៃដល់រុស្ស៊ីដើម្បីឱ្យដោះស្រាយអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថាជាការរំលោភលើសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរឆ្នាំ១៩៨៧ ដោយនិយាយថាខ្លួននឹងត្រូវបង្ខំឱ្យចាប់ផ្តើមដំណើរការនៃការដកខ្លួនចេញរយៈពេល៦ខែ បើសិនគ្មានអ្វីផ្លាស់ប្តូរនោះទេ។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅសន្និសីទកាសែតមួយថាស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូបានប្រគល់លិខិតមួយកាលពីល្ងាចថ្ងៃអង្គារ ដែលនិយាយថារដ្ឋាភិវាលក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរកម្រិតមធ្យម (INF) បើសិន រុស្ស៊ីមិនចាប់ផ្តើមអនុវត្តតាមសន្ធិសញ្ញានេះទេ៕ដោយ៖សុខា/SN