រុស្ស៊ី​និយាយថា វត្តមាន​ទាហាន​របស់​ខ្លួន​នៅវ៉េ​ណេ​ស៊ុយអេ​ឡា ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​

641
ចែករម្លែក
  • 134
    Shares

​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២៨​មីនា​ថា ទាហាន​របស់​ខ្លួន​នឹង​ស្ថិត​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយអេឡា​«​យូរ​ទៅតាម​តម្រូវការ​» ដោយបាន​ច្រាន​ចោល​ការទាមទារ​របស់​​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឲ្យ​រុស្ស៊ី​ដក​យោធា​របស់​ខ្លួន​ចេញពី​ប្រទេស​ជួប​វិបត្តិ​មួយ​នេះ​។​


​នៅ​ឆ្នាំ​២០១១ រុស្ស៊ី បាន​ឲ្យ​វ៉េណេ​ស៊ុយអេ​ឡា​ខ្ចីប្រាក់​៤.០០០​លាន​ដុល្លារ ដើម្បី​ទិញ​សព្វាវុធ​រុស្ស៊ី​

​ការបញ្ជូន​ទាហាន​និង​គ្រឿង​បរិក្ខារ​របស់​រុស្ស៊ី​កាលពី​ចុង​សប្តាហ៍​ដើម្បី​គាំទ្រ​លោក​ប្រធានាធិបតី នី​គូ​ឡា​ស ម៉ា​ឌូ​រ៉ូ បាន​បន្ថែម​ភាព​តានតឹង​អន្តរជាតិ​រួចជាស្រេច​អំពី​វ៉េណេ​ស៊ុយអេ​​ឡា ខណៈ​រដ្ឋាភិបាល​អាម៉េរិក​កំពុង​ជំរុញ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​របប​ដឹកនាំ​។​

​ក្រសួងការបរទេស​រុស្ស៊ី​និយាយថា វត្តមាន​នៃ​ទាហាន​របស់​ខ្លួន​នៅ​ទីនោះ មិន​បង្ក​ការ​គំរាម​ដល់​នរណាម្នាក់​ទេ​។​«​វា​ពាក់ព័ន្ធ​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​យោធា​និង​កិច្ច​សហ​​ការ​បច្ចេកទេស​។​រុស្ស៊ី​មិនបាន​ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​តុល្យភាព​អំណាច​នៅក្នុង​តំបន់​ទេ​។​រុស្ស៊ី​មិន​គំរាម​នរណា​ម្នាក់​ទេ​»​។​

​ស្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​និយាយ​សំដៅ​សម្តី​របស់​ត្រាំ​ដែលថា​« រុស្ស៊ី​ត្រូវ​ចេញ​ពី​វ៉េណេ​ស៊ុយអេ​ឡា »​និង​សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិកថា រដ្ឋា​​ភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​មាន​ផែនការចរ​ចា​ជាមួយ​លោក​ម៉ា​ឌូ​រ៉ូ និង​ចង់​បញ្ចប់​ឥទ្ធិពល​រុស្ស៊ី​និង​គុយបា​លើ​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​។​

​តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​អាម៉េរិក​លោក​ផា​ទ្រិក សា​ណា​ហាន បាន​ច្រាន​ចោល​ការធានា​របស់​រុស្ស៊ី​ថា ទាហាន​រុស្ស៊ី​នៅវ៉េ​ណេ​ស៊ុយអេ​ឡា​មិនបង្កការ​គំរាម​ផ្នែក​សន្តិសុខ​ ដោយ​លោក​ថា​«​ខ្ញុំ​មិន​ប្រាកដ​ថា​ជឿ​អ្វី​ដែល​ពួកគេ​និយាយ​»​។​

​សូមបញ្ជាក់​ថា អាម៉េរិក​និង​ប្រទេស​ជាង​៥០​ទៀត​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​វ៉េណេ​ស៊ុយអេ​ឡា ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ខណៈ​ដែល​រុស្ស៊ី រួម​ជាមួយ​ចិន​ទទួលស្គាល់​លោក​​ម៉ា​ឌូ​រ៉ូ​។​

​អ្នកនាំពាក្យ ហ្សា​ខា​រ៉ូ​វ៉ា បាន​និយាយថា​« ទាំង​រុស្ស៊ី​និង​វ៉េ​ណេ​ស៊ុយអេ​ឡា មិន​ជា​ខេត្ត​របស់​អាម៉េរិក​ទេ​»​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ជេ ឡាវ​រ៉ូវ បាន​ចោទប្រកាន់​អាមេរិក​ថា​ព្យាយាម​រៀបចំ​ធ្វើ​រដ្ឋប្រហារ​មួយ​នៅក្នុង​ប្រទេស​សម្បូរ​ប្រេង​នៅ​អាម៉េរិក​ខាងត្បូង​​នេះ​។​

​ចំណែក​អនុ​ព័ន្ធ​យោធា​វ៉េណេ​ស៊ុយអេ​ឡានៅក្រុង​មូ​ស្គូ ក៏​បាន​និយាយថា ទាហាន​រុស្ស៊ី​បាន​ស្ថិត​នៅក្នុង​ប្រទេស​លោក ក្រោម​កិច្ច​ព្រមព្រៀង​មួយ​ស្តីពី​កិច្ចសហការ​យោធា​និង​បច្ចេក​​ទេ​ស​ហើយ​មិន​ធ្វើ​ប្រតិបត្តិការ​យោធា​ទេ​។​

​យន្តហោះ​យោធា​រុស្ស៊ី​ធុន Antonov-124 និង​យន្តហោះ​Ilyushin Il-62 បាន​ចុះ​នៅ​អាកាសយានដ្ឋាន​មួយ​នៅ​ក្រៅ​ក្រុង​កា​រ៉ា​កាស​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​មីនា និង​ដាក់​ចេញ​​ទាហាន​១០០​នាក់​និង​គ្រឿង​បរិក្ខា​ររាប់​តោន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយថា «​វត្តមាន​អ្នកឯកទេស​រុស្ស៊ី​នៅក្នុង​ទឹកដី​វ៉េណេ​ស៊ុយអេ​ឡា​មានចែង​ក្នុង​កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី​និង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយអេ​ឡា​​ស្តីពី​កិច្ច​សហការ​យោធា​និង​បច្ចេកទេស​កាលពី​ឆ្នាំ​២០០១»​។​

​នៅ​ឆ្នាំ​២០១១ រុស្ស៊ី បាន​ឲ្យ​វ៉េណេ​ស៊ុយអេ​ឡា​ខ្ចីប្រាក់​៤.០០០​លាន​ដុល្លារ ដើម្បី​ទិញ​សព្វាវុធ​រុស្ស៊ី​៕​ដោយ​៖​វាសនា​/Ha