រុស្ស៊ី​នឹង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែរ​នៅ​កម្ពុជា​ហើយនឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​លើ​វិស័យ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ

1242
ចែករម្លែក
  • 12
    Shares

(​ភ្នំពេញ​)៖ កម្ពុជា និង​សហ​ហ​ព័ន្ធ​រុស្ស៊ី បាន​ស្វាគមន៍​ការរីកចំរើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ថាមពលនុយក្លេអ៊ែរ​សន្តិ​ភាព និង​បានបញ្ជាក់​សារជាថ្មី​នូវ​ការតាំង​ចិត្ត​ក្នុងការ​អនុវត្តន៍​អនុស្សរណៈ​យោគយល់​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែរ​​នៅ​កម្ពុជា​។ តប​តាម​សំណើ​របស់​កម្ពុជា ភាគី​រុស្ស៊ី​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត​លើ​វិស័យ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​។

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរ​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១០​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​និង​ជួប​​ទ្វេភាគី​ជាមួយ​លោក​ស៊ែរ​ហៃ្គ ឡាវ​រ៉ូ​វ (Sergey LAVROV) រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ពីថ្ងៃ​ទី​២៣ ២៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ូស្គូ សហព័ន្ធរុស្ស៊ី​។​

​កិច្ចប្រជុំ​លើក​ទី​១០ របស់​គណៈកម្មាការ​អន្តររដ្ឋាភិបាល​កម្ពុជា រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ​និង​​បច្ចេកទេស ដែល​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ដឹកនាំ​ធ្វើជា​សហប្រធាន​ជាមួយ​លោក នី​កូ​ឡៃ នី​គី​ហ្វូ​រ៉ូ​ស (Nikolay NIKIFOROV) រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សហព័ន្ធរុស្ស៊ី បាន​ពិភាក្សា​និង​ពិនិត្យ​លើ​ការអនុវត្ត​សេចក្តីសម្រេច​​របស់​កិច្ចប្រជុំ​លើក​ទី​៩​របស់​គណៈកម្មាការ​អន្តររដ្ឋាភិបាល​កម្ពុជា រុស្ស៊ី និង​កិច្ចព្រមព្រៀង​នានា​ដែល​បាន​ចុះហត្ថលេខា​ក្នុងអំឡុងពេល​​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ​២០១៥ និង​២០១៦​។

​កិច្ចប្រជុំ​ក៏បាន​ឯកភាព​លើ​ការអនុវត្ត​សកម្មភាព​សំខាន់ៗ​មួយចំនួន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពល អប់រំ បរិស្ថាន និង​ទេសចរណ៍ ដូចខាងក្រោម ៖

-​ភាគី​រុស្ស៊ី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២ របស់​ក្រុមការងារ​ជាន់ខ្ពស់​ស្តីពី​គម្រោង​វិនិយោគ​អាទិភាព​ក្នុង​គោលបំណង​កំណត់​​នូវ​សកម្មភាព​ជាក់លាក់​បន្ថែ​ម​ទៀត ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​បញ្ជី​គម្រោង​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច និង​វិនិយោគ រវាង​កម្ពុជា និង​រុស្ស៊ី រហូតដល់​ឆ្នាំ​២០២០​។​

-​ភាគី​ទាំង​ពីរបាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម និង​វេទិកា​ធុរកិច្ច​សម្រាប់​វិស័យ​ឯកជន​និង​ក៏បាន​ជម្រុញ​អោយ​​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ពិចារណា​បង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា និង​រុស្ស៊ី​។

-​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ពី​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការនាំ​អង្ករ កៅស៊ូ​និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​របស់​កម្ពុជា ចូលទៅ​កាន់​ទីផ្សារ​រប​ស់​រុស្ស៊ី​។

-​ភាគី​ទាំងពីរ​បានបញ្ជាក់​ពី​បំណង​ក្នុងការ​អនុវត្តន៍​គម្រោង​ផ្កាយរណប​នាពេល​អនាគត នៅក្នុង​ប្រទេស​កម្ពុជា​។ លោក នី​កូ​ឡៃ នី​គី​ហ្វូ​រ៉ូ​ស រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សហព័ន្ធរុស្ស៊ី​នឹង​ដឹកនាំ​គណៈប្រតិភូ​ពិសេស​មួយក្រុម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ ដើម្បី​ពិនិត្យមើល​សក្តានុពល​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនាគារ​ប្រៃសណីយ៍ ស្ថានីយ៍​ចែកចាយ​ឧស្ម័ន​ធម្មជាតិ អាកាសចរណ៍ និង​រថយន្ត​ធុន​ធ្ងន់​។​

-​ភាគី​ទាំង​ពីរបាន​ស្វាគមន៍​ការរីកចំរើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ថាមពលនុយក្លេអ៊ែរ​សន្តិ​ភាព​និង​បានបញ្ជាក់​សារជាថ្មី​នូវ​ការតាំង​ចិត្ត​ក្នុងការ​អនុវត្តន៍​អនុស្សរណៈ​យោគយល់ ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែរ នៅ​កម្ពុជា​។

-​តប​តាម​សំណើ​របស់​កម្ពុជា ភាគី​រុស្ស៊ី​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត លើ​វិស័យ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​។

​ក្នុងឱកាស​កិច្ចប្រជុំ​នេះ ឯកសារ​ចំនួន​៣ ត្រូវបាន​ចុះហត្ថលេខា​រួមមានៈ​

១.​ពិធីសារ​នៃ​កិច្ចប្រជុំ​លើក​ទី​១០​របស់​គណៈកម្មាការ​អន្តររដ្ឋាភិបាល​កម្ពុជា រុស្ស៊ី ស្តីពី​កិច្ច​សហ​-​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម សេដ្ឋកិច្ច វិទ្យា​សាស្ត្រ និង​បច្ចេកទេស​។

២.​អនុស្សរណៈ​យោគយល់​ស្តីពី​ការការពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការ​អភិ​-​រក្ស​ជីវៈចម្រុះ​រវាង​ក្រសួងបរិស្ថាន​នៃ​ព្រះ​រា​​ជាណា​ចក្រ​កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​នៃ​សហព័ន្ធរុស្ស៊ី​។​

៣.​កម្មវិធី​សកម្មភាព​រួម​រវាង​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភ្នាក់ងារ​សហព័ន្ធ​ទេសចរណ៍​នៃ​សហព័ន្ធរុស្ស៊ី​សម្រាប់​ឆ្នាំ​២០១៨ ២០២០៕​ដោយៈ មុនី​រ័ត្ន​/sn

កិច្ចប្រជុំ​លើក​ទី​១០​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា រុស្ស៊ី​