រុស្ស៊ី​នឹង​ផលិត​យានជំនិះ​ហោះ​លើ​ផ្ទៃ​ទឹក​និង​ដីគោក ថ្មី​ក្នុង​ឆ្នាំ ២០១៩/២០

506

យានជំនិះ​ហោះ​លើ​ផ្ទៃ​ទឹក​និង​ផ្ទៃដី​ថ្មី​ដ៏​ទំនើប (GEV) ជាមួយ​ទម្ងន់ ៥៤ តោន និង សមត្ថភាព​ដឹក​ទម្ងន់​បាន ១៥ តោន នឹង​បង្ហាញខ្លួន​ក្នុងប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ ២០១៩/២០​។ នេះ​បើតាម​ក្រុមហ៊ុន​ផលិត​ប្រាប់​កាសែត Sputnik​។​

លោក អ៊ី​វ៉ាន់ អាន់​សេវ អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Scientific Production Enterprise Radar MMS និយាយថា យានជំនិះ​លើ​ផ្ទៃ​ទឹក GEV ដែល​ប្រើ​ចម្រុះ​មុខងារ​នេះ ត្រូវបាន​ដាក់ឈ្មោះថា Chaika A-050​។ ដោយ​ស្គាល់​ថា “ekranoplan” ផងដែរ​នោះ GEV គឺជា​យានជំនិះ​មាន​សមត្ថភាព​ហោះ​ផុត​លើ​ផ្ទៃដី និង​ផ្ទៃ​ទឹក ដោយសារតែ​ឥទ្ធិពល​បង្កើតឡើង​ដោយ​អន្តរ​កម្ម​ផ្នែក​អាកាស​របស់​ស្លាប​យន្តហោះ និង ផ្ទៃ​ទឹក​ឬ​ដី​។

លោក អ៊ី​វ៉ាន់ អាន់​សេវ និយាយ​ក្នុង​កិច្ចសម្ភាសន៍​ថា “​ខ្ញុំ​មិនទាន់​ហ៊ាន​សង្ឃឹម​ទេ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​អំពី​កាលបរិច្ឆេទ​ផលិត Chaika A-050 ព្រោះ​ការធ្វើ​តេស្ត​សាកល្បង​បច្ចុប្បន្នកំពុង​ធ្វើឡើង ការ​គណនា​ចាំបាច់​ផ្សេងទៀត​កំពុង​ធ្វើឡើង និង ផែនការ​បម្រុង​ទុក​ក៏​កំពុង​បង្កើតឡើង​ផងដែរ ដែល​នឹង​អនុញ្ញាតឱ្យ​បង្កើតបាន​នូវ​ប្រភេទ​យានជំនិះ​គំរូ​នេះ​ឡើង​”​។

ដោយ​អាច​ដើរតួ​ជា​យានជំនិះ​រុករក​និង​សង្គ្រោះ ព្រមទាំង​ស៊ើបការណ៍​សម្ងាត់​ផង​នោះ លោក​អាន់​សេវ​និយាយថា GEV ថ្មី​នឹងមាន​សមត្ថភាព​បម្រើ​ដល់​ផលប្រយោជន៍​របស់​ក្រសួងមហាផ្ទៃ ក្រសួង​គ្រាអាសន្ន ក្រសួង​ដឹកជញ្ជូន និង​ក្រសួងការពារជាតិ​។

​យោងតាម​លោក​អាន់​សេវ GEV ថ្មី​ដ៏​ទំនើប​នេះ នឹងមាន​សក្តានុពល​ស​ម្រា​ប់​នាំ​ចេញទៅ​លក់​ខាងក្រៅ​ផងដែរ​។

លោក​អាន់​សេវ​បន្ថែមថា “​ជាក់ស្តែង ឥណ្ឌា​មាន​មី​ស៊ី​លប​ញ្ជា BrahMos ហើយ GEV របស់​យើង​អាច​បំពាក់​ជាមួយ​មី​ស៊ី​ល​នេះ​បាន​”៕ ​ដោយ ៖កញ្ញាដាលីស

យានជំនិះ​ហោះ​លើ​ផ្ទៃ​ទឹក​និង​ផ្ទៃដី​ថ្មី​ដ៏​ទំនើប ឬ GEV ដែលមាន​ឈ្មោះថា Chaika A-050 នឹង​មាននៅ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៩/២០