រុស្ស៊ី​បង្ហាញ​ដ្រូ​ន​របស់​ភេរវ​ករ​ដែល​ចាប់បាន​នៅ​ស៊ី​រី មាន​លក្ខណៈ​ទំនើប​ខ្លាំង អាច​គំរាមកំហែង​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​

1962

​ក្រសួងការពារជាតិ​នៅ​ទីក្រុង​មូ​ស្គូ​បាន​និយាយថា ដ្រូ​ន​ដែល​ប្រើ​ដើម្បី​វាយប្រហារ​មូលដ្ឋាន​យោធា​រុស្ស៊ី​២​កន្លែង​នៅក្នុង​ប្រទេស​ស៊ី​រី គឺមាន​បច្ចេកវិជ្ជា​ខ្ពស់​ខ្លាំងណាស់ ដែល​គេ​បង្កើតឡើង​ដើម្បី​ជ្រែកចូល​សំណាញ់​បច្ចេកវិជ្ជា​ដ៏​ចង្អៀត​ប៉ែស និង អាច​វាយប្រហារ​ច្បាស់​ចំ​គោលដៅ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​នេះ​អាច​នឹងមាន​ជំនួយ​ពី​បរទេស​ទើប​អាចទៅរួច​។​

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ដ្រូ​ន​របស់​ក្រសួងការពារជាតិ​រុស្ស៊ី លោក​ឧ​ត្ត​ម​សេនីយ៍ អា​ឡិច​សង់​ឌ័​រ ណូ​វី​កូវ (Alexander Novikov) បាន​និយាយថា ដ្រូ​ន​ដែល​ប្រើ​នៅ​ក្នុងការ​វាយឆ្មក់​លើ​មូលដ្ឋានទ័ព​រុស្ស៊ី​នៅ​ស៊ី​រី​កាលពី​ចុង​សប្ដាហ៍​គឺ​ខុសគ្នា​ឆ្ងាយ​ពី​ដ្រូ​ន​កែច្នៃ​ដែល​ប្រើ​ដោយ​ពួក​ឧទ្ទាម​នៅ​ប្រទេស​ស៊ី​រី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ណូ​វី​កូវ​និយាយថា​ការវាយប្រហារ​មកលើ​មូលដ្ឋានទ័ព​រុស្ស៊ី​នៅ​ស៊ី​រី​តម្រូវឱ្យមាន​ទិន្នន័យ​ផែនទី​ពី​ផ្កាយរណប ដែល​មិនមាន​នៅលើ​អ៊ី​ន​ធឺ​ណេ​ត វិស្វកម្ម​ស្មុគស្មាញ និង​ការសាកល្បង​ជាក់ស្តែង​។​

​លោក​ណូ​វី​កូវ​និយាយថា “​ការបង្កើត​ដ្រូ​ន​ទំនើប​ខ្លាំង​ដល់​ថ្នាក់​នេះ​មិនអាច​ទៅរួច​ទេ​នៅក្នុង​ស្ថានភាព​បណ្តោះអាសន្ន ។ ការអភិវឌ្ឍ​និង​ការប្រើប្រាស់​របស់​ដ្រូ​ន​ទាំងនោះ​តម្រូវឱ្យមាន​ការចូលរួម​ពី​អ្នកជំនាញ​ដែលមាន​ការបណ្តុះ​បណ្តា​ពិសេស​នៅក្នុង​ប្រទេស​ដែល​ផលិត​និង​ប្រើប្រាស់​ដ្រូ​ន​”​។​

​ក្រសួង​បាន​និយាយថា ការ​វាយឆ្មក់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មកលើ​មូលដ្ឋាន​អាកាស​ហេ​មេ​មី​ម នៅក្នុង​ខេត្ត​ឡា​ត់​តា​គា និង​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​រុស្ស៊ី​នៅក្នុង​កំពង់ផែ​ថា​ទូ​ស គឺពាក់ព័ន្ធ​នឹង​ដ្រូ​ន ១៣ គ្រឿង​។ ក្រសួង​និយាយថា ដ្រូ​ន ៧ គ្រឿង​ត្រូវបាន​បាញ់​ធ្លា​ក់ដោយ​ប្រព័ន្ធ​ការពារ​អាកាស និង ៦ គ្រឿង​ទៀត​ត្រូវបាន​បង្ខំ​ឱ្យ​ចុះចត​ដោយ​កងឯកភាព​សង្គ្រាម​អេឡិចត្រូនិក​របស់​រុស្ស៊ី​។​

​ក្រសួង​បាន​និយាយថា ក្នុងចំណោម​ដ្រូ​ន​ទាំង ៦ នោះ មាន ៣ គ្រឿង​បាន​ផ្ទុះ នៅពេល​ពួកវា​ចុះ​ដល់​ដី ហើយ​៣​គ្រឿង​ទៀត​ត្រូវបាន​ចាប់យក​ទាំងមូល​ដោយ​មិន​ផ្ទុះ​ទេ​។​

​ក្រសួង​បានបង្ហាញ​ដ្រូ​ន ២ គ្រឿង​នៅឯ​សន្និសីទកាសែត ដោយ​លើក​ហេតុផល​ថា ដ្រូ​ន​ទាំង​២​មាន​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដ៏​ទំនើប​បំផុត​៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​បង្ហាញ​ដ្រូ​ន​ដ៏​ទំនើប​ដែល​ពួក​ភេរវ​ករ​ប្រើ​ដើម្បី​វាយប្រហារ​មូលដ្ឋានទ័ព​រុស្ស៊ី​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន