រុស្ស៊ី​បង្ហាញ​នាវាមុជទឹក​ថ្មី​បំពាក់​ជាមួយ​ដ្រូ​ន​នុយក្លេអ៊ែរ​ប្រល័យ​លោក អាច​បង្ក​រលក​ស៊ូ​ណា​មី​បំផ្លាញ​ទីក្រុង​ធំៗ​នៅ​មាត់សមុទ្រ​បាន​

628
ចែករម្លែក

រុស្ស៊ី​បានបង្ហាញ​នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​ចុងក្រោយ​បំផុត​របស់ខ្លួន​ស្ថិតនៅក្រោម​ការឃ្លាំមើល​ពី​ប្រធានាធិបតី​លោក​វ្លា​ឌី​មៀរ ពូ​ទីន​។​

​នាវា​ឈ្មោះ Belgorod ត្រូវបាន​ចាប់ផ្តើម​ចាក​ចេញពី​រោងចក្រ Sevmash នៅ​ភាគ​ពាយ័ព្យ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​មេសា ខណៈដែល​លោកពូ​ទីន​បាន​សង្កេតមើល​តាមរយៈ​ថេ​ឡេ​ខុន​ហ្វើ​រិ​ន (Teleconference)​។​

​នាវាមុជទឹក Belgorod ត្រូវបាន​បង្កើតឡើង​ដើម្បី​ដឹក​ដ្រូ​ន​នុយក្លេអ៊ែរ Poseidon ដែលជា​អាវុធ​ប្រល័យ​លោក​មួយ​ប្រភេទ ដែល​រុស្ស៊ី​និយាយថា​នឹងមាន​សមត្ថភាព​បំផ្លាញ​ទីក្រុង​ធំៗ​ជាច្រើន ដោយ​បង្ក​ជា​រលក​យក្ស​ស៊ូ​ណា​មី​។​

​លោក​មី​ខា​អ៊ី​ល ប៊ុដ​នី​ឆិ​ន​កូ (Mikhail Budnichenko) ប្រធាន​រោងចក្រ​ផលិត​នាវា​នេះ​បាន​និយាយ​នៅក្នុង​ពិធី​បើក​ដំណើរការ​នេះ​ថា អ្នក​ផលិត​នាវា​របស់​សហគ្រាស​នេះ​នឹង​បំពេញភារកិច្ច​ទាំងអស់​ក្នុងការ​សាងសង់​នាវា​ក្នុង​ក្របខ័ណ្ឌ​ពេលវេលា​កំណត់​និង​មាន​គុណភាព​ខ្ពស់​។​

​នាវាមុជទឹក​នេះ​នឹង​សង់​រួច​ជា​ស្ថាពរ​នៅពេល​ដាក់ចុះ​ក្នុង​ទឹក ហើយ​ទីភ្នាក់ងារសារព័ត៌មាន TASS បាន​ដកស្រង់​ប្រភព​ការពារជាតិ​មួយ​ដោយ​និយាយថា ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​នឹងត្រូវ​ធ្វើតេស្ត​នៅ​ចុងឆ្នាំ​នេះ ជាមួយ​ការសាកល្បង​ក្នុង​សមុទ្រ​គ្រោង​ធ្វើ​ក្នុង​ឆ្នាំ ២០២០ និង ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នោះ​តែម្តង​។​

​លោកពូ​ទីន​បានលើកឡើង​ជា​លើកដំបូង​អំពី​ដ្រូ​ន​បំពាក់អាវុធ​នុយក្លេអ៊ែរ​ក្នុងចំណោម​អាវុធ​ថ្មីៗ​ដទៃទៀត​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​ថ្នាក់​រដ្ឋ​កាលពី​ឆ្នាំមុន​ដោយ​និយាយថា អាវុធ​ទាំងនោះ​នឹង​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​គ្មាន​ប្រយោជន៍​។​

​ដ្រូ​ន​ទាំងនោះ​ត្រូវបាន​ផលិតឡើង​មាន​រូបរាង​ប្រហាក់ប្រហែល​នឹង​គ្រាប់ Torpedo ប៉ុន្តែ​មាន​ទំហំ​ធំ​ជាង​អាវុធ​សាមញ្ញ​នេះ ដោយមាន​ប្រវែង​រហូតដល់ ២៤ ម៉ែត្រ ដែល​ហេតុនេះហើយ​ទើប​វា​ត្រូវ​ការដឹក​តាម​នាវាមុជទឹក​ដែល​សង់​ឡើង​យ៉ាង​ពិសេស​នេះ​។​

​នៅពេល​ដំណើរការ​ជា​ផ្លូវការ អាវុធ​របស់​នាវា​នេះ​អាច​បញ្ជា​បាន​ពី​ចម្ងាយ​ដើម្បី​លុកលុយ​ខែល​ការពារ​មី​ស៊ី​ល និង មាន​រយៈ​ចម្ងាយ​បាញ់​មិន​កំណត់​ដោយសារតែ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​របស់​វា​។​

​នាវា​នេះ​មាន​ល្បឿន​អប្បបរមា ១១៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ល្បឿន​អតិបរមា​រហូតដល់ ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ធ្វើឱ្យ​វា​ពិបាក​នឹង​បញ្ឈប់​បំផុត​៕ ដោយ៖ កញ្ញាដាលីស

នាវាមុជទឹក Belgorod ត្រូវបាន​ដាក់ចុះ​ក្នុង​ទឹក​កាលពី​ថ្ងៃ​អង្គារ