រុស្ស៊ី​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​លឿន​ជាង​សំឡេង ធុន Tu-160

486

​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ធ្ងន់​បើក​បាន​ចម្ងាយ​ឆ្ងាយ​ប្រភេទ Tupolev Tu-160 ដែល​ទើបតែ​ផលិត​ថ្មី​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩២ ត្រូវបាន​បើក​ចេញពី​ឃ្លាំង ខណៈដែល​រុស្ស៊ី​បានចាប់ផ្តើម​បន្ត​ការផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ ដែល​អង្គការ​ណា​តូ​ហៅថា​យន្តហោះBlackjack នោះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​យន្តហោះ Tu-160 ថ្មី​ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា White Swan (​ក្វា​នស​) នៅ​ប្រទេស​រុស្ស៊ី ត្រូវបាន​បង្ហាញ​នៅ​រោងចក្រ Kazan Aviation ដែលជា​សាខា​របស់​ការិយាល័យ​ក្រុមហ៊ុន​រចនា​ម៉ូត​យន្តហោះ Tupolev Design ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​មូ​ស្គូ​។ យន្តហោះ​នេះ​ត្រូវបាន​សាងសង់​ដោយ​ប្រើ​គ្រឿងបន្លាស់​ដែល​រក្សាទុក​តាំងពី​សម័យ​សូ​វៀត ដើម្បី​កំណត់​មើលថា​តើ​រោងចក្រ​នេះ​អាចមាន​សមត្ថភាព​ផលិតឡើង​វិញ​នូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​បានដែរ​ឬ​អត់​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​បច្ចុប្បន្ន​នឹងត្រូវ​ធ្វើតេស្ត​នៅលើ​ដី​មុននឹង​ហោះ​ទៅលើ​មេឃ​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០១៨​។ ការផលិត​យន្តហោះ Tu-160 ដែល​បាន​ជាប់គាំង​តាំងពី​ឆ្នាំ ១៩៩២ នឹងត្រូវ​បន្ត​ឡើងវិញ បន្ទាប់ពី​យន្តហោះ​នេះ​បានបង្ហាញ​ថា​វា​ត្រូវ​គ្នា​នឹង​លក្ខណៈវិនិច្ឆ័យ ដែល​បាន​កំណត់ទុក​។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សឺ​ហ្គេ កូ​ប៊ី​ឡាស ប្រធាន​អាកាសចរណ៍​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី​ប្រាប់​ទៅ​វេ​ប​សាយ RIA-Novosti ។​

​លោ​កកូ​ប៊ី​ឡាស​និយាយថា ការផលិត​យន្តហោះ​នេះ​ទ្រង់ទ្រាយ​ធំ​ឡើងវិញ នឹង​ចាប់ផ្តើម​នៅ​ដើម​ទសវត្សរ៍ ២០២០៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​លឿន​ជាង​សំឡេង ធុន Tu-160