រុស្ស៊ី​បង្ហាញ​អាវុធ​ឡាស៊ែរ​ថ្មី អាច​បាញ់​ទម្លាក់​យន្តហោះ​ក្នុងពេល​តែ​ប៉ុន្មាន​វិនាទី​

444

​រុស្ស៊ី​បានដាក់​បង្ហាញ​អាវុធ​ឡាស៊ែរ​ថ្មី​មួយ​ដែល​ខ្លួន​អះអាងថា​អាច​ទម្លាក់​គោលដៅ​ក្នុងពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​

​យោងតាម​រដ្ឋាភិបាល​រុស្ស៊ី​បានឱ្យដឹងថា អាវុធ​ឡាស៊ែរ​សម័យ​អវកាស​ឈ្មោះ Peresvet ដែល​ដាក់ឈ្មោះ​តាម​ព្រះសង្ឃ​ចម្បាំង​រុស្ស៊ី​នា​សតវត្សរ៍​ទី ១៦ ត្រូវបាន​ដាក់ពង្រាយ​និង​ប្រើប្រាស់​ដោយ​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​រួចទៅហើយ​។​

​វីដេអូ​គួរឱ្យ​ចាប់អារម្មណ៍​ដែល​បង្ហាញ​ប្រព័ន្ធ​អាវុធ​កំពុង​ធ្វើ​សកម្មភាព ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​៥​ធ្នូ​។​

​វីដេអូ​នោះបាន​បង្ហាញ​ប្រព័ន្ធ​ឡាស៊ែរ​ទំនើប​កំពុង​ត្រូវបាន​ដឹក​ចេញពី​ឃ្លាំង និង បញ្ជា​ពី​ចម្ងាយ​ដោយ​ទាហាន​ម្នាក់​។​

​គេ​ដឹង​តិចតួច​ណាស់​អំពី​អំណាច​របស់​អាវុធ​ចុងក្រោយ​របស់​លោកពូ​ទីន ព្រោះ​រដ្ឋាភិបាល​រុស្ស៊ី​គ្មាន​បង្ហាញ​អ្វី​ក្រៅពី​សមត្ថភាព​បាញ់​ច្បាស់​របស់​វា​នោះឡើយ​។

​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី លោក​យូ​រី បូរី​សូវ បាន​ប្រាប់​កាសែត​យោធា Krasnaya Zvezda កាលពី​ថ្ងៃ​ចន្ទ​ថា អាវុធ​ឡាស៊ែរ​នេះ “​អាច​បាញ់​ទម្លាក់​គោលដៅ (​យន្តហោះ​) ក្នុងពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​”​។​

​លោក​បន្តថា “​យើង​អាច​និយាយ​ប្រូ​ក​ប្រាជ្ញ​អំពី​អាវុធ​ឡាស៊ែរ ហើយ​ភាពយន្ត​ច្រើនណាស់​បាន​ផលិត​យូរ​មកហើយ​អំពី​វា ហើយ​សៀវភៅ​និទាន​ក៏បាន​សរសេរ​អំពី​វា​ដែរ ហើយ​គ្រប់គ្នា​សុទ្ធតែ​ដឹង​អំពី​អាវុធ​ឡាស៊ែរ​។ ប៉ុន្តែ​ការពិត​ដែលថា​ប្រព័ន្ធ​អាវុធ​ទាំងនេះ​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើ​ក្នុង​ជួរ​យោធា​គឺជា​រឿង​ពិត​នាពេល​បច្ចុប្បន្ន​”៕ ដោយ៖ កញ្ញាដាលីស

អាវុធ​ឡាស៊ែរ Peresvet កំពុង​ត្រូវបាន​ប្រើប្រាស់​បច្ចុប្បន្ន​ដោយ​ទាហាន​រុស្ស៊ី