រុស្ស៊ី​ប្រាប់​ជប៉ុន​ថា​ការយក​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​វិញ គឺ​មិន​ងាយ​ពេក​នោះទេ​

447
ចែករម្លែក

​អ្នកការទូត​ជាន់ខ្ពស់រ​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មករា​បាន​និយាយ​រិះគន់​ខ្លាំៗ​អំពី​ការសង្ឃឹម​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ចំពោះ​ការយក​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ចំនួន​៤​មកវិញ​​ក្នុងពេល​ឆាប់ ដោយបាន​ព្រមាន​ជប៉ុន​ថា​ខ្លួន​ត្រូវ​ទទួលស្គាល់​ប្រជុំ​កោះ​នោះ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី មុន​ចាប់ផ្ដើម​កិច្ចចរចា​។​

​សេចក្តីថ្លែងការណ៍​រប​ស់ លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​នេះ ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​ជាមួយ​សម​ភាគី​ជប៉ុន​របស់លោក គឺ លោក តា​រ៉ូ កូ​ណូ នោះបាន​បង្ហាញឱ្យឃើញ​នូវ​ការ​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដើម្បី​បញ្ឈប់​ការរំពឹងទុក​របស់​ជ​ប៉ុន​អំពី​កិច្ចព្រមព្រៀង​ភ្លាមៗ​ណាមួយ​អំពី​ជម្លោះ​ប្រជុំ​កោះ​គូ​រី​ល​​នេះ​។​

​ការលើកឡើង​បែបនេះ ធ្វើឱ្យមាន​ស្ថានភាព​តឹងតែង​ជាមុន​សម្រាប់​ដំណើរ​ទស្សនកិច្ច​លោក ស៊ីន​ហ្សូ អា​បេ ទៅកាន់​ទីក្រុង​មូ​ស្គូ​ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក វ្ល៉ា​ឌី​មៀរ ​ពូ​ទីន​ប្រធានាធិបតី​រុស្ស៊ី នៅ​ចុងខែ​នេះ​។ កាលពីពេល​ថ្មីៗ​នេះ លោក ស៊ីន​ហ្សូ អា​បេ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា​ឆ្នាំនេះ​នឹង​ស​ម្រ​ច​បាន​លទ្ធផល​ល្អ​ក្នុងការ​ដោះស្រាយ​​វិវាទ​នេះហើយ​បាន​និយាយ​អំពី​ការប្រែប្រួល​ជាក់ស្តែង​ចំពោះ​ឋានៈ​ប្រជុំ​កោះ​នេះ ។​ការ​ថ្លែង​បែបនេះ បានធ្វើឱ្យ​រុស្ស៊ី​មាន​កំហឹង​ដោយ​លោក សឺ​ហ្គេ​ ​ឡាវ​រ៉ូ​វ​បាន​និយាយ​​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់ លោក ស៊ីន​ហ្សូ អា​បេ ថា​មិនអាច​ទទួលយកបាន​។​

​ដោយ​លើកឡើង​អំពី​កា​រស​ម្រ​ចរ​បស់​អង្គការសហប្រជាជាតិ គាំទ្រ​ភាពជា​ម្ចាស់​របស់​រុស្ស៊ី​លើ​ប្រជុំ​កោះ​នេះ លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​ “​អធិបតេយ្យភាព​របស់​រុស្ស៊ី​លើ​ប្រជុំ​កោះ​នេះ​មិនមែនជា​ប្រធានបទ​សម្រាប់​ការពិភាក្សា​ទេ ។ វា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​នៃ​សហព័ន្ធរុស្ស៊ី​” ។​

​សូម​បញ្ចា​ក់ថា សហភាពសូវៀត​បានកា​ន់​កាប់​ប្រជុំ​កោះ​គូ​រី​ល​ភាគខាងត្បូង​នេះ​ក្នុងអំឡុង​ថ្ងៃ​ចុងក្រោយ​នៃ​សង្គ្រាមលោកលើកទី​២​។ ជប៉ុន​បាន​អះអាង​សិទ្ធិ​កាន់​​កាប់​ប្រជុំ​កោះ​នេះ​ដែល​ខ្លួន​ហៅថា​ដែនដី​ភាគ​ខាងជើង​។​

​ជម្លោះ​នេះ​បានធ្វើឱ្យ​ប្រទេស​ទាំង​ទាំងពីរ​មិនបាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​នោះទេ​៕ដោយ:សុខា/sn

លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ​( រូប​ស្តាំ​)​ទទួល​ស្វាគមន៍ លោក តា​រ៉ូ កូ​ណូ សម្រាប់​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ចន្ទ​