រុស្ស៊ី​វាយបក​វិញ​ជាមួយ​ការបណ្តេញ​អ្នកការទូត​អាមេរិក​រាប់សិប​នាក់​

908
ចែករម្លែក

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​មីនា រុស្ស៊ី​បានប្រកាស​បណ្តេញចេញ​អ្នកការទូត​អាមេរិក​ទ្រង់ទ្រាយ​ធំ និង​បិទ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក ក្នុងការ​សងសឹក​ចំពោះ​ចំណាត់ការ​របស់​ពួក​បស្ចិមប្រទេស​ដើម្បី​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ឯកា បន្ទាប់ពី​មានការ​បំពុល​អតីត​ចារបុរស​មុខ​២ នៅ​ចក្រភព​អង់គ្លេស​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​បណ្តេញ​មន្ត្រីការទូត​អាមេរិក ៦០ នាក់ និង​បិទ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការបណ្តេញ​បេសកជន​របស់ខ្លួន​នៅ​ទ្វីប​ទាំង​៣​។​

​នៅក្នុង​ប្រតិកម្ម​ជាបឋម រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា “​គ្មាន​លេស​ដោះសារ​” សម្រាប់​សកម្មភាព​រប​ស់​រុស្ស៊ី​នោះទេ ហើយ​ថា​សហរដ្ឋអាមេរិក “​សូម​រក្សា​សិទ្ធិ​ក្នុងការ​ឆ្លើយតប​”​។​

​លោក​ឡាវ​រ៉ូ​វ​និយាយថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី លោក ចូ​ន ហាន់​ស៍មែ​ន ត្រូវបាន​គេ​ជូនដំណឹង​អំពី “​វិធានការ​សងសឹក​នា​នា​” ដែល​រួមមាន “​ការបណ្តេញ​អ្នកការទូត​ក្នុង​ចំនួន​ស្មើគ្នា និង​ការសម្រេចចិត្ត​ដក​ការអនុញ្ញាត​ពី​អគ្គ​កុងស៊ុល​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក​”​។​

​មុននេះ​វ៉ាស៊ីនតោន​បាន​បញ្ជា​ឱ្យ​អ្នកការទូត​រុស្ស៊ី ៦០ នាក់​ចាក​ចេញពី​ប្រទេស​នេះ ហើយ​បិទទ្វារ​ស្ថាន​កុងស៊ុល​រុស្ស៊ី​នៅ​ទីក្រុង​ស៊ី​អាថ​ល​។​

​សរុប​ទាំងអស់ អ្នកការទូត​រុស្ស៊ី​ជាង ១៥០ នាក់​ត្រូវបាន​បញ្ជា​ឱ្យ​ចេញពី​សហរដ្ឋអាមេរិក ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ប្រទេស​សមាជិក​អង្គការ​ណា​តូ និង​ប្រទេស​ដទៃទៀត ឱ្យស្រប​ទៅនឹង​ចំណាត់ការ​ប្រឆាំងនឹងរ​ដ្ឋា​ភិ​បាល​ក្រុង​មូ​ស្គូ ដែល​ពួកគេ​ចោទប្រកាន់​ពី​ថា​បាន​បំពុល​អតីត​ចារបុរស​ឈ្មោះ សឺ​ហ្គេ ស្គ្រី​ប៉ាល់ និង​កូនស្រី​របស់គាត់​ឈ្មោះ យូ​លី​យ៉ា ក្នុងការ​វាយប្រហារ​ដោយ​ភ្នាក់ងារ​បំផ្លាញ​សរសៃប្រសាទ នៅក្នុង​ទីក្រុង​សាលី​ស្បឺ​រី ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី ៤ ខែមីនា​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មន្ទីរពេទ្យ​ដែល​អ្នក​ទាំងពីរ​កំពុង​សម្រាក​ព្យាបាល​បាន​និយាយថា នាង​យូ​លី​យ៉ា អាយុ ៣៣ ឆ្នាំ​កំពុង “​ធូរស្បើយ​យ៉ាង​ឆាប់រហ័ស ហើយ​លែង​ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ទៀតហើយ​” ខណៈ​លោក ស្គ្រី​ប៉ាល់ វ័យ ៦៦ ឆ្នាំ​នៅតែ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​នឹងនរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ (​ឆ្វេង​) លោក​ស្គ្រី​ប៉ាល់ (​កណ្តាល​) និង លោកពូ​ទីន