រុស្ស៊ី​សន្យា​ជំរុញ​ការហោះហើរ​ត្រង់​មក​កម្ពុជា​និង​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​កម្ពុជា​ឱ្យបាន​ច្រើន​

175
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​រុស្ស៊ី​ដែលជា​ប្រទេស​ធំ​ជាង​នៅ​គេ​លើ​ពិភពលោក​នោះបាន​ទទួល​សំណើរ​ក្នុង​ការជួយ​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​និង​សហការ​ជាមួយ​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​ក្នុងប្រទេស​របស់ខ្លួន​។​សំដៅ​រុញ​កំណើន​ទេសចរ​រុស្ស៊ី​និង​ទេសចរ​មកពី​ប្រទេស​ទី​បី ឱ្យមក​ទស្សនា​កម្ពុជា​កា​ន់​តែ​ច្រើន​។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ប្រតិភូ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ដោយ​លោក ឌី​មី​ទ្រី ស្វឺ​ត​ខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការក្រសួង នា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​កម្ពុជា​មិនទាន់មាន​ការហោះហើរ​ត្រង់​ទៅកាន់​រដ្ឋធានី​មូ​ស្គូ​ឬ​ទីក្រុង​ណាមួយ​នៅ​ចុង​បូព៌ា​របស់​រុស្ស៊ី​មកកាន់​កម្ពុជា​នៅឡើយ​ទេ​។​ដូច្នេះហើយ​បានជា​លោក​រដ្ឋមន្ត្រី​ថោង​ខុន​ស្នើ​ទៅកាន់​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ធ្វើយ៉ាងណា​ជំរុញឱ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​(Vladivostok)​។​ឬ​ពី​ទីក្រុង​ណាមួយ​របស់​រុស្សី​មកកាន់​កម្ពុជា​ដែលមាន​រយៈ​ចម្ងាយ​ខ្លី​ជាង​មកពី​មូ​ស្គូ​ដើម្បី​ជំរុញ​កំណើន​ទេសចរ​រុស្ស៊ី​ឱ្យមក​កម្ពុជា​កាន់តែច្រើន​។​

​រុស្ស៊ី​បានទទួល​យក​នូវ​សំណើ​ទាំងនេះ​យ៉ាង​ពេញចិត្ត​។​ប៉ុន្តែ​ក៏បាន​ស្នើ​មក​កម្ពុជា​វិញ​ដែរ​គឺ​សូម​សហការ​ជាមួយ​រុស្ស៊ី​ឱ្យបាន​ជិតស្និទ្ធ ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ​ដំណើរការ​ទៅ​ប្រកបដោយ​ផ្លែផ្កា​។​លោក​រដ្ឋមន្ត្រី​បានស្នើ​រុស្ស៊ី​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី ព្រមទាំង​ស្នើឱ្យ​ជួយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ​រុស្ស៊ី​ផងដែរ​។​

​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ថោង​ខុន​បានស្នើ​ភាគី​រុស្ស៊ី​រៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​ក​សិ​ទេសចរណ៍​(FarmTrip)​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ប្រតិភូ​និង​អ្នកសារព័ត៌មាន​មកពី​រុស្ស៊ី​ឱ្យបាន​២​ដង​ក្នុង​មួយឆ្នាំ​។​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ទេសចរណ៍​រុស្ស៊ី​ឱ្យបាន​ច្រើនឡើង​។​

​លោក​រដ្ឋមន្ត្រី​បានស្នើ​ឱ្យ​ភាគី​រុស្ស៊ី​ជួយ​សហការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដំណើរ​កម្សាន្ត​ផ្សេងៗ​នៅ​កម្ពុជា​ឱ្យបាន​ញឹកញាប់​ផងដែរ​។​ក្នុង​ក្របខណ្ឌ​សិក្សាធិការ​រដ្ឋមន្ត្រី​ថោង​ខុន​បាន​ស្នើឱ្យ​រុស្ស៊ី​ជួយ​កម្ពុជា​បណ្ដុះបណ្ដាល​ព​ង្រឹ​ង​សមត្ថភាព​បន្ថែម ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​និយាយ​ភាសា​រុស្ស៊ី ហើយ​រុស្ស៊ី​បាន​ឆ្លើយតប​មកវិញ​ថា​នឹង​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​ជាមួយគ្នា​នោះ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​វប្បធម៌​រុស្ស៊ី​ប្រចាំរាជធានី​ភ្នំពេញ​នឹង​បង្កើតឱ្យមាន​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី​និង​រយៈពេល​វែង​ដល់​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​រុស្ស៊ី​។​

​ទន្ទឹមនឹងនោះ​លោក​ថោង​ខុន​ក៏បាន​លើក​ជា​យោបល់​ដល់​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ក្នុងការ​ពិចារណា​ពង្រីក​វិសាលភាព​ការងារ​របស់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​វប្បធម៌​រុស្ស៊ី​នេះ​គ្របដណ្ដប់​លើ​អាស៊ាន​ទាំងមូល​។​មានន័យថា​អាច​ពង្រីក​ការបណ្ដុះបណ្ដាល​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ភាសា​វប្បធម៌​និង​ទេសចរណ៍​របស់​រុស្ស៊ី​ទៅដល់​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន​ខណៈ​នៅក្នុង​អាស៊ាន​កម្ពុជា​ជា​ប្រទេស​ទទួលបន្ទុក​ផ្សព្វផ្សាយ​វប្បធម៌ និង​ភាសា​រុស្ស៊ី ទៅដល់​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​ផងដែរ​។​

​គួរបញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៨​កន្លងទៅ​កម្ពុជា​ទទួលបាន​ទេសច​រ​រុស្ស៊ី​ប្រមាណ​ជិត​៦៥,០០០​នាក់​។​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៩​នេះ ទេសចរ​រុស្ស៊ី​បានមក​ទស្សនា​កម្ពុ​ជាមាន​ប្រមាណ​ជាង​៣៤,០០០​នាក់​។ ក្នុងចំណោម​តំបន់​អាស៊ាន​ប្រទេស​ថៃ​វៀតណាម​ឥណ្ឌូនេស៊ី​(​ពិសេស​កោះ​បាលី​)​។​

​ជា​ប្រទេស​ទទួលបាន​ទេសចរ​រុស្ស៊ី​ច្រើនជាងគេ​ហើយ​កម្ពុជា​សង្ឃឹមថានឹង​ទទួលបាន​ទេសចរ​រុស្ស៊ី​បន្ថែមទៀត​តាមរយៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​ខេត្តសៀមរាប​និង​តំបន់ឆ្នេរ​ក៏ដូចជា​រាជធានី​ភ្នំពេញ​។​រុស្ស៊ី​ជា​មិត្ត​ចាស់​ជាមួយ​កម្ពុជា​ក្នុង​ទស្ស​វត្ត​ឆ្នាំ​80​ហើយ​ផ្លូវអាកាស​ក៏​ធ្លាប់​ហោះ​ត្រង់​ផ្តល់ជំនួយ​និង​សហ​ប្រតិ​ប​ត្ត​ការ​សេដ្ឋកិច្ច​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយគ្នា​រហូតដល់​ទស្ស​វត្ត​៩០=២០០០៕S/​