រុស្ស៊ី​សាកល្បង​កាំជ្រួច​លឿន​ជាង​សម្លេង ដែល​អាច​បាញ់​ទម្លាក់​សព្វាវុធ​លោកខាងលិច​

940
ចែករម្លែក

​រុស្ស៊ី​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ កាំជ្រួច​ស្ទាក់​កំទេច​ថ្មី​របស់​ខ្លួន ក្នុង​បំណង​រារាំង​ការវាយប្រហារ​របស់​បស្ចិ​មលោក​។

​ទោះ​ជា​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​មិន​បាន​ប្រាប់​ឈ្មោះ​ប្រព័ន្ធ​រ៉ុក្កែត​ដែល​ខ្លួន​បាន​បង្ហាញ​ក្នុង​វីដេអូ​នេះ គេ​ជឿ​ថា​វា​ជា​កាំជ្រួច​ស្ទាក់​កំទេច​លឿន​ជាង​សម្លេង​PRS-1M​ដែល​​អាច​ការពារ​ក្រុង​មូ​ស្គូ​និង​ទីតាំង​យុទ្ធសាស្ត្រ​នានា​នៅក្នុង​តំបន់​ពី​ការវាយប្រហារ​របស់​ក​ង​កម្លាំង​ណា​តូ ឬ​កាំជ្រួច​សត្រូវ​ផ្សេងៗ​។​

​កាំជ្រួច​ស្ទាក់​កំទេច​របស់​រុស្ស៊ី ត្រូវ​បាន​បាញ់​ចេញពី​កន្លែង​ហ្វឹកហាត់​Sary-Shagan​នៅ​កា​ហ្សាក់​ស្ថាន​។​កាំជ្រួច​លឿន​ជាង​សម្លេង​នេះ អាច​បាញ់​ចេញពី​ដី សមុទ្រ​និង​អាកាស​។​​វីដេអូ​បង្ហោះ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី បង្ហាញ​ការត្រៀម​របស់​យាន​ដឹក​កាំជ្រួច​និង​ពេល​ដែល​វា​ត្រូវ​បាន​បាញ់​ចេញពី​ដី ដោយ​បន្សល់​ផ្សែង​និង​ធូលី​មួយ​ជួរ​វែង​ចូលក្នុង​អាកាស​។​

​ក្រសួង​បាន​និយាយថា​«​ការសាកល្បង​មួយទៀត​នៃ​កាំជ្រួច​ស្ទាក់​កំទេច​ថ្មី​របស់​រុស្ស៊ី បាន​ជោគជ័យ​។​ក្រោយ​ការសាកល្បង​ជា​បន្តបន្ទាប់ កាំជ្រួច​ថ្មី​នេះ​វាយប្រហារ​គោលដៅ​ចំៗ​»​។​

​កាំជ្រួច​ថ្មី​នេះ​ជា​ការអភិវឌ្ឍ​មក​ពី​កាំជ្រួច​ចាស់​53T6 ដែល​ហោះ​លឿន​ជាង​ក្បាល​គ្រាប់កាំភ្លើង និង​កើន​ដល់​៣​គីឡូម៉ែត្រ​ក្នុង​១​វិនាទី​ដែល​ធ្វើអោយ​វា​ក្លាយ​ជា​កាំជ្រួច​លឿន​បំផុត​​នៅក្នុង​លោក​។​កាំជ្រួច​កែសម្រួល​ថ្មី​នេះ អាច​ហោះ​៤​គីឡូម៉ែត្រ​ក្នុង​១​វិនាទី​។​

​យោង​តាម​ទូរទស្សន៍​រុស្ស៊ី Russia-24 កាំជ្រួច​ថ្មី​នេះ​នឹង​ត្រូវ​យកទៅ​ដាក់​ពង្រាយ​តាម​ព្រំដែន​រុស្ស៊ី ដើម្បី​រង់ចាំ​ស្វាគមន៍​កាំជ្រួច​របស់​សត្រូវ​៕​ដោយ​៖​វាសនា​

ក្រសួងការពារជាតិ​រុស្ស៊ី បង្ហាញ​ការត្រៀម​របស់​យាន​ដឹក​កាំជ្រួច​និង​ពេល​ដែល​វា​ត្រូវ​បាន​បាញ់​ចេញពី​ដី