រុស្ស៊ី​សំញែង​ឥទ្ធិពល​មី​ស៊ី​ល កាំភ្លើង​ធំ និង​រថក្រោះ​របស់ខ្លួន​ក្នុង​សមយុទ្ធ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​

811
ចែករម្លែក
  • 209
    Shares

​រុស្ស៊ី​កំពុង​បន្ត​បង្ហាញ​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន បន្ទាប់ពី​បាន​ប្រមូលផ្តុំ​ទ័ព ៣០០.០០០ នាក់​និង​រថក្រោះ ៣០.០០០ គ្រឿង ព្រមទាំង​កាំភ្លើង​ធំ​ធុន​ធ្ងន់​ជាច្រើន​ដើម​សម្រាប់​សមយុទ្ធ​រយៈពេល​មួយ​សប្តាហ៍​របស់ខ្លួន​។​

​ដោយមាន​ឈ្មោះថា Vostok-2018 សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ការដួលរលំ​នៃ​សហភាពសូវៀត​បានចាប់ផ្តើម​នៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី និង​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​អង្គារ​ទី​១១​កញ្ញា​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ផ្សាយ​រូបភាព​កាលពី​ថ្ងៃ​អង្គារ​នៃ​រថក្រោះ រថពាសដែក និង​នាវាចម្បាំង​កំពុងធ្វើដំណើរ ព្រមទាំង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​និង​យន្តហោះ​ចម្បាំង​កំពុង​ហោះហើរ​។​

​នៅក្នុង​វីដេអូ​មួយ កង​ម៉ា​រី​ន​មកពី​កង​នាវាចរណ៍​ខាងជើង​របស់​រុស្ស៊ី​និង​កងពលតូច​អាក់​ទិ​កបាន​ចុះ​ពី​កប៉ាល់​ដ៏​ធំ​មួយ​នៅលើ​ច្រាំង​នៅ​ទល់មុខ​រដ្ឋ​អា​ឡា​ស្កា​របស់​អាមេរិក​។​

​កាលពី​ថ្ងៃ​ពុធ កងទ័ព​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​នៅ​ទីលាន​ហ្វឹកហាត់​ថេ​ឡេ​ម​បា (Telemba) ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៣០ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​ស៊ី​តា​ក្នុង​តំបន់​ស៊ី​បេ​រី​។​

​ប៉ុន្តែ​ការបង្ហាញ​កម្លាំង​ក្នុង​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​ចិន​នេះ​ត្រូវបាន​ថ្កោលទោស​ដោយ​អង្គការ​ណា​តូ​ថា​ជាការ​ហាត់​សម​សម្រាប់ “​ជម្លោះ​ទ្រង់ទ្រាយ​ធំ​” ។​

​ចិន​និង​រុស្ស៊ី​បានធ្វើ​សមយុទ្ធ​រួមគ្នា​កាលពីមុន​ជា​ហូរហែ ប៉ុន្តែ​មិនមែន​ទ្រង់ទ្រាយ​ធំ​បែបនេះ​ទេ ហើយ​ការធ្វើ​សមយុទ្ធ Vostok-2018 បង្ហាញ​ពី​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ក៏ដូចជា​បញ្ជូន​សារ​រំលឹក​ដោយ​មិនចាំបាច់​និយាយ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​មូ​ស្គូ​មានលទ្ធភាព​និង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ការពារ​តំបន់​ដែលមាន​ប្រជាជន​តិចតួច​របស់ខ្លួន​នៅ​ចុង​បូព៌ា​។​

​សមយុទ្ធ Vostok-2018 កំពុង​ធ្វើឡើង ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​លោកខាងលិច​និង​រុស្ស៊ី ហើយ​ណា​តូ​បាន​និយាយថា ខ្លួន​នឹង​ឃ្លាំមើល​សមយុទ្ធ​នេះ​យ៉ាង​យកចិត្តទុកដាក់ ហើយ​សហរដ្ឋអាមេរិក​ដែលមាន​វត្តមាន​យោធា​ច្រើន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏​កំពុង​តាមដាន​ដូចគ្នា​ដែរ​។​

​សមយុទ្ធ​នេះ​ក៏បាន​កើតឡើង​ផងដែរ​ខណៈដែល​លោកពូ​ទីន​បានធ្វើឱ្យ​សង្គ្រាមពាក្យសម្ដី​លើ​ការវាយប្រហារ​ដោយ​ជាតិគីមី​បំផ្លាញ​សរសៃប្រសាទ​ទៅលើ​អតីត​ចារកម្ម​របស់ខ្លួន​នៅ​ទីក្រុង​សាលី​ស្បឺ​រី ដោយ​អះអាងថា គ្មានអ្វី​ជា​បទឧក្រិដ្ឋ​នោះទេ​អំពី​ជនសង្ស័យ​សំខាន់ៗ​របស់​ចក្រភព​អង់គ្លេស​។​

​ប៉ូលិស​និង​រដ្ឋអាជ្ញា​អង់គ្លេស​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ជនសង្ស័យ​ឈ្មោះ អា​ឡិច​សាន់​ឌ័​រ ប៉េ​ត្រូវ និង រូ​ស្លា​ន់ បូ​ស៊ី​រ៉ូ​វ ត្រូវបាន​កំណត់​អត្ត​សញ្ញា​ថា​ជា​សមាជិក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​របស់​រុស្ស៊ី GRU៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​បង្ហាញ​សព្វាវុធ​សាហាវៗ​អំឡុង​សមយុទ្ធ Vostok-2018 រយៈពេល​ពេញ​១​សប្តាហ៍​របស់ខ្លួន