រុស្ស៊ី តួ​ក​គី និង​អ៊ីរ៉ង់ ខកខាន​ក្នុងការ​ព្រមព្រៀងគ្នា​លើ​បទ​ឈប់​បាញ់​នៅ​ខេត្ត​អ៊ី​ដ​លី​ប​របស់​ស៊ី​រី​

566
ចែករម្លែក

​ប្រធានាធិបតី​របស់​តួ​ក​គី អ៊ីរ៉ង់ និង​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​ទី​៧​កញ្ញា បាន​ខកខាន​ក្នុងការ​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​គ្នា​មួយ ដែល​នឹង​ទប់ស្កាត់​ការវាយលុក​របស់​រដ្ឋា​ភិ​បាល​ស៊ី​រី​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ដែល​អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​ថា​អាច​បង្កឱ្យមាន​គ្រោះមហន្តរាយ​មនុស្សជាតិ​ពាក់ព័ន្ធ​នឹង​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​។​

​លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន របស់​តួ​ក​គី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន របស់​រុស្ស៊ី និង លោក ហាស​សាន់ រូ​ហា​នី របស់​អ៊ីរ៉ង់ ដែល​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​ដើរតួនាទី​សំខាន់​នៅក្នុង​សង្គ្រាម​ស៊ី​រី​នោះ បាន​យល់ស្រប​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​ថា គ្មាន​ដំណោះស្រាយ​យោធា​ចំពោះ​ជម្លោះ​ទេ ហើយ​ជម្លោះ​អាច​បញ្ចប់​បាន​ទាល់តែ​តាមរយៈ​ដំណើរការ​ចរចា​ខាង​នយោបាយ​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ខណៈដែល​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​ស៊ី​រី​និង​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​តាម​អាកាស​នៅក្នុង​ខេត្ត​អ៊ី​ដ​លី​ប កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នៅក្នុង​ការបើកផ្លូវ​មួយ​ដែល​អាច​នឹង​នាំទៅដល់​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នោះ លោកពូ​ទីន​និង​លោក​រូ​ហា​នី​បាន​ច្រានចោល​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​គ្នា​របស់លោក​អឺ​ដូ​ហ្គែ​ន​។​

​មេដឹកនាំ​តួ​ក​គី​បាន​និយាយថា​គាត់​បារម្ភ​អំពី​ការសម្លាប់​រង្គាល​ហើយ​ប្រទេស​តួ​ក​គី​មិនអាច​ទទួល​ជនភៀសខ្លួន​បន្ថែមទៀត​នៅតាម​ព្រំដែន​របស់ខ្លួន​បានទេ​។​

​លោកពូ​ទីន​បាន​និយាយថា​បទ​ឈប់​បាញ់​គ្នា​នឹង​គ្មាន​ប្រយោជន៍​ទេ​ព្រោះ​វា​មិន​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម ដែល​ខ្លួន​ចាត់ទុកថា​ពួក​ភេរ​វករ​។ លោក​រូ​ហា​នី​បាន​និយាយថា ប្រទេស​ស៊ី​រី​ត្រូវតែ​គ្រប់គ្រង​ឡើងវិញ​លើ​ដែនដី​ទាំងអស់​របស់ខ្លួន​។​

​ខេត្ត​អ៊ី​ដ​លី​ប​គឺជា​មូលដ្ឋាន​រឹងមាំ​សេសសល់​តែមួយគត់​របស់​ក្រុម​ឧទ្ទាម​នានា ហើយ​ការវាយលុក​របស់​រដ្ឋា​ភិ​បាល​ស៊ី​រី​អាច​នឹង​ក្លាយជា​សមរភូមិ​កាត់សេចក្តី​ចុងក្រោយ​ចុង​ក្នុង​សង្គ្រាម​ស៊ី​រី​។​

​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​និង​មូ​ស្គូ​បាន​ជួយ​ដល់​លោក​អាសាដ​បង្វែរ​ទិសដៅ​សង្គ្រាម​វាយបក​ទៅលើ​ក្រុមប្រឆាំង​នានា​វិញ រាប់​ចាប់ពី​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​លោកខាងលិច​រហូតដល់​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ស្លាម ខណៈដែល​តួ​ក​គី​គឺជា​អ្នកគាំទ្រ​ក្រុម​ពួក​ប្រឆាំង​របស់​ស៊ី​រី និង​មាន​ទ័ព​រួចជាស្រេច​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​ការពិភាក្សា​របស់​ពួកគេ​នៅក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​គឺជា​ការកត់សម្គាល់​ដ៏​សំខាន់​មួយ​ក្នុង​សង្គ្រាម​៧​ឆ្នាំ​របស់​ស៊ី​រី​ដែល​បានសម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​និង​បង្ខំ​ឱ្យ​មនុស្ស ១១ លាន​នាក់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

លោក​រូ​ហា​នី លោកពូ​ទីន និង លោក​អឺ​ដូ​ហ្គែ​ន មិនបាន​ព្រមព្រៀងគ្នា​លើ​បទ​ឈប់​បាញ់​នៅ​ខេត្ត​អ៊ី​ដ​លី​បរ​បស់​ស៊ី​រី​ទេ
#