រុស្ស៊ី បញ្ជូន​កាំជ្រួច​S-300 ទៅ​ស៊ី​រី​បន្ទាប់ពី​ការបាញ់​ទម្លាក់​យន្តហោះ​យោធា​របស់ខ្លួន​

3276
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កញ្ញា​បានប្រកាស​វិធានការ​សន្តិសុខ​ថ្មី​ដើម្បី​ការពារ​យោធា​របស់ខ្លួន​នៅ​ស៊ី​រី រួមមាន​ទាំង​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​​ទំនើប​បំផុត​ធុន​S-300 និង​រ៉ា​ដា​រាំង​រលកសញ្ញា​របស់​យ​ន្ត​ហោះ​និង​ផ្កាយរណប​ផង ក្រោយពី​មាន​ឧបទ្វ​វ​ហេតុ​យោធា​ស៊ី​រី​បាញ់​ទម្លាក់​យន្តហោះ​យោធា​រុស្ស៊ី​ដោយ​ច្រឡំ​​កាលពី​សប្តាហ៍​មុន ដែល​រុស្ស៊ី​បន្ទោស​លើ​អ៊ីស្រាអែល​។​

​រដ្ឋមន្ត្រី​ការពារជាតិ សឺ​ហ្គេ សយ​ហ្គូ បាន​និយាយថា ប្រធានាធិបតី​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​អោយ​ចាត់វិធានការ​បន្ថែម​ក្រោយពី​ការ​ជ្រួច​តាំងពី​សម័យ​សូ​វៀត S-200 របស់​​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ើបការណ៍​រុស្ស៊ី​ដោយ​ភាន់ច្រឡំ​កាលពី​សប្តាហ៍​មុន​និង​បានសម្លាប់​ទាហាន​រុស្ស៊ី​១៥​នាក់​។​

​លោក​សយ​ហ្គូ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍​ថា​”​រឿងនេះ​ជំរុញ​អោយ​យើង​ប្រកាន់យក​វិធានការ​ឆ្លើយតប​ដើម្បី​បង្កើន​សន្តិសុខ​របស់​ទា​ហាន​រុស្ស៊ី​។​​រុស្ស៊ី​នឹង​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកា​សទំ​នើ​ប​ធុន​S-300​ទៅអោយ​កងកម្លាំង​ស៊ី​រី​ក្នុង​រយៈពេល​២​សប្តាហ៍​ខាងមុខ​”​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា យោធា​ស៊ី​រី ត្រូវបាន​បង្ហាត់​អោយ​ចេះ​ប្រើ​ប្រព័ន្ធ​S-300​រួច​អស់ហើយ​។​

​វា​ជា​ឧបទ្វ​វ​ហេតុ​បាញ់សម្លាប់​គ្នាឯង​ធំ​បំផុត​រវាង​ស៊ី​រី​និង​អ្នកគាំទ្រ​ខ្លួន (​រុស្ស៊ី​)​ចាប់តាំងពី​អន្តរាគមន៍​យោធា​រុស្ស៊ី​នៅ​ស៊ី​រី​ដើម្បី​គាំទ្រ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី បាស​សា​​អាល់ អាសាត​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា លោកពូ​ទីន​និង​លោក​អាសាត​បាន​ពិភាក្សាគ្នា​អំពី​វិធាន​ការបន្ថែម​នេះ និង​អំពី​ការបញ្ជូន​កា​ជ្រួច S-300​ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​​ពីថ្ងៃ​ចន្ទ​។​

​លោកពូ​ទីន​ក៏បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា​លោក​មិន​យល់ស្រប​នឹង​ការបកស្រាយ​ព្រឹត្តិការណ៍​របស់​អ៊ីស្រាអែល និង​បាន​បន្ទោស​ការធ្លាក់​យន្តហោះ​នេះ​លើ​​យោធា​អ៊ីស្រាអែល​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និ​យាយ​ថា យន្តហោះ​F-16​របស់​អ៊ីស្រាអែល​ដែល​វាយប្រហារ​តំបន់​ឡា​តា​គៀ​នៅ​ស៊ី​រី​ខាងលិច​កាលពី​ថ្ងៃ​ចន្ទ​មុន បាន​ប្រើ​យន្តហោះ​ស៊ើបការណ៍​Il-20​របស់​រុស្ស៊ី​ជា​ខែល ដែលជា​លទ្ធផល​វា​ត្រូវ​កាំជ្រួច​របស់​ស៊ី​រី​។​យោធា​រុស្ស៊ី​ថែមទាំង​អះអាងថា ក្រោម​កិច្ចសហការ​ស្តីពី​ការជូនដំណឹង​អោយ​គ្នា​អំពី​ការវាយប្រហារ​គោលដៅ​​ណាមួយ​នៅ​ស៊ី​រី​នោះ អ៊ីស្រាអែល​បាន​ជូនដំណឹង​មុន​តែ​១​នាទី​មុន​ការវាយប្រហារ និង​ផ្តល់​គោលដៅ​វាយប្រហារ​ខុស​ថែមទៀត​។​ដោយសារតែ​យោធា​អ៊ីស្រាអែល​មាន​​ចេតនា​ដូច្នេះ កងកម្លាំង​អាកាស​រុស្ស៊ី​មិនអាច​រក្សា​អោយ​យន្តហោះ​របស់ខ្លួន​មាន​សុវត្ថិភាព​ទេ​។​

​សូមបញ្ជាក់ថា យោធា​អ៊ីស្រាអែល​កាលពី​សប្តាហ៍​មុន​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ទៅកាន់​ក្រុង​មូ​ស្គូ​ដើម្បី​ពន្យល់​បកស្រាយ​ឧបទ្ទវ​ហេតុនេះ តែ​រុស្ស៊ី​ថា​ការពន្យល់​បក​​ស្រាយ​របស់​អ៊ីស្រាអែល​វា​ខុសគ្នា​ពី​ការសន្និដ្ឋាន​របស់​យោធា​រុស្ស៊ី​ហើយ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​ព្រមាន​ថា​ឧបទ្ទវ​ហេតុនេះ​នឹង​ប៉ះពាល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​៕​ដោយ​៖​វាសនា​

​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកា​សទំ​នើ​ប​បំផុត​របស់​រុស្ស៊ី​នឹងត្រូវ​បញ្ជូន​ទៅកាន់​ស៊ី​រី​