រុស្ស៊ី ឥណ្ឌា និង​អ៊ីរ៉ង់ នឹង​ពិភាក្សាគ្នា​អំពី​ច្រក​ដឹកជញ្ជូន​ថ្មី ដែល​នឹង​ជំនួស​ព្រែកជីក​ស៊ុយ​អេ​

654
ចែករម្លែក

​កាលពីពេល​មុននេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ឥណ្ឌា​លោក ស៊ូ​រ៉េ​ស ប្រា​ប៊ូ បាន​អំពាវនាវ​ឱ្យ​ដាក់​ប្រើប្រាស់​នូវ​ច្រក​ដឹកជញ្ជូន​អន្តរជាតិ​ខាងជើង​-​ខាងត្បូង (INSTC) “​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​”​។ សមត្ថភាព​នៃ​ការប្រតិបត្តិ​ការប៉ាន់ស្មាន​របស់​ច្រក INSTC គឺមាន​ដល់​ទៅ ៣០ លាន​តោន​នៃ​ទំនិញ​ក្នុង​មួយឆ្នាំ​។​

​រុស្ស៊ី ឥណ្ឌា និង​អ៊ីរ៉ង់​នឹង​ជួបប្រជុំគ្នា​នៅ​ចុងខែ​នេះ​ដើម្បី​ពិភាក្សា​ពី​ប្រតិបត្តិការ​នៃ​ច្រក​ដឹកជញ្ជូន​អន្តរជាតិ​ខាងជើង​-​ខាងត្បូង (INSTC) ប្រវែង ៧.២០០ គីឡូម៉ែត្រ ដែល​គេ​មើលឃើញថា​ជា​ជម្រើស “​ថោក​ជាង​និង​ជិត​ជាង​ផ្លូវ​ប្រពៃណី​តាមរយៈ​ព្រែកជីក​ស៊ុយ​អេ​”​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ង់ Press TV​។​

​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ឥណ្ឌា​បានចាត់ទុក​ច្រក INSTC ជា “​ផ្លូវ​ដឹកជញ្ជូន​ចម្រុះ​បែប​ដ៏​ខ្លី​បំផុត ដែល​ត​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា​និង​ឈូង​សមុទ្រ​ពែ​ក្ស​តាមរយៈ​អ៊ីរ៉ង់​ទៅកាន់​រុស្ស៊ី​និង​អឺរ៉ុប​ខាងជើង​”​។​

​គម្រោង​ថ្មី​នេះ​នឹង​ពាក់ព័ន្ធ​ទាំង​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​និង​ផ្លូវទឹក​។ ទំនិញ​របស់​ឥណ្ឌា​នឹងត្រូវ​បញ្ជូនទៅ​ទីក្រុង​បាន់​ដា​អាប់​បាស់​របស់​អ៊ីរ៉ង់​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ហើយ​បន្ទាប់មក​ដឹក​ទៅកាន់​ទីក្រុង​បាន់​ដា​អាន​ហ្សា​លី​របស់​អ៊ីរ៉ង​ក្បែរ​សមុទ្រ​កាស​ព្យែ​ន ដែល​ចាប់ពី​ត្រង់នោះ ទំនិញ​នឹងត្រូវ​បញ្ជូន​ឆ្លងកាត់​សមុទ្រ​កាស​ព្យែ​ន​ទៅកាន់​ទីក្រុង​អា​ស្ត្រា​ខាន់​របស់​រុស្ស៊ី និង​បន្ទាប់មក​ដឹក​តាមផ្លូវ​ដែក​ទៅ​អឺរ៉ុប​។​

​បើ​ប្រៀបធៀប​ទៅនឹង​ព្រែកជីក​ស៊ុយ​អេ ច្រក INSTC នឹង​កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន​រវាង​ទីក្រុង​មុំ​បៃ​របស់​ឥណ្ឌា និង​រដ្ឋធានី​មូ​ស្គូ​របស់​រុស្ស៊ី​ប្រហែល ២០ ថ្ងៃ​។​

​ជាទូទៅ ផ្លូវ​ថ្មី​នេះ​នឹង​កាត់បន្ថយ​ពេលវេលា​និង​តម្លៃ​នៃ​ការដឹកជញ្ជូន​ទំនិញ​ជាង ៤០ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ព្រែកជីក​ស៊ុយ​អេ​។ សមត្ថភាព​ប៉ាន់ប្រមាណ​ប្រចាំឆ្នាំ​របស់​ច្រក INSTC នឹងមាន​ចំនួន​ពី ២០ ទៅ ៣០ លាន​តោន​នៃ​ទំនិញ​។​
​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​គណៈប្រតិភូ​អាជីវកម្ម​របស់​រុស្ស៊ី​នៅ​ទីក្រុង​ញូ​វ​ដេលី​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន លោក ស៊ូ​រ៉េ​ស ប្រា​ប៊ូ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ឥណ្ឌា​បាន​គូសបញ្ជាក់ថា “​បញ្ហា​ទាំងអស់​អាច​នឹង​ត្រូវបាន​ដោះស្រាយ​ដើម្បី​ដំណើរការ​ច្រក INSTC ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​”​។​

​ការដឹកជញ្ជូន​សាកល្បង​២​លើកដំបូង​តាមរយៈ​ច្រក​ដឹកជញ្ជូន​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ខែសីហា​ឆ្នាំ ២០១៤ និង​ខែមេសា​ឆ្នាំ ២០១៧៕ ដោយ៖ កញ្ញាដាលីស

ផ្លូវ​ថ្មី​ឆ្លងកាត់​រវាង​ឥណ្ឌា អ៊ីរ៉ង់ និង រុស្ស៊ី អាច​នឹង​ជំនួស​ព្រែកជីក​ស៊ុយ​អេ​ឆាប់ៗ​ខាងមុខ