រុះរើ​ផ្ទះ​១៩​ខ្នង​នៅ​ទល់មុខ​សណ្ឋាគារ សុខា​សៀមរាប ដែល​អះអាងថា​ជា​សំណង់​ខុសច្បាប់​

694

សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​ដែល​រួមមាន ប៉ូលិស ប៉េអឹម អាជ្ញាធរ​អប្សរា​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ប្រមាណ​ជា​១៩​ខ្នង ដែល​ផ្ទះ​ទាំងនោះ​អាជ្ញាធរ​អះអាងថា ជា​សំណង់​ខុសច្បាប់​។​

​ផ្ទះ​ទាំង​១៩​ខ្នង​នេះ ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទល់មុខ​សណ្ឋាគារ​សុខា​សៀមរាប​(​ម្តុំ​អង្គរ​ឃ្យូ​ង​យូ​) ហើយ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ចម្រុះ រុះរើ​នា​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​រុះរើ​សំណង់​ទាំង​១៩​ខ្នង​ផ្ទះ​នោះ បាន​ឲ្យ​ដឹងថា ពួកគាត់​ធ្វើឡើង​តាម​បញ្ជា​ថ្នាក់លើ និង​តាម​សេចក្តីជូនដំណឹង​របស់​សាលាក្រុង​សៀមរាប លេខ​១៨៥/១៧/​សជណ​.​ចុះ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៧ ចុះហត្ថលេខា​ដោយ​លោក​សូរ ប្លា​តុង អភិបាលក្រុង​។​

​សេចក្តីជូនដំណឹង​លេខ​១៨៥/១៧/​បញ្ជាក់ថា ក្នុង​រយៈពេល​ចុងខែ​ឧសភា​និង​ដើមខែ​មិថុនា​២០១៧ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ចូលទៅ​កាន់កាប់​ដាំ​ដំណាំ និង​សាងសង់​សំណង់​ខុសច្បាប់​លើដី​សាធារណៈ​របស់​រដ្ឋ​(​អតីត​ដី​ផ្លូវ​ប្រព​ន្ធ័​ការពារ​) ដែលមាន​ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​៤០០​ម៉ែត្រ​។ ហេតុដូច្នេះ​ត្រូវ​រុះរើ​ដោយ​ខ្លួនឯង​ជា​កំហិត​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧ បើ​ពុំ​នោះទេ​រដ្ឋបាល​ក្រុង​នឹង​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​។​

​ក្នុងពេល​សមត្ថកិច្ច​ដាក់ពង្រាយ​កម្លាំង​ព​ទ្ធ័​ជុំវិញ​កន្លែងកើតហេតុ ដើម្បី​រុះរើ​សំណង់​ទាំងនោះ ក្រុម​ពលរដ្ឋ​ពុំបាន​ប្រមូល​ផ្តុំគ្នា ដើម្បី​តវ៉ា​នោះទេ គឺមាន​ត្រឹមតែ​ជាង​១០​នាក់ ឈរ​លើក​រូបថត​សម្តេច​ទាំងពីរ​ស្រែក​សុំ​ក្តីមេត្តា​ប៉ុណ្ណោះ​។ ពួកគាត់​(​ពលរដ្ឋ​)​លើកឡើងថា ខំ​សន្សំ​លុយ​បាន​តិចតួច​មក​ទិញ​ដី​ខាងលើ​ជាង​១០​ឆ្នាំ​មកហើយ គឺ​តាំងតែ​ដី​នោះ​តម្លៃថោកៗ ដែល​តំបន់​នោះ​មិនទាន់មាន​អប្សរា​មក​ម្លេះ​។ ពេលនេះ​អាជ្ញាធរ​មក​រុះរើ​ផ្ទះ​របស់​ពួកគាត់​អស់ ខាត​ទាំង​លុយ​ធ្វើ​ផ្ទះ​អស់ទាំង​ដី​ទៅទៀត​។​

​ក្នុងពេល​ជាមួយគ្នា​នោះ ក៏មាន​មន្ត្រី​នៃ​មន្ទីរ​អធិការកិច្ច​របស់​ខេត្ត​៣​ទៅ​៤​នាក់ មាន​ឯកសារ​មួយចំនួន​មក​បង្ហាញ​ដល់​ក្រុមអ្នកកាសែត​ថា ដី​នេះ​ក្រុម​ពលរដ្ឋ​ទាំងនោះ​កំពុង​ស្នើសុំ​ទៅ​សម្តេច​តេ​ជោ ធ្វើជា​ប្រទានកម្ម​កម្មសិទ្ធិ​រួចហើយ ហើយ​ពេលនេះ​តុលាការ​ក៏បាន​ចេញ​ដីការ​រក្សា​ការពារ​ផងដែរ​។​ចុះ​ហេតុ​អី​ក៏​ត្រូវបាន​ចុះ​រើ​បែបនេះ​ទៅវិញ​។ ប៉ុន្តែ​ជា​អកុសល មន្ត្រី​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច បណ្តេញ​ឲ្យ​ចេញពី​កន្លែងកើតហេតុ ដោយ​បញ្ជាក់ថា ពួកគេ​មករា​រាំង​ការងារ​សមត្ថកិច្ច​។​

​នៅ​ទីបញ្ចប់ ក្រុម​សមត្ថកិច្ច​បាន​រុះរើ​សំណង់​ទាំង​១៩​ខ្នង​ផ្ទះ​ដោយ​ជោគជ័យ​៕ ដោយ​៖ អង្គរតូច​

សកម្មភាព​រុះរើ​សំណង់ផ្ទះ​ទាំង​១៩​ខ្នង របស់​សមត្ថកិច្ច​ខេត្តសៀមរាប (​រូប​៖ អង្គរតូច​)