រូ​នី​ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ ត្បិត​គ្រូបង្វឹក​ជម្រើសជាតិ​កោះ​ហៅចូល​ក្រុម​វិញ​

757
ចែករម្លែក

​កីឡាករ​ស៊ុត​ច្រើន​បំផុត​របស់​ជម្រើសជាតិ​អង់គ្លេស វេន រូ​នី បានប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​២៣ សីហា​ថា គាត់​នឹង​ចូល​និវត្ត​ពី​បាល់ទាត់​អន្តរជាតិ​ដោយ​ចូល​ជា​ធរមាន​ភ្លាមៗ បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក ហ្គា​រ៉េត សោ​វ​ហ្គេ​ត ព្យាយាម​កោះហៅ​គាត់​ចូល​ក្រុម​ជម្រើសជាតិ​វិញ​។

​កីឡាករ​អាយុ ៣១ ឆ្នាំ ដែល​ស៊ុត​ចូល ៥៣ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១១៩ លើក​សម្រាប់​ប្រទេស​របស់គាត់ បាន​ប្រា​ប់លោក​សោ​វ​ហ្គេ​ត​អំពី​ការសម្រេចចិត្ត​របស់គាត់ អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​អង្គារ​ទី​២២​សីហា​។​

​លោក​សោ​វ​ហ្គេ​ត​បាន​តេ​ទៅ​រូ​នី ដែល​បាត់បង់​ទាំង​តំណែង​ប្រធាន​ក្រុម​ជម្រើសជាតិ និង ទីបំផុត​កន្លែង​របស់​គាត់​នៅក្នុង​ក្រុម​បិសាច​ក្រហម ខណៈ​រូបគាត់​ក្លាយជា​កីឡាករ​និមិត្តរូប​ឥត​បានការ​ក្រោម​ការដឹកនាំ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ នៅ Manchester United រដូវ​កាល​មុន​នោះ ដើម្បី​អបអរ​គាត់​ចំពោះ​ការលេង​ដ៏​ល្អ​ដើមរដូវ​កាល​នេះ​សម្រាប់​ក្លិប​ថ្មី Everton​។​

​រូ​នី មើលទៅ​លេង​ល្អ​ឡើងវិញ និង​រីករាយ​ជាខ្លាំង ដោយ​ស៊ុត​ចូល​ទាំងពីរ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League មកទល់​ឥឡូវនេះ ចាប់តាំងពី​គាត់​ចុះហត្ថលេខា​ឡើងវិញ​សម្រាប់​ក្លិប​ចាស់​របស់គាត់ ដែល​ជួយ​បណ្តុះ​ទេពកោសល្យ​របស់គាត់​កាល​នៅ​ជា​យុវជន មុនពេល​គាត់​ចាក​ចេញទៅ​ក្រុម​បិសាច​ក្រហម Manchester United​។

​រូ​នី និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្ញើ​ទៅ​ទំព័រ​កីឡា​របស់​កាសែត AP ថា “​វា​ពិតជា​អស្ចារ្យ​ដែល​លោក ហ្គា​រ៉េត សោ​វ​ហ្គេ​ត តេ​មក​ខ្ញុំ​សប្តាហ៍​នេះ ដើម្បី​ប្រាប់​ខ្ញុំ​ថា គាត់​ចង់បាន​ខ្ញុំ​ត្រឡប់​ទៅ​ក្រុម​ជម្រើស​អង់គ្លេស​វិញ​សម្រាប់​ការប្រកួត​នាពេលខាងមុខ​។ ខ្ញុំ​ពិតជា​អរគុណ​ណាស់​សម្រាប់​ការកោះហៅ​ចូល​ជម្រើសជាតិ​វិញ​”​។

“​ដោយបាន​គិត​ជា​យូរ​និង​ដ៏​លំបាក ខ្ញុំ​បាន​ប្រាប់​ហ្គា​រ៉េត​ថា ឥឡូវ​ខ្ញុំ​បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ជា​រៀងរហូត​ពី​បាល់ទាត់​អន្តរជាតិ​ហើយ​។ វា​ពិតជា​ការសម្រេចចិត្ត​ដ៏​លំបាក​បំផុត និង​ជាការ​សម្រេចចិត្ត ដែល​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​គ្រួសារ​ខ្ញុំ អ្នកចាត់ការ​ខ្ញុំ​នៅ Everton (​រ៉ូ​ណា​ល់ ខូ​មែន​) និង អ្នក​ដែល​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ​”​។

“​លេង​ឱ្យ​ជម្រើសជាតិ​អង់គ្លេស តែង​ជា​រឿង​ពិសេស​បំផុត​សម្រាប់​ខ្ញុំ​។ គ្រប់​ពេលដែល​ខ្ញុំ​ត្រូវបាន​សម្រិតសម្រាំង​ជា​កីឡាករ ឬ ប្រធាន​ក្រុម គឺ​ពិតជា​ពិសេស​បំផុត ហើយ​ខ្ញុំ​សូម​អរគុណ​គ្រប់គ្នា ដែល​បាន​ជួយ​ខ្ញុំ​កន្លងមក​។ ប៉ុន្តែ​ខ្ញុំ​ជឿថា ឥឡូវនេះ​ជា​ពេល​ត្រូវ​ចូលនិវត្តន៍​ហើយ​”​។

​រូ​នី ដែល​ជាប់​ជា​ប្រធាន​ក្រុម​អង់គ្លេស​ច្រើនជាងគេ និយាយថា បំណង​តែមួយគត់​របស់គាត់​ក្នុង​បាល់ទាត់​ឥឡូវនេះ​គឺ​ធានា​ឱ្យ​ក្រុម Everton ឈ្នះ​ពានរង្វាន់​។

​គួរ​បញ្ជាក់ថា រូ​នី​ទើបតែ​បាន​ស៊ុត​ចូល ២០០ គ្រាប់​តាម​ទាន់​កំណត់ត្រា​របស់​អា​ឡាន់ សៀរ​រ័​រ ក្នុងនាម​ជា​អ្នក​ស៊ុត​ចូល​ច្រើន​បំផុត​នៅ Premier League ហើយ​វា​កាន់តែ​ពិសេស​នៅពេល​គាត់​ស៊ុត​គ្រាប់​ទី ២០០ ជាមួយ​ក្រុម​គូប្រជែង​របស់​បិសាច​ក្រហម គឺ Man City៕ ដោយ៖ កញ្ញាដាលីស

វេន រូ​នី