រួមគ្នាលុបបំបាត់ការផ្សព្វផ្សាយនិងចែកចាយរូបភាពផ្ទុយពី​បច្ចុប្បន្នភាពក្នុងតំបន់អង្គរ ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍

162
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំអភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ រហូតបានក្លាយជាគោល​ដៅ​ទេសចរណ៍ដ៏ធំមួយក្នុងសកលលោក និងទទួលបានចំណាត់ថ្នាក់លេខមួយជាគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។នេះគឺជាការបញ្ជាក់អោយដឹងពី លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កាលពីព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា តាមរយៈវិស័យអភិរក្សបេតិកភណ្ឌនិងវិស័យទេសចរណ៍វប្បធម៌ រមណីយដ្ឋានអង្គរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ដ៏ឧត្តុងឧត្តមទាំងផ្ទាល់និងប្រយោលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាពិសេសផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

ផ្ទុយទៅវិញ កន្លងមកនេះមានការផ្សព្វផ្សាយ និងចែករំលែករូបភាពពុំស្តែងចេញអំពីបច្ចុប្បន្នភាពនៃតំបន់រមណីយដ្ឋានអង្គរទៅក្នុងបណ្តាញព័ត៌មានសង្គមដែលសកម្មភាពទាំងនោះខុសពីការពិតទៅនឹងអ្វីដែលអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នកំពុងបំពេញយ៉ាងសស្រាក់សស្រាំ។ លើសពីនេះ ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពបែបនេះអាចបង្កឱ្យភ្ញៀវទេសចរមានការយល់ច្រឡំ និងគិតមិនល្អក្នុងការសម្រេចចិត្តជ្រើសរើសមកទស្សនានៅកម្ពុជានិងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំថ្ងៃលើកិច្ចការលើកកម្ពស់បរិស្ថានឱ្យមានភាពបៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រណីត ការទប់ស្កាត់អ្នកលក់ដូរនៅលើវាលស្មៅតាមកសិន្ធុអង្គរវត្ត ការរៀបចំចំណតយានយន្ត ការធ្វើផ្លូវកង់ ការស្ថាបនានិងថែទាំផ្លូវថ្នល់ក្នុងឧទ្យានអង្គរ។ល។ កិច្ចការទាំងនេះ គឺក្នុងបំណងបម្រើដល់សេវាកម្មទេសចរណ៍និងលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។

លោក ឡុង កុសល ក៏បានបញ្ជាក់ទៀតថា ការប្រើប្រាស់រូបភាពដែលពុំឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងបច្ចុប្បន្ន ពុំមែនជារឿងល្អប្រសើរទេ។ ដូច្នេះ សូមសាធារណជនប្រើប្រាស់រូបភាពនិងខ្លឹមសារដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាក់ស្តែងនៃតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសកម្មភាពដែលអាជ្ញាធរជាតិអប្សរាបានធ្វើនាបច្ចុប្បន្ននេះ ដូចជាការរៀបចំចំណត ការដាំស្មៅ ដាំផ្កា ដាំដើមឈើ។ល។ ដើម្បីរឹតតែទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់រមណីយដ្ឋានអង្គរកាន់តែកើនឡើងមិនខាន។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាលុបបំបាត់ការផ្សព្វផ្សាយនិងចែកចាយរូបភាពមិនមែនបច្ចុប្បន្នភាពអំពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីបំផុសនិងផ្សព្វផ្សាយរូបភាពល្អៗ និងភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ៕B/