រួមគ្នា​ឆ្លើយតប​ចំពោះ​តម្រូវការ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជា​ចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល​

485
ចែករម្លែក

ដោយ​: បូកគោ​
​កំពត​:
លោក​អភិបាលរង​ខេត្តកំពត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​តា​កែន ស្រុក​ឈូក បាន​បញ្ជាក់ថា ការរួម​គ្នា​តាម​លទ្ធភាព​ឈានទៅ​ឆ្លើយតប ចំពោះ​តម្រូវការ​ក្នុង​មូលដ្ឋាន​ជាគោលការណ៍ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ដើម្បី​ប្រគល់ជូន​ថ្នាក់ក្រោម​ដោះស្រាយ​ក្តី​លំបាក និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​ចូលរួម​ពិសា​នំ​បញ្ចុក​សាមគ្គី​ជាតិ និង​ប្រគល់​ស្ពានបេតុង​ឆ្លង​អូរ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ចម្ការមន ឃុំ​តា​កែន ស្រុក​ឈូក កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ លោក ស៊ឹម វុ​ទ្ធា អភិបាលរង​ខេត្តកំពត​បាន​មាន ប្រសាសន៍ថា ការរួម​គ្នា​តាម​លទ្ធភាព​ឈានទៅ​ឆ្លើយតប​ចំពោះ​តម្រូវការ​ក្នុង​មូលដ្ឋាន​ជាគោលការណ៍​ដែល​រាជ រដ្ឋាភិបាល​បានដាក់​ចេញ​ដើម្បី​ជូន​ថ្នាក់ក្រោម​ចូលរួម​ដោះស្រាយ​ក្តី​លំបាក និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ជារឿយៗ អភិបាលខេត្ត ក៏ដូចជា​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពត​តែង​ក្រើនរំលឹក​ដល់​សមាជិក​ឱ្យ​យកចិត្តទុកដាក់​ក្នុង​ការចុះ​មូលដ្ឋាន​ដើម្បី​ស្តាប់​ពី​តម្រូវការ​ផ្សេងៗ​។ ក្នុងករណី សមាជិក​ក្រុម​ណាមួយ​មានលទ្ធភាព​អាចឆ្លើយតប​សំណូមពរ​ដែល​បងប្អូន​បានលើកឡើង នោះ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។

​លោក​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​តា​កែន​បាន​បន្តថា ដោយ​មើលឃើញ​នូវ​ការលំបាក​របស់​ប្រជាជន​ក្នុងភូមិ​ចម្ការមន ឃុំ​តា​កែន សមាជិក​ក្រុមការងារ ព្រមទាំង​សប្បុរសជន​នានា​បានរួម​គ្នា​ស្ថាបនា​ស្ពាន​បេ​តុ​ឆ្លង​អូរ​មួយ​ខ្សែ និង​ប្រគល់ជូន​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​តរៀង​ទៅ​។ នេះ​ជាការ​អនុវត្តតាម​គោលការណ៍​រាជ​រដ្ឋ​ភិ​បាល​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។

​ជាមួយ​សមិទ្ធផល​ថ្មី​សន្លាង​នេះ លោក អ៊ូ ញ៉ កសិករ​រស់នៅ​ភូមិ​ចម្ការមន ឃុំ​តា​កែន ស្រុក​ឈូក បាន​រៀបរាប់ថា ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ទាំងមូល មានការ​លំបាក​ជា​យូ​មកហើយ​លើ​បញ្ហា​ផ្លូវ និង​ស្ពាន​សម្រាប់​ធ្វើដំណើរ ពិសេស​រៀងរាល់រ​ដូរ​វស្សា​។ នៅពេល​បាន​ផ្លូវ និង​ស្ពាន​ដ៏​ល្អ​នេះ គ្រប់ៗ​គ្នា​ពិតជា​មាន​សេចក្តី​រីករាយ​ណាស់ សេដ្ឋកិច្ច​នឹង​រីកចម្រើន​មិន​ខាន​។ កសិករ​ដដែល​បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​ទៅ បើ​ចង់​លក់​ដូង ស្រូវ ឬ​កសិផល​ផ្សេងៗ​នោះ​នឹងមាន​ឈ្មួញ​មកដល់​ផ្ទះ​តែម្តង​។ ម្យ៉ាងទៀត អ្នកលក់ដូរ​ទំនិញ​នានា​ក៏​គេ​អាច​មកដល់​ភូមិដ្ឋាន​ដោយ​មិន​ពិបាក​ទៀតឡើយ​៕ ល​